ជាតិ
ពលរដ្ឋ​មកពី​កោះកុង​ស្នើ​ឲ្យ​រដ្ឋសភា​អន្តរាគមន៍​ការ​បូម​ខ្សាច់​អនាធិបតេយ្យ
23, Apr 2015 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
 
ប្រជាពលរដ្ឋ​មកពី​ភូមិ​កោះ​ស្រឡៅ ឃុំ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង បាននាំគ្នា​តវ៉ា​នៅមុខ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី២៣ មេសា​នេះ ដើម្បី​យក​ញត្តិ​មក​ដាក់​សុំ​អន្តរាគមន៍​ពី​គណកម្មការ​ទី៣នៃ​រដ្ឋសភា ដោះស្រាយ​បញ្ហា​បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់​ពួកគេ​រស់នៅ។ដោយឡែក ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ក៏​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា ដើម្បី​ស្នើសុំ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួកគេ​ដែរ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​មាន​សា​ឡង់​សម្រាប់​បូម​ខ្សាច់​ពី​ព្រែក​ចំនួន៨គ្រឿង និង​សា​ឡង់​សម្រាប់​ដឹកជញ្ជូន​ចំនួន១០គ្រឿង​របស់​ក្រុមហ៊ុន អ៊ី​ន​ធើ​ណា​សសិ​នណល​រ៉េ​ន​បូ ដែល​បានធ្វើការ​បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ​ជា​រៀងរាល់ថ្ងៃ នាំចេញ​ទៅកាន់​ប្រទេស​សឹង្ហ​បុរី។ ចំពោះ​សកម្មភាព​បូម​ខ្សាច់​នេះ បាន​បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ជីវចម្រុះ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដូចជា ការបំផ្លិចបំផ្លាញ​ព្រៃកោងកាង​តាម​មាត់​ព្រែក និង​ជីវចម្រុះ​ក្នុង​ទឹក។

បំផ្លាញ​ដល់​មច្ឆា​ជាតិ ប្រភព​ស្បៀង និង​ឧបករណ៍​នេសាទ​របស់​ប្រជាពលរដ្ឋ៣០០គ្រួសារ។ ធ្វើ​ឲ្យ​បំពុល​ទឹក បាក់​ឆ្នេរ និង​បាត់​កោះតូចៗ ជាពិសេស​ការ​បូម​ខ្សាច់​នេះ មិនបាន​សិក្សា​ពី​ផលប៉ះពាល់​ជាមុន​ឲ្យ​បានច្បាស់លាស់​ឡើយ។
ដោយសារតែ​បញ្ហា​នេះ​ទើប ប្រជាពលរដ្ឋ​មកសុំ​អន្តរាគមន៍​ពី​រដ្ឋសភា ដើម្បី​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​សាកសួរ​ពី​បញ្ហា​នេះ និង​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com