ជាតិ
កម្ពុជា ស្នើ​ភាគី​ចិន បង្កើន​កូតា​នាំ​អង្ករ​ចូលទៅ​កាន់​ប្រទេស​ចិន
23, Apr 2015 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ

 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បន្ត​ជួយ​ដល់​កម្ពុជា លើ​វិស័យ​យោធា ពិសេស​លើ​ការហ្វឹកហ្វឺន​រួមគ្នា​ក្នុងការ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ប្រតិបត្តិ​ការជួយ​ស​ង្រោះ្គ ។ទន្ទឹមនឹងនេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​ស្នើ​ឲ្យ​ភាគី​ចិន បង្កើន​កូតា​នាំ​អង្ករ​ចូលទៅ​កាន់​ប្រទេស​ចិន និង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ពង្រីក​ការតភ្ជាប់​បណ្ដាញ​ធារាសាស្ត្រ អគ្គិសនី និង​ប្រព័ន្ធ​ផ្លូវ​នៅ​កម្ពុជា។ ការស្នើ​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ទ្វេរ​ភាគី​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ក្រោយពី​ជំនួប​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​អាហ្វ្រិក​នៅ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី។


យោងតាម​ទីភ្នាក់ងារ​ទូរទស្សន៍​ជាតិ​កម្ពុជា (TVK)ក្នុងជំនួប​ពិភាក្សា នៅ​ថ្ងៃទី២៣ មេសា​លោកនាយក​រដ្ឋមន្ត្រី បាន​លើក​នូវ​សំណូមពរ​មួយចំនួន ទៅកាន់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង រួមមាន៖ ទី១ ស្នើ​ដល់​ភាគី​ចិន​រក្សា​នូវ​អត្រា​ការប្រាក់​លើ​កម្ចី​នូវ​ប្រាក់​យន់​ក្នុងស្ថានភាព​ដដែល។ទី២ ស្នើ​ដល់​ភាគី ចិន បង្កើន​កូតា​នាំ​អង្ករ​ចូលទៅ​កាន់​ប្រទេស​ចិន ដោយសា​តែ​កន្លងមក​ភាគី​ទាំងពីរ​បាន​ឯកភាព​នាំ​អង្ករ​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន​ចំនួន១០ម៉ឺន​តោន និង​ទី៣បង្កើន​កិច្ចសហប្រតិបត្តិការ​ពង្រីក​ការតភ្ជាប់​នៅ កម្ពុជា​ទាំង​ផ្លូវដែក ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស ការតភ្ជាប់​បណ្តាញ​អគ្គិសនី ប្រព័ន្ធធារាសាស្ត្រ តាមរយៈ​ការប្រើប្រាស់ ផែនការ​ផ្លូវ​សូត្រ​ដែលជា​នយោបាយ​រប​ស់​ចិន។

ជាការ​ឆ្លើយតប​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង មានប្រសាសន៍ថា​ភាគី​ចិន​និង​យកចិត្តទុកដាក់​ពិចារណា​លើ​បញ្ហា​នោះ​យ៉ាងសកម្ម​បំផុត ដើម្បី​ទទួល​អង្ករ​និង​ទំនិញផ្សេងៗពី​កម្ពុជា។ លោក បន្ថែមថា ចិន​នឹង​បន្ត​គាំទ្រ​ដល់​កម្ពុជា ក្នុងការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​មានការ​រីកចំរើន​ថែមទៀត និង​បាន​ផ្តល់នូវ​សេចក្តី​សង្ឃឹមថា នឹង​រៀបចំ​នូវ​គំរោង​ជាមួយគ្នា នៃ​ការតភ្ជាប់​ស្របតាម​គោលនយោបាយ​របស់​ចិន ៕



© រក្សាសិទ្ធិដោយ thmeythmey.com