ជាតិ
សង្គមជាតិ
ក្រុង​សៀមរាប​កំពុង​រៀបចំ​កែលម្អ​ផ្លូវ​មួយចំនួន​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ស្អាត
12, Mar 2015 , 2:55 pm        
រូបភាព
សៀមរាប៖ យ៉ាងហោចណាស់ មាន​ផ្លូវ​ចាក់​កៅស៊ូ និង​ផ្លូវ​ចាក់​បេតុង​ចំនួន​ជាង១០ខ្សែ កំពុងដំណើរការ​ជួស​ជុល និង​ពង្រីក នៅ​ទីក្រុង​សៀមរាប ក្រោយពេល​ផ្លូវ​ទាំងនោះ រង​ការខូចខាត និង​ខ្លះទៀត​មាន​សភាព​តូចចង្អៀត មិន​អាចធ្វើ​ចរាចរណ៍​បាន។


អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មាន​ផ្លូវ​ចំនួន១១ខ្សែ ដែល​អាជ្ញាធរ​កំពុង​ដាក់លូ និង​ពង្រីក ក្នុង​ក្រុង​សៀមរាប។ លោក ស៊ូ ប្លា​តុង បាន​បន្ថែមថា ផ្លូវ​ទាំងនោះ រួមមាន ផ្លូវ​ម្តុំ​វត្ត​បូព៌ ផ្លូវ៧មករា ផ្លូវ​វិមាន​មង្គល ផ្លូវជាតិ​លេខ៦ ចាប់ពី​ស្ពាន​នាគ រហូតដល់​សណ្ឋាគារ ស្មា​យ​លីង ឫ​ផ្លូវកែង​ផ្លូវ៦០ ។ ក្រៅពីនោះ មាន​ផ្លូវ​លោកតា​ងើយ ផ្លូវ​លោកតា ខៀវ ណឺ​យ និង​ការរៀបចំ​សួនច្បារ​ថ្មី​ជាដើម។ល។

លោក ស៊ូ ប្លា​តុង បន្តថា៖« ក្រោយពី​បើក​ការដ្ឋាន​នៅ​ដើមឆ្នាំ២០១៤ គម្រោង​ខ្លះ យើង​គ្រោង​នឹង​បញ្ចប់​មុន​ចូលឆ្នាំ​ខ្មែរ ហើយ​ខ្លះទៀត ក៏​មិនទាន់​រួចរាល់​ដែរ។ ផ្លូវ​ទាំង​ខាងលើ មាន​សភាព​ខូចខាត​ច្រើន ហើយ​ខ្លះទៀត បាន​លិច​ផង នៅពេល​ភ្លៀង​ធ្លាក់ម្តង»។

បើតាម​ការបញ្ជាក់​ពី​អភិបាលក្រុង​សៀមរាប គម្រោង​កែលម្អ​ផ្លូវ​ខាងលើ គឺជា​ថវិកា​របស់​សាលាខេត្ត​សៀមរាប និង​មួយចំនួនទៀត​ជា​គម្រោង​របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន។ ប៉ុន្តែ​លោក ស៊ូ ប្លា​តុង មិនបាន​បញ្ជាក់​ពី​ចំនួន​ថវិកា​ពិតប្រាកដ​ប៉ុន្មាន​នោះទេ។

គួររម្លឹកថា ទីក្រុង​សៀមរាប បានទទួល​ចំណាត់ថ្នាក់​ទីក្រុង​ស្អាត​ផ្ការំដួល៣ទង ពី​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត។ ទោះយ៉ាងណា​ក៏ដោយ ទីក្រុង​មួយ​នេះ នៅតែ​សភាព​ចង្អៀត ដោយសារ​ប្រព័ន្ធ​ផ្លូវថ្នល់​នៅ​តូចចង្អៀត​នៅឡើយ។ ក្រៅពីនោះ បញ្ហា​អនាម័យ កាកសំណល់​មួយចំនួន នៅតែ​ជា​បញ្ហា ដែល​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត គួរ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ឲ្យ​ស័ក្ក​សម​នឹង​ទីក្រុង​ទេសចរណ៍​លេខ​មួយ របស់​ប្រទេស​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com