ជាតិ
សង្គមជាតិ
អង្រុត​យក្ស មួក​យក្ស ជាប់​ឯតទគ្គ​កម្ម​ជាតិ​ដំបូង​នៅ​កម្ពុជា
15, Apr 2015 , 6:45 pm        
រូបភាព
ដោយ: ថ្មីៗ
សៀម​រាប៖ អង្រុត​យក្ស មួក​យក្ស កន្ត្រង់​ប្រហុក​យក្ស និង​បំពង់​ទឹកត្នោត​យក្ស ដែល​ធំ​ជាង​សម្ភារ​ធម្មតា​នោះ រាប់រយ​ដង បាន​ជាប់​ឯតទគ្គ​កម្ម​ថ្នាក់ជាតិ​ដំបូង​នៅ​កម្ពុជា។ សម្ភារ​វប្បធម៌​របស់​ខ្មែរ​ដែល​ផលិតឡើង​ដោយ​អ្នកស្រុក​អង្គរ​ពោលគឺ​ជា​ស្នាដៃ​របស់​ប្រជាជន​នៅ​ភូមិ​ប្រដាក់ ខេត្តសៀមរាប កំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នកទស្សនា​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។
 

អ្នកស្រី ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​អ្នក​ប្រកាស​ទទួលស្គាល់​នូវ​សម្ភារៈប្រើប្រាស់​ប្រពៃណី​របស់​ខ្មែរធំៗទាំង ៤ នោះ ថា ជា​វត្ថុ​ជាប់​ក្នុង​ឯតទគ្គ​កម្ម​ថ្នាក់ជាតិ​ដំបូង​ជាងគេ​នៅ​កម្ពុជា ។ ក្រៅពី​និយាយ​សរសើរ​ដល់​អ្នក​ច្នៃប្រឌិត​វត្ថុ​ទាំងនោះ អ្នកស្រី​រដ្ឋមន្ត្រី  ក៏បាន​បញ្ជាក់ថា ការផលិត​អង្រុត​យក្ស មួក​យក្ស កន្ត្រង់​ប្រហុក​យក្ស និង​បំពង់​ទឹកត្នោត​យក្ស​ទាំងនេះ គឺជា​ការបង្ហាញ​នូវ​វប្បធម៌​អ​រូបិយ​របស់​ខ្មែរ​តាំងពី​បុរាណកាល​មក។ សម្រាប់​អ្នកស្រី សម្ភារ​នេះ គឺជា​អច្ឆរិយៈ​ទេពកោសល្យ​របស់​ដូនតា​ខ្មែរ។
 
លោក សុខ សង្វា កូនប្រុស​លោក សុខ អាន អ្នកទទួលខុសត្រូវ​កា​រ​តាំង​សម្ភារ​វប្បធម៌ ក្នុង​បរិវេណ​ភូមិ​ខ្ញុំ បាន​និយាយថា មួក​យក្ស ធ្វើ​ដោយ​មនុស្ស ១៤ នាក់ ដែលជា​មួក​ធំ​ជាង​មួក​ធម្មតា ១៥០ ដង ប្រើប្រាស់​ស្លឹកត្នោត​អស់ ៦០ គីឡូក្រាម និង​អំបោស ១, ៥ គីឡូក្រាម។  រីឯ​កន្ត្រង់​ប្រហុក​ក្ស​វិញ ធ្វើ​ដោយ​មនុស្ស ១១ នាក់​រយៈពេល ៧ ថ្ងៃ ។ កន្ត្រង់​ប្រហុក​នេះ ធំ​ជា​ងក​ន្រ​ង់​ប្រហុក​ធម្មតា ១៥២ ដង ។ ចំណែក​អង្រុត​យក្ស​ធ្វើ​ដោយ​មនុស្ស ចំនួន១១នាក់ ប្រើ​រយៈពេល២៤ថ្ងៃ មាន​ទំហំ​ធំ​ជាង​អង្រុត​ធម្មតា​ចំនួន២២០ដង ដោយ​ប្រើប្រាស់​ឬ​ស្សី​ចំនួន៣៧ដើម​ពុះ​ជា១១០ចំរៀក ផ្តៅ​ចំនួន២៤០ដើម ដែក​ស​សៃ​លួស​ចំនួន១គីឡូក្រាម និង​ដែកគោល១១០ដើម។

សូមបញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្តសៀមរាប​នៅ​ឆ្នាំនេះ អង្រុត​យក្ស មួក​យក្ស កន្ត្រង់​ប្រហុក​យក្ស បំពង់​ទឹកត្នោត​យក្ស ត្រូវបាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា បានដាក់​តាំងនៅ​ក្នុង​បរិវេណ​ភូមិ​ខ្ញុំ ដើម្បី​ឲ្យ​ប្រជាជន​ដែល​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ទស្សនា​កម្សាន្ត៕    

© រក្សាសិទ្ធិដោយ thmeythmey.com