ជាតិ
ពីនេះ ពីនោះ
ខ្ទីង​មាន​ទម្ងន់៥០០-១០០០គីឡូក្រាម និង​មាន​កម្ពស់២ម៉ែត្រ
17, Jan 2015 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
 ភិនភាគ៖ ខ្ទីង​មាន​មាឌធំ ខ្លួន​ខ្មៅ បូក​ក្រាស់ លាតសន្ធឹង​រហូតដល់​ស្ទើរ​ពាក់កណ្តាល​ខ្នង។ ក​ខ្លី​បន្តិច រាង​មាំ​ដោយមាន​បូរ​នៅ​ផ្នែក​ខាងក្រោម។ ជើង​ទាំង​បួន​ចាប់ពី​ជង្គង់​ចុះក្រោម​ពណ៌​ប្រផេះ។ នៅលើ​ថ្ងាស​មាន​រោម​វែង​ពណ៌​ប្រផេះ ឬ​ពណ៌​លឿង​មាស​ស្រាល។ កូន​របស់​វា​មាន​ពណ៌​ត្នោត​រហូតដល់​វា​មាន​អាយុ​ពី៤-៥ខែ ទើប​ក្លាយទៅជា​ពណ៌​ខ្មៅ។


ខ្ទីង​ញី​មាន​មាឌ និង​ស្នែង​តូច​ជាង​ឈ្មោល ហើយ​ពុំ​សូវ​មាន​បូក និង​បួរ​ដូច​ខ្ទីង​ឈ្មោល​ទេ។ ប្រជាជន​ដែល​រស់​នៅតាម​តំបន់​ព្រៃភ្នំ​ច្រើន​ហៅ​ឈ្មោះ​សត្វ​នេះ​ថា “ខ្ទីង​ភ្នំ” ។

ស្នែង​ខ្ទីង​មាន​រាង​សំប៉ែត​ជាង​ស្នែងទន្សោង ហើយ​ដុះ​មក​ពណ៌​ប្រផេះ​ខៀវ​ផ្នែក​គល់ ដុះ​ចេញ​ក្រៅ​រួច​កោង​ឡើង​ទៅលើ​ដូច​ទន្សោង​ដែរ។ ខ្ទីង​មាន​ទម្ងន់​ពី៥០០-១០០០គ.ក។ ខ្ទីង​ឈ្មោល​ពេញវ័យ​មាន​កម្ពស់១,៨៥ម៉ែត្រ និង​ញី ១,៦០ម៉ែត្រ។ ខ្ទីង​ឈ្មោល​មាន​កម្ពស់​ខ្ពស់បំផុត​រហូតដល់ ២ម៉ែត្រ។

ជីវសាស្ត្រ៖ ខ្ទីង​អាច​រស់​នៅបាន​ពី​តំបន់​ទំនាប​រហូតដល់​រយៈកម្ពស់២០០០ម (តំបន់​ខ្ពង់រាប និង​ជួរ​ភ្នំក្រវាញ)។ ខ្ទីង​រស់នៅក្នុង​ព្រៃស្រោង ព្រៃ​ល្បោះ វាលស្មៅ និង​អាច​រស់នៅ​រយៈកម្ពស់​ខ្ពស់ជាង​ទន្សោង។ ជាធម្មតា​ខ្ទីង​ចេញ​រកស៊ី នៅពេល​ព្រឹង និង​ពេល​ល្ងាច។ វា​ចូលចិត្ត​រស់នៅ​ជា​ហ្វូង។ អាហារ​របស់​វា​គឺ ល្បះ​ខ្ចី ទំពាំង ស្មៅ និង​វ​ល្លិ៍​ជាដើម។ ខ្ទីង​ញី​អាចបង្កើត​កូន​បាន១បន្ទាប់ពី​ពពោះ​រយៈពេល៩ខែ។

រប៉ាយ​រស់នៅ៖ ខ្ទីង​ជា​ប្រភេទ​សត្វ​មួយ​ដែល​ទទួលរង​នូវ​ការគំរាមកំហែង​យ៉ាងខ្លាំង ហើយ​ចំនួន​របស់​វា​មានការ​ថយចុះ​គួរ​ឲ្យ​ព្រួយបារម្ភ។ ខ្ទីង​រស់នៅក្នុង​តំបន់​មួយចំនួន​ដូចជា ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង ខេត្តកោះកុង ពោធិសាត់ (ជួរ​ភ្នំក្រវាញ) និង​កំពង់ស្ពឺ​ជាដើម។ រប៉ាយ​របស់​ប្រភេទ​នេះ​មាននៅ​ប្រ​ទេ​ឥណ្ឌា រហូតដល់​អាស៊ីអាគ្នេយ៍។

ស្ថានភាព​អភិរក្ស៖ ខ្ទីង​ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ ប្រភេទ​នេះ​មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប គេ​កម្រ​ឃើញ​វា​មាន​រស់​នៅតាម​វាលទំនាប​ណាស់ ព្រោះ​សត្វ​នេះ​មិន​ចូលចិត្ត​កម្តៅថ្ងៃ​យូរពេក​នោះទេ។ សត្វ​ខ្ទីង​កំពុង​ប្រឈមមុខ​នឹង​ការរង​គ្រោះថ្នាក់​ដោយសារ​ការបាត់បង់​ទីជម្រក​រស់នៅ ការ​បរបាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង និង​ការជួញដូរ។

ប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជាស​កល។ សត្វ​ខ្ទីង​ស្ថិតនៅក្នុង​ឧបសម្ព័ន្ធ​ទី១ នៃ​អនុសញ្ញា​សាយ​តេស៕



© រក្សាសិទ្ធិដោយ thmeythmey.com