ជាតិ
សង្គមជាតិ
៥សំណួរ​ជុំវិញ​ស្ត្រី​ខ្មែរឥស្លាម​និង​ការប្តូរ​ផ្នត់គំនិត​របស់​ឪពុកម្តាយ
16, Apr 2015 , 8:00 am        
រូបភាព
លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ
លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ កាលពី​សម័យ​ដើម ស្ត្រី​ខ្មែរឥស្លាម​មិន​ខុសពី​ស្ត្រី​ខ្មែរ​នោះទេ។ សង្គម​មិន​ឲ្យ​តម្លៃ ក្នុងនោះ​ទាំង​ការសិក្សា និង​ការងារផ្សេង។ បច្ចុប្បន្ន ស្ត្រី​ឥស្លាម​មានការ​ផ្លាស់ប្តូរ។ ស្ត្រី​ខ្មែរឥស្លាម​រាប់រយ​នាក់ បាន​សិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ អនុបណ្ឌិត និង​បណ្ឌិត ទាំង​នៅក្នុង​និង​ក្រៅប្រទេស។ តើ​មាន​កត្តា​អ្វីខ្លះ ដែល​រួមចំណែក​អភិវឌ្ឍ​សហគមន៍​ខ្មែរឥស្លាម ពិសេស​ស្ត្រី​ខ្មែរឥស្លាម? ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​រវាង​អ្នកសារព័ត៌មានថ្មីៗ និង​លោកស្រី ម៉ាត់ ម៉ា​រ៉ា។ លោកស្រី ម៉ាត់ ម៉ា​រ៉ា គឺជា​ស្ត្រី​ខ្មែរឥស្លាម​មួយរូប ដែលមាន​តួនាទី​ជា​រដ្ឋលេខាធិការ​នៅ​ក្រសួង​អភិវឌ្ឍ​ជនបទ។ លោកស្រី បាននិងកំពុង​ធ្វើការ​ងារ​ជាច្រើន ក្នុង​ការជួយ​សហគម​ន៍​ខ្មែរឥស្លាម នាពេល​កន្លងមក។


អ៊ី​សា រ៉​ហា​នី៖ បច្ចុប្បន្ន​លោកស្រី មើលឃើញ​ពី​ការផ្លាស់ប្តូរ​អ្វីខ្លះ​សម្រាប់​ស្ត្រី​ខ្មែរឥស្លាម?

ម៉ាត់ ម៉ា​រ៉ា៖
សព្វថ្ងៃ ខណៈដែល​ប្រទេសជាតិ​រីកចម្រើន ទន្ទឹមនឹងនោះ អ្វីៗក៏​ផ្លាស់ប្តូរ​ទៅតាម​ហ្នឹង​ដែរ។ យើង​មាន​ស្ត្រី​ខ្មែរឥស្លាម​នៅ​ជួរ​រដ្ឋាភិបាល មាន​ថ្នាក់​រដ្ឋលេខាធិការ (២រូប) អនុរដ្ឋលេខាធិការ (១រូប)។ ក្រៅពីនោះ នៅ​ថ្នាក់ក្រោម​ជាតិ យើង​មាន​ក្រុមប្រឹក្សាឃុំ មេឃុំ​ជាដើម។ ក្នុងនោះ ស្ត្រី​ខ្មែរឥស្លាម​ជាច្រើន បាន​បន្ត​ការសិក្សា​នៅ​ភ្នំពេញ (ថ្នាក់​បរិញ្ញាបត្រ) មួយចំនួន​បាន​អាហារូបករណ៍​ទៅ​ក្រៅប្រទេស។ ពួកគេ​បានចេញ​ធ្វើការ​នៅតាម​គ្រប់​ស្ថាប័ន មាន​ក្រុមហ៊ុន ធនាគារ អង្គការ សមាគម ខ្លះ​ជា​គ្រូបង្រៀន​ជាដើម។ 

អ៊ី​សា រ៉​ហា​នី៖
សម័យ​ពី​ដើម តើ​ផ្នត់គំនិត​ឪពុកម្តាយ​ចំពោះ​កូនស្រី យ៉ាងណាដែរ?
ម៉ាត់ ម៉ា​រ៉ា៖ យើង​មិន​ខុសពី​សង្គម​ខ្មែរ​ទេ។ កូនស្រី មិន​អនុញ្ញាត​ឲ្យ​រៀនសូត្រ​បាន​ច្រើន ព្រោះ​ឪពុកម្តាយ​សម័យ​ដើម មាន​ផ្នត់គំនិត​ថា «ខ្លាច​កូនស្រី​រៀន​ច្រើន ចេះ​សរសេរ​សំបុត្រ​ស្នេហា»។ នេះ​ជាការ​គិត​ខុស​របស់​ឪពុកម្តាយ និង​មនុស្ស​ចាស់​សម័យ​នោះ ទើប​ធ្វើ​ឲ្យ​ស្ត្រី​មួយចំនួនធំ មិនអាច​ធ្វើ​អ្វី​ជា​ដុំកំភួន​បាន ក្រៅពី​នៅ​មើលថែ​ផ្ទះសម្បែង។

អ៊ី​សា រ៉​ហា​នី៖ មាន​មូលហេតុ និង​ក​តា្ត​សំខាន់​អ្វីខ្លះ ដែល​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ ផ្នត់គំនិត​ការគិត​ចំពោះ​ស្ត្រី​ខ្មែរឥស្លាម?

ម៉ាត់ ម៉ា​រ៉ា៖ កន្លងមក បញ្ហា​យេនឌ័រ យើង​ក៏បាន​បញ្ជ្រាប​ច្រើន​នៅក្នុង​សហគមន៍​ឥស្លាម​ដែរ។  នៅក្នុង​សាសនា ក៏បាន​និយាយ គឺ​ស្ត្រី​មាន​សិទ្ធិ​ស្មើ​ហ្នឹង​បុរស។ យើង​បាន​ផ្លាស់ប្តូរ​ការគិត​របស់​គាត់ ដែលថា «ឲ្យ​កូន​រៀន​ខ្មែរ ក្លាយជា​ខ្មែរ រៀន​ច្រើន​ចេះ​សរសេរ​សំបុត្រ​ស្នេហា»។ យើង​មាន​ក្រុមការងារ​ដែល​ចុះទៅ​មូលដ្ឋាន និង​យក​ភស្តុតាង​នានា បង្ហាញ​ប្រាប់​គាត់ ថា​ការរៀនសូត្រ​ពិតជា​មាន​សារសំខាន់​កម្រិតណា ទាំង​ក្មេងប្រុស ទាំង​ក្មេងស្រី។ មួយទៀត សហគមន៍​ឥស្លាម​មាន​ឳ​កាស​ច្រើន ព្រោះថា​បច្ចុប្បន្ន យើង​មាន​សមាគម និង​អង្គការ​ឥស្លាម​ជាង៨០ ស្ថាប័ន។ តាម​ការសិក្សា​របស់ខ្ញុំ សមាគម និង​អង្គការ​ទាំងនោះ គឺ​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ។ មាន​ទាំង​ការជួយ​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ បើក​សាលារៀន​នៅតាម​មូលដ្ឋាន ឲ្យ​ប្រាក់ខែ​គ្រូបង្រៀន​ឥស្លាម។ល។ ទាំងអស់នេះ គឺ​ដោយសារ​រដ្ឋាភិបាល បាន​បើក​ឳ​កាស​ឲ្យ​មានការ​សប្បុរជន​ពី​ខាងក្រៅ​មក​កម្ពុជា​ជាច្រើន ដូចជា​មកពី​អារ៉ាប់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អាមេរិក​ជាដើម។

អ៊ី​សា រ៉​ហា​នី៖
បច្ចុប្បន្ន​ឃើញថា ស្ត្រី​ខ្មែរឥស្លាម​គឺ​ត្រូវបាន​សង្គម​បើកទូលាយ ដោយ​មិន​រើសអើង​ដូច​ពីមុន​ទេ តើ​លោកស្រី​មើលឃើញ​ការងារ និង​ភាពជោគជ័យ​អ្វីខ្លះ ដែល​ពួកគាត់​ទទួលបាន?

ម៉ាត់ ម៉ា​រ៉ា៖
បច្ចុប្បន្ន​ឃើញថា អាត្រា​ស្ត្រី​ខ្មែរឥស្លាម​បានទទួល​បានការ​អប់រំ​មានការ​កើនឡើង។ មួយចំនួន រៀន​រហូតដល់​ថ្នាក់បណ្ឌិត មានដូចជា ហ្វា​រី​ណា នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មួយទៀត​មកពី​បារាំង។ យើង​និយាយ​ពី​អប់រំ​មាន​ដល់​ប៉ុណ្ណឹង។ យើង​មាន​ស្ត្រី​ជា​វេជ្ជបណ្ឌិត ឫ​ដង់​ទ័​រ មាន​ច្រើន មាន​ទាំង​ក្នុងប្រទេស ខ្លះ​មកពី​ឥណ្ឌូនេស៊ី ហើយ​សុទ្ធ​តែមានវ័យក្មេងៗ ។ ដើមឡើយ​នៅ​សម័យ លន់ ណុល តាម​ដែល​ខ្ញុំ​ក្តាប់បាន គឺ​យើង​មាន​ស្ត្រី​ខ្មែរឥស្លាម​តែ​ម្នាក់​ទេ ដែល​ទៅ​រៀន​ដង់​ទ័​រ​នៅ​បារាំង គាត់​ឈ្មោះ ទាំង រ៉​ហ៊ី​ម៉ះ។ ខ្ញុំ​ក៏​កត់សម្គាល់​ឃើញថា ស្ត្រី​ខ្មែរឥស្លាម​ជាច្រើន បាន​អភិវឌ្ឍន៍​ខ្លួនឯង​ជា​ពាណិជ្ជករ ធ្វើ​ជំនួញ​ពី​បរទេស មាន​ទៅ​ប្រទេស​ម៉ាឡេស៊ី​ជាដើម។ សរុប​មកវិញ បច្ចុប្បន្ន​យើង​មាន​ស្ត្រី​ខ្មែរឥស្លាម​នៅក្នុង​វិស័យ​នយោបាយ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ។ យើង​មាន​ស្ត្រី​ខ្មែរឥស្លាម មានចំណេះដឹង​ខ្ពស់ មួយចំនួន​ក្លាយជា​ពាណិជ្ជកម្ម និង​មួយចំនួន​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន។ ក្នុងនោះ ខ្ញុំ​ក៏មាន​មោទនភាព ដែលមាន​ស្ត្រី​ឥស្លាម​ជាច្រើន កំពុងធ្វើការ​ក្នុង​NGO ឫ​អង្គការ។

អ៊ី​សា រ៉​ហា​នី៖ ក្រៅពី​ភាព​រីកចម្រើន តើ​ស្ត្រី​ខ្មែរឥស្លាម នៅមាន​ចំណុច​ខ្វះខាត​អ្វីខ្លះ​ទៀត ដូចជា​មួយចំនួន តាម​អ្វីដែល​ខ្ញុំ​កត់សម្គាល់​ឃើញថា ពួកគាត់​នៅតែមាន​ភាព​អៀនខ្មាស់​ច្រើន មិន​ក្លាហាន ក្នុង​ការធ្វើការងារផ្សេងៗ ដូច​យុវជន​ខ្មែរ?

ម៉ាត់ ម៉ា​រ៉ា៖
ត្រង់​ហ្នឹងហើយ ទើបថ្មីៗនេះ ខ្ញុំ​បាន​បង្កើត​ក្រុមការងារ​ស្ត្រី​មួយ ដែលជា​ក្រុម​ស្ម័គ្រចិត្ត។ យើង​ក៏​អនុញ្ញាត​ឲ្យ​អ្នក​ដែល​មិនមែនជា​ឥស្លាម​បាន​ចូលរួម​ដែរ។ យើង​បាន​ជជែក​ជាមួយ​ស្ត្រី​ដែល​បាន​ជោគជ័យ​ក្នុង​ការងារ តើ​គួរ​រក​គន្លឹះ​បែបណា ដើម្បី​ជួយ​អភិវឌ្ឍ​សហគមន៍​របស់​យើង។ យើង​លើកទឹកចិត្ត​ស្ត្រី ឪពុកម្តាយ ទាំង​ថ្នាក់ដឹកនាំ​តាម​សហគមន៍ ឲ្យ​លោក​យល់ ដើម្បី​ជួយ​ជម្រុញ​កូន​របស់​ពួកគាត់ ឲ្យ​ស៊ីជម្រៅ​ក្នុង​វិស័យ​អប់រំ។ តាម​ដែល​អ្នកស្ម័គ្រចិត្ត​ចែករំលែក ឃើញថា ការងារ​ស្ម័គ្រចិត្ត គឺជា​កត្តា​ជម្រុញ​ឲ្យ​ពួកគេ​មកដល់​គោលដៅ​ជោគជ័យ​រហូតមកដល់​ថ្ងៃនេះ។ ការទំនាក់ទំនង គឺជា​កត្តា​សំខាន់​ណាស់។ ប្រសិនបើ​យើង​មានចំណេះដឹង​ខ្ពង់ខ្ពស់ យើង​មាន​ជំនាញ ប៉ុន្តែ​បើ​យើង​ខ្វះ​ទំនាក់ទំនង អាហ្នឹង​យើង​ពិបាក​ហើយ។ មាន​និស្សិត​ជាច្រើន ពេល​គាត់​កំពុង​រៀន គាត់​ឆ្លៀត​ទៅ​ស្ម័គ្រចិត្ត​រៀបចំ​សិក្ខាសាលាផ្សេងៗ ដើម្បី​ដឹង​ពី​បែបបទ​នៃ​សិក្ខាសាលា​នោះ ឫ​ការងារ​ស្ម័គ្រចិត្ត​នៅតាម​អង្គការ​ជាដើម វា​មិន​ឥតប្រយោជន៍​ទេ។ យើង​ត្រូវ​ចេះ​ពង្រីក​ទំនាក់ទំនង​របស់​យើង។ ខ្ញុំ​ទទួលស្គាល់ថា មាន​និស្សិត​ឥស្លាម និង​ស្ត្រី​ខ្មែរឥស្លាម​មួយចំនួន គាត់​មិន​ទទួលបាន​ការងារ​ធ្វើ​នៅពេល​រៀន​ចប់ ព្រោះ​ដោយសារ​ការមិន​ពង្រីក​ទំនាក់ទំនង​នេះឯង៕







© រក្សាសិទ្ធិដោយ thmeythmey.com