ជាតិ
សង្គមជាតិ
ក្រុមយុវជន​បង្កើត​ក​ម្ម​វិធី​ជិះ​កង់​ផ្សព្វផ្សាយ​មួក​ត្នោត​នៅ​ទីក្រុង​សៀមរាប
01, May 2015 , 10:27 am        
រូបភាព
សៀមរាប៖ ក្រុមយុវជន​ដែល​ឲ្យ​ឈ្មោះ​ខ្លួនឯង​ថា «ក្រុម​មួក​ត្នោត​ខ្មែរ» នឹងធ្វើ​យុទ្ធនាការ​ដង្ហែ ផ្សព្វផ្សាយ​មួក​ត្នោត​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ទៅ​ក្រុង​សៀមរាប។ កម្មវិធី​នេះ មានការ​ចូលរួម​ពី​សិស្ស និស្សិត មកពី​បណ្តា​ខេត្ត​ក្រុង​មួយចំនួន ក្នុងប្រទេស​កម្ពុជា។


ការ​ដង្ហែ​មួក​ត្នោត នឹងធ្វើ​ដោយ​ការ​ជិះ​កង់។ ការ​ជិះ​កង់​ដង្ហែ​មួក​ត្នោត នឹង​ចាប់ផ្តើម​ចេញដំណើរ​ពី​ផ្លូវ​ខាងក្រោយ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ខេត្តសៀមរាប បត់​តាមផ្លូវ​វត្ត​បូព៌ តាម​ផ្សារ​ចាស់ និង​គោលដៅ​ចុងក្រោយ​នៅមុខ​ប្រាសាទអង្គរវត្ត។ នៅ​ទីនោះ​ហើយ ដែល​ក្រុម​អ្នកជិះ​កង់ នឹងធ្វើ​សកម្មភាព​ចែក​មួក​ត្នោត​ដល់​ភ្ញៀវទេសចរ​ចំនួន ១០០០មួក។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​តំណាង​ក្រុម​មួក​ត្នោត​ខ្មែរ។

លោក សឿ សេរី​រ័ត្ន បាន​បន្ថែមថា អ្នក​ដែល​ចូលរួម​ជិះ​កង់​ផ្សព្វផ្សាយ​មួក​ត្នោត​ខ្មែរ មាន​គ្នា​ប្រមាណ​ជិត១០០នាក់។ លោក​ថា ក្រុម​របស់លោក​បាន​ប្រមូល​ថវិកា​ពី​ការលក់​អាវ​ដែលមាន​បោះពុម្ព​ជា​រូប​មួក​ត្នោត ដែល​លក់​ក្នុងតម្លៃ៥ដុល្លារ​ទៅ​អ្នកចូលរួម​ជិះ​កង់ សម្រាប់​ការទិញ​មួក​ត្នោត​ចែក​ដោយ​ឥតគិតថ្លៃ​ដល់​ភ្ញៀវទេសចរ។ គោលបំណង​សំខាន់​នៃ​យុទ្ធនាការ​នេះ គឺ​ដើម្បី​អភិរក្ស ផ្សព្វផ្សាយ អ្វី​ដែលជា​របស់​ខ្មែរ ហើយ​ដែល​ជិត​នឹង​បាត់បង់​នេះ​ដល់​បរទេស​បានដឹង ជាក់ស្តែង​ដូចជា​មួក​ត្នោត​នេះ​ជាដើម។

ការ​ជិះ​កង់​ផ្សព្វផ្សាយ​មួក​ត្នោត​នេះ នឹងធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី៣ ឧសភា ហើយ​នេះ​ជា​លើក​ទី២ហើយ ក្រោយ​សកម្មភាព​នេះ បានចាប់ផ្តើម​កាលពី​ឆ្នាំទៅ។ ឆ្នាំទៅ សកម្មភាព​នេះ​ធ្វើឡើង​នៅ​ខែឧសភា​ដូចគ្នា ប៉ុន្តែ​ជា​ទ្រង់ទ្រាយ ដែល​គេ​មិនសូវ​ចាប់អារម្មណ៍​ប៉ុន្មាន​នោះទេ។ នេះ​បើតាម​ការអះអាង​របស់​លោក សេរី​រ័ត្ន។ តំណាង​ក្រុម​រូប​នេះ​បញ្ជាក់ថា៖« ក្រោយ​សកម្មភាព​របស់​យើង ធ្វើជា​បន្តបន្ទាប់ ដើម្បី​ផ្សព្វផ្សាយ​ពី​មួក​ត្នោត ឃើញថា មាន​ភ្ញៀវទេសចរ​ច្រើន បាន​ប្រើប្រាស់​មួក​ខ្មែរ។ យើង​សប្បាយចិត្ត​ដែល​ឃើញ​មួក​ត្នោត បាន​រស់​ឡើងវិញ»។

គួរ​បញ្ជាក់ថា ក្បួន​ជិះ​កង់​ផ្សព្វផ្សាយ​មួក​ត្នោត នឹង​ចាប់ផ្តើម​នៅ​ម៉ោង៨កន្លះ ថ្ងៃអាទិត្យ​សប្តាហ៍​នេះ ហើយ​គ្រោង​នឹង​បញ្ចប់ ក្រោយ​ការចែក​មួក​ត្នោត​ដល់​ភ្ញៀវទេសចរ​នៅមុខ​ប្រាសាទអង្គរវត្ត​រួចរាល់​ហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com