ជាតិ
បញ្ជូន​ជនជាតិ​វៀតណាម២នាក់​ទៅ​តុលាការ ក្រោយ​ស្លៀកពាក់​ជា​យោធា​ខ្មែរ​ទៅ​ដឹកឈើ​ខុសច្បាប់
23, Apr 2015 , 8:30 pm        
រូបភាព

 
បុរស​ជនជាតិ​វៀតណាម២នាក់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ចូ​ន​ខ្លួន​ទៅ​តុលាការខេត្ត​នៅ​ថ្ងៃទី២៣ ខែមេសា​នេះ បន្ទាប់ពី​ពួកគេ​បាន​ចូលទៅ​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់ យកទៅ​ប្រទេស​វៀតណាម ព្រមទាំង​បាន​ស្លៀកពាក់​ជា​យោធា​ខ្មែរ​ទៀត​នោះ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ។


ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ជនជាតិ​វៀតណាម​ទាំង២នាក់​នោះ មានឈ្មោះ ហ្វ ថា​ញ់​ហយ អាយុ៣៣ឆ្នាំ និង​ឈ្មោះ ងៀត វ៉ាន់​អិន អាយុ៣២ឆ្នាំ។

អគ្គស្នងការ​នគរបាល​ជាតិ​បាន​ស្រង់​សម្តី​របស់លោក​ប៊ួ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ថា ជនជាតិ​វៀតណាម២នាក់​នេះ ត្រូវបាន​ឃាត់ខ្លួន នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥នេះ ក្នុងភូមិ​សាស្ត្រ​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ។ លោក បន្តថា នៅពេល​មន្ត្រី​ជំនាញ​ចាប់​ឃាត់​រ៉ឺម៉ក​ឈើ​របស់ បុរស​ជនជាតិ​វៀតណាម​ទាំងពីរ​នាក់​នេះ ពួកគេ​ប្រុង​នឹង​ប្រើ​ហិង្សា​មកលើ​មន្ត្រី​ជំនាញ​ទៀតផង ហើយ​នៅក្នុង​ប្រតិ​ប​តិ្ត​រឹបអូស​បាន​ឈើប្រណិត​ប្រភេទ​ធ្នង់ និង​ឈើ​នាងនួន បាន​ចំនួន៨កំណាត់​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com