ជាតិ
សៀមរាប​គ្មាន​អគ្គិសនី​ប្រើ៥ថ្ងៃ​ព្រោះ​រលំ​បង្គោល​ភ្លើង​ត​ពី​ថៃ​ជាង២០ដើម
24, Apr 2015 , 10:42 am        
រូបភាព

សៀមរាប៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ប្រឈម​នឹង​ការ​គ្មាន​ចរន្តអគ្គិសនី​ប្រើ​រយៈពេល៥ថ្ងៃ។ មូលហេតុ ព្រោះថា​បង្គោល​ភ្លើង​ជាច្រើន​ដើម​នៅ​ស្រុក​ក្រឡាញ់ ដែល​ត​ភ្ជាប់​ពី​អ​គិ្គ​ស​នី​ថៃ បាន​បាក់​ដួល​តម្រៀប​គ្នា​កាលពី​ល្ងាច​ថ្ងៃទី២២ មេសា ដោយសារ​ប៉ះទង្គិច​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់។

មានសំឡេង




ប្រធាន​អគ្គិសនី​សៀមរាប លោក គង់ ពុ​ទ្ធី បាន​បញ្ជាក់ថា រហូតមកដល់​ថ្ងៃនេះ ខេត្តសៀមរាប​គ្មាន​អគ្គិសនី​ប្រើ​រយៈពេល២ថ្ងៃ​កន្លះ​ហើយ។ លោក​ថា ក្រុមការងារ​កំពុង​ញាប់ដៃ ជួសជុល​បង្គោល​ភ្លើង​ដែលរ​លំនៅ​ស្រុក​ក្រឡាញ់ កាលពី​ថ្ងៃ២២ មេសា​នោះ ហើយ​យ៉ាងយូរ ៣ថ្ងៃ​ទៀត ខេត្តសៀមរាប​នឹងមាន​អគ្គិសនី​ប្រើប្រាស់ ដូច​ធម្មតា​វិញ។

លោក គង់ ពុ​ទ្ធី បន្ថែមថា រហូតមកដល់​ថ្ងៃនេះ កំលាំងចម្រុះ​ដែលមាន​ទាំង​ភាគី​ខ្មែរ និង​ថៃ មាន​ចំនួន២៥០នាក់ ដែល​កំពុង​ប្រតិបត្តិការ ដំឡើង​បង្គោល​ភ្លើង​ថ្មី​ឡើងវិញ។ លោក​បញ្ជាក់ថា បង្គោល​ដែល​បាន​បាក់ និង​ខ្លះ​ដួល​ទ្រេត​ទៅ​ប៉ះ​នឹង​ផ្ទះ​ប្រជាពលរដ្ឋ​នោះ មាន​រហូតដល់​ទៅ២៦ដើម។ លោក​សង្ឃឹមថា ប្រជាពលរដ្ឋ​ទាំងអស់ នឹង​មានការ​អធ្យាស្រ័យ​ខ្ពស់ ចំពោះ​គ្រោះមហន្តរាយធម្មជាតិ​នេះ។

ក្រៅពី​សុំ​អភ័យទោស​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ទាំងមូល​ហើយ​នោះ ប្រធាន​អគ្គិសនី​សៀមរាប បាន​បញ្ជាក់ថា បច្ចុប្បន្ន​ខាង​អគ្គិសនី មាន​ផែនការ​ត​ខ្សែបណ្តាញ​ពី​ប្រទេស​ថៃ បញ្ជូន​តាម​ខេត្តបាត់ដំបង មក​ខេត្តសៀមរាប ដែលមាន​តង់ស្យុង​រហូត​ទៅ ២៣០គីឡូវ៉ុល ដើម្បី​ជំនួស​ខ្សែ​បញ្ជូន​សព្វថ្ងៃ​ពី​ខេត្តបន្ទាយមានជ័យ ដែលមាន​កម្រិត​តង់ស្យុង​ត្រឹម ១១៥គីឡូវ៉ុល​តែប៉ុណ្ណោះ។ លោក ពុ​ទ្ធី បន្ថែមថា ខ្សែ​បញ្ជូន​ពី​បាត់ដំបង ក៏​នឹងត្រូវ​បញ្ជូន​បន្តទៅ​ខេត្តកំពង់ធំ និង​កំពង់ចាម​បន្ត​ទៀតផង​ដែរ។

សព្វថ្ងៃ​ការប្រើប្រាស់​អគ្គិសនី​នៅក្នុង​ខេត្តសៀមរាប បាន​កើន​ឡើងដល់ ៦៨មេ​ហ្គា​វ៉ា​ត់ ដែល​អគ្គិសនី​ក្នុង​ខេត្ត មានលទ្ធភាព​ផ្គត់ផ្គង់​ត្រឹម១០ មេ​ហ្គា​វ៉ា​ត់​តែប៉ុណ្ណោះ ដែល​ហេតុនេះ ធ្វើ​ឲ្យ​អគ្គិសនី​ក្នុងស្រុក មិនអាច​បំពេញតម្រូវកា​រ​សម្រាប់​ខេត្ត​ទាំងមូល​បាន។

គួរ​រម្លឹក​ឲ្យ​ដឹង​ដែរ​ថា ក្នុងអំឡុងពេល​ដាច់​ចរន្តអគ្គិសនី​រយៈពេល៥ថ្ងៃ ការប្រើប្រាស់​អគ្គិសនី១០មេ​ហ្គា​វ៉ា​ត់ របស់​ខេត្ត ត្រូវ​ឆ្លាស់គ្នា​ប្រើ ដោយនៅ​តំបន់​ខ្លះ អាច​ប្រើ​អគ្គិសនី​បាន​អំឡុងពេល​ម៉ោង៨ព្រឹក រហូតដល់​ម៉ោង១រសៀល ហើយ​ខ្លះទៀត មាន​ពី​ពេល​រសៀល រហូតដល់​ល្ងាច​ជាដើម។ ដោយឡែក​នៅពេល​យប់ តំបន់​មួយចំនួនធំ ត្រូវបាន​កាត់ផ្តាច់ ក្នុងនោះ​មាន​តំបន់​ផាប់​ស្ទ្រី​ត​ជាដើម ដោយ​អគ្គិសនី ត្រូវ​ផ្គត់ផ្គង់​សម្រាប់​ខាង​មន្ទីរពេទ្យ និង​កន្លែងសំខាន់ៗតែប៉ុណ្ណោះ។ យ៉ាងណា គេ​សង្កេតឃើញ​កន្លែង​លក់ដូរ កន្លែង​កម្សាន្ត​មួយចំនួន បាន​បិទទ្វារ ខណៈដែល​កន្លែង​ខ្លះទៀត ប្រើប្រាស់​ម៉ាស៊ីន​ផ្ទាល់ខ្លួន ដើម្បី​បន្ត​អាជីវកម្ម​ពួកគេ៕


© រក្សាសិទ្ធិដោយ thmeythmey.com