ជាតិ
FUSAAC នឹង​រៀបចំ​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ លើក​ទី៦ នៅ​ដើមខែ​ឧសភា
24, Apr 2015 , 12:28 pm        
រូបភាព
ដោយ: ថ្មីៗ

 
ភ្នំពេញ៖ សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋ​អាមេរិក (FUSSAC) និង​ផ្នែក​កិច្ចការ សាធារណៈ​របស់​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ នឹង​ប្រារព្ធ​កម្មវិធី ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ លើក​ទី៦ នៅ​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ ។ កម្មវិធី​នេះ នឹង​ប្រព្រឹត្តទៅ​ពេញ​មួយថ្ងៃ នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិច​ណូ)។


ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ លើក​ទី៦ នេះ នឹង​លើក​ប្រធានបទ​សំខាន់​ពីរ យកមក ពិភាក្សា នោះ​គឺ «យុវជន​ក្នុងការ​អភិវឌ្ឍ​សង្គម» និង«វិនិយោគ​លើ​ជំនាញ​ដើម្បី​ការងារ»។ FUSSAC ចាត់ទុកថា ប្រធានបទ​ទាំងនេះ អាចជួយ​ផ្តល់​ជា​គន្លឹះ​ដល់​សិស្ស និស្សិត​ទាំងឡាយ ដែល​បាន​ចូលរួម សម្រាប់​ការសម្រេចចិត្ត​លើ មាគ៌ា​ដ៏​ត្រឹមត្រូវ​សម្រាប់​ការជ្រើសរើស​ជំនាញ សិក្សា និង​អាជីព​នា​ថ្ងៃ​អនាគត។

លោក សូ​ផា រតនា ប្រធាន​សមាគម FUSSAC បានបង្ហាញ​ពី​ជំនឿ​ជាក់​ថា ពិព័រណ៍ M&C នឹង​ជួយ​ឲ្យ​អ្នកចូលរួម​ទទួលបាន​ព័ត៌មាន​ដោយផ្ទាល់​អំពី​ជម្រើស​ជំនាញ​សិក្សា​នៅ សាកលវិទ្យាល័យ និង​ការងារ​ពី​សំណាក់​អ្នកជំនាញ​ក្នុង​វិស័យ​ដែល​ពួកគេ​ចាប់អារម្មណ៍ នៅពេល​អនាគត។

លោក​បញ្ជាក់ថា៖«ការជជែក​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ ដែល​ប្រព្រឹត្ត​ទៅក្នុង ពិព័រណ៍ នឹង​នាំ​ឲ្យ​អ្នកចូលរួម​ទទួលបាន​នូវ​គំនិត​យោបល់​កាន់តែ​ល្អប្រសើរ អំពី​និន្នាការ​នៃ ជំនាញ​ការងារ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត និង​ដែល​នាំ​ឲ្យ​ពួកគេ​មានការ​រៀបចំខ្លួន​បានល្អ​ទុកជា មុន»។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ FUSSAC រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួនណា​រ៉ុ​ន ក៏​នឹង​អញ្ជើញ​ថ្លែង​ចំណាប់អារម្មណ៍​បើក​កម្មវិធី និង​ដឹកនាំ​កិច្ចពិភាក្សា​ស្តីពី​ប្រធានបទ«ចំណែក យុវជន​ក្នុងការ​អភិវឌ្ឍ​សង្គម» ផងដែរ។

FUSSAC មានជំនឿថា យុវជន​ជា​កម្លាំងចលករ​ដ៏​សំខាន់​នៅក្នុង​ប្រទេស​កម្ពុជា ពោលគឺ​ស្រប ពេលដែល​កម្ពុ​ជាមាន​ធនធាន​យុវជន​រហូត​ជាង ៦០ភាគរយ។ វា​ពិត​ជាមាន​សារៈសំខាន់​ដែល យុវជន​ជ្រើសរើស​ជំនាញ​សិក្សា​បាន​ត្រឹមត្រូវ និង​អាជីព​ការងារ​បាន​សមប្រកប​ស្របតាម ទេព កោសល្យ ចំណង់​ចំណូលចិត្ត និង​តម្រូវការ​ទីផ្សារការងារ ទ​នឹ្ទ​ម​គ្នា​នឹង​ការធ្វើសមាហរណកម្ម តំបន់ និង​សកលលោក​របស់​កម្ពុជា។

លោក ហង្ស វុ​ទ្ធិ​កា ប្រធាន​ក្រុម​ប្រតិបត្តិ​នៃ ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​លើក​ទី៦ បាន​លើកឡើងថា នៅ​ឆ្នាំនេះ FUSSAC នឹង​ព្យាយាម​ជំរុញ​សិស្សានុសិស្ស​ចូលរួម​ឲ្យ បាន​កាន់តែ​ច្រើនជាងឆ្នាំមុនៗ ។ លោក​ថា៖«សមាគម​យើង​នឹង​រៀបចំ​យ៉ាងណា​ឲ្យ​ត្រូវ​ទៅ តាម​ចក្ខុវិស័យ​របស់​ក្រសួង​អប់រំ និង​ផ្តល់ឱកាស​ដល់​សិស្ស និស្សិត​ទូទាំងប្រទេស​កម្ពុជា»។
ជាមួយគ្នានេះដែរ លោក​បាន​សំណូមពរ​ឲ្យ​សិស្សានុសិស្ស​ជួយ​ចែករំលែក​ព័ត៌មាន​ដល់​អ្នក នៅតាម​បណ្តា​ខេត្ត​នានា ឲ្យ​មក​ចូលរួម​ក្នុង​កម្មវិធី ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​លើក​ទី៦ នេះ ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​បំពេញ​គោលដៅ និង​ឆ្ពោះទៅកាន់​ការងារ​ក្នុង​ក្តី​សុ​បិ​ន្ត​របស់ ពួកគេ។

ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ នៅ​ឆ្នាំ២០១៥ នេះ FUSSAC រំពឹងថា សិស្ស និស្សិត​ច្រើនជាង ២ពាន់​នាក់ នៅតាម​វិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា​ទាំង​នៅ​រាជធានី ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន នឹង​មក​ចូលរួម​ច្រើន​កុះករ។

ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​លើក​ទី៦នេះ ជា​វេទិកា​មួយ​ដ៏​សំខាន់​សម្រាប់​សិស្ស និស្សិត ដែលមាន​គោលបំណង​ស្វែងយល់​អំពី​ខ្លួនឯង និង​រៀបចំ​នូវ​គម្រោង​អាជីព​របស់ខ្លួន​នៅ​ថ្ងៃ អនាគត។ ពិព័រណ៍​ខ្នាត​ធំ​មួយ​នេះ ក៏មាន​គោលដៅ​ផ្តល់ឱកាស​ដល់​សិស្ស និស្សិត និង​សាធារណជន បាន​ចូលរួម​ស្តាប់ នូវ​ការចែករំលែក​ចំណេះវិជ្ជា និង​បទពិសោធ នូវ​វិធី សាស្ត្រ​ជ្រើសរើស​ជំនាញ​សិក្សា គ​ន្លឺះ​ក្នុងការ​ទទួលបាន​អាហារូបករណ៍ រួមទាំង​ព័ត៌មាន​ស្តីពី ស្ថានភាព​ទីផ្សារការងា​រ​ក្នុងប្រទេស​កម្ពុជា ពី​សំណាក់ អ្នកជំនាញ​មកពី​ស្ថាប័ន​នានា និង​អតីត និស្សិត​អាហារូបករណ៍​មកពី​ក្រៅប្រទេស​នានា។

លោកអ្នក​អាចទាក់ទង​ព័ត៌មាន​លម្អិត​តាមរយៈ លោក អូន ឆេង​ប៉រ លេខ​ទូរ​សព្ទ ០៩២ ៩៨៨ ៣៣៥ និង​លោក សឿ បញ្ញា ទូរ​សព្ទ​លេខ ០១០ ៧៤៤ ៧២៧ និង​សារ​អេ​ឡិ​ត​ត្រូ​និ​ច [email protected]



© រក្សាសិទ្ធិដោយ thmeythmey.com