ជាតិ
សង្គមជាតិ
ទិវា​ពលកម្ម​អន្តរជាតិ៖ លោក រ៉ុង ឈុន អះអាងថា ទង្វើ​របស់ខ្លួន​មិន​ប៉ះពាល់​ដល់​តម្លៃ​គ.ជ.ប!
01, May 2015 , 5:17 pm        
រូបភាព
រូបថតលោក រ៉ុង ឈុន ឈរនៅខាងមុខ​ក្រសួង​ការងារក្នុងទិវាពលកម្មអន្តរជាតិ ១ សភា ពីហ្វេសប៊ុកអ្នកស្រី រស់ ចន្ធី
រូបថតលោក រ៉ុង ឈុន ឈរនៅខាងមុខ​ក្រសួង​ការងារក្នុងទិវាពលកម្មអន្តរជាតិ ១ សភា ពីហ្វេសប៊ុកអ្នកស្រី រស់ ចន្ធី
ដោយ:

 
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នក​និយម​ប្រើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​រិះគន់​និង​ចោទ​លោក រ៉ុង ឈុន ថា លោក​បាន​ចូលរួម​សកម្មភាព​ហែ​ក្បួន​ជាមួយ​ក្រុម​សហជីព​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ ២០១៥ នេះ ខណៈដែល​លោក កំពុងមាន​តួនាទី​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ។  តែ​សាមីខ្លួន គឺ​លោក រ៉ុង ឈុន បាន​ថ្លែង​ការពារ​ខ្លួន​ថា លោក​មិនបាន​ចូលរួម​ហែ​ក្បួន​នោះទេ គ្រាន់តែ​ចួ​ល​រួម​ឃ្លាំមើល​សកម្មភាព​ហែ​ក្បួន​របស់​ក្រុម​សហជីព ក្នុងនាម​ខ្លួន​ជា​ពលរដ្ឋ​ម្នាក់​ប៉ុណ្ណោះ ហើយ​វា​ក៏​មិន​ប៉ះពាល់​ដល់​តម្លៃ និង​ឯ​រាជ្យ​គ.ជ.ប ដែរ ។


« ខ្ញុំ​មិន​ចាប់អារម្មណ៍​នឹង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​វា​បិទ​សិទ្ធិសេរីភាព​ខ្ញុំ​ខ្លាំងពេក » ។ លោក រ៉ុង ឈុន សមាជិក​គ.ជ.ប ថ្មី កំពុងតែ​ឆ្លើយតប​នឹង​សេចក្តីថ្លែងការណ៍​រិះគន់​សកម្មភាព​របស់​លោក​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ពី​សំណាក់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ា​រ៉ា និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ក្រោយពី​ពួកគេ​ចោទ​លោក លោក រ៉ុង ឈុន ថា បាន​ចូលរួម​ហែ​ក្បួន​ដាក់​ញត្តិ​ជាមួយ​ក្រុម​សហជីព​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ។ ទង្វើ​របស់លោក រ៉ុង ឈុន ត្រូវ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា វា​ប៉ះពាល់​ដល់​តម្លៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ា​រ៉ា បានបញ្ជាក់​ដូច្នេះ​ថា៖ « តំណាងរាស្ត្រ​គណ​ប​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ  បាន​បោះឆ្នោត​គាំទ្រ​ឯកឧត្តម រ៉ុង ឈុន និង​សមាជិក​ទាំង ៨ រូប​ផ្សេងទៀត ជា​សមាជិក​របស់​គ.ជ.ប ដែល​ត្រូវបំពេញ​តួនាទី​អ​ព្យា​ក្រឹត្យ និង​ផ្តាច់ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​គណបក្សនយោបាយ សហជីព និង​សង្គម​ស៊ីវិល​នានា ចាប់ពី​បោះឆ្នោត​នេះ​តទៅ ។ ប៉ុន្តែ​ផ្ទុយទៅវិញ ឯកឧត្តម​រ៉ុង​ឈុន បានជា​ចូលរួម​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សកម្មភាព​ហែ​ក្បួន​ជាមួយ​ក្រុម​សហជីព។ ទង្វើ​បែបនេះ​គឺ​បង្ហាញ​នូវ​ទំនាស់​ផលប្រយោជន៍​យ៉ាងពិត​ប្រាកដ និង​ប៉ះពាល់​ដល់​តម្លៃ​គ.ជ.ប ដែល​គណបក្ស​ទាំងពីរ​បាន​ប្តេជ្ញា​ឲ្យ​ស្ថាប័ន​នេះ ក្លាយជា​ស្ថាប័ន​ឯករាជ្យ និង​អ​ព្យា​ក្រឹត្យ» ។ លើសពីនេះ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ ក៏បាន​ក្រើនរម្លឹក​លោក រ៉ុង ឈុន ឲ្យ​រក្សា​ជំហរ​អ​ព្យា​ក្រឹត្យ ដើម្បី​ធ្វើ​ស្ថាប័ន​គ.ជ.ប ឲ្យ​មាន​ប្រយោជន៍​សម្រាប់​ជាតិ និង​មាតុភូមិ ។

លោក រ៉ុង ឈុន ដែលជា​អតីត​ប្រធាន​សមាគម និង​ប្រធាន​សហជីព​ផង​នោះ មិន​នៅ​ស្ងៀម​ឲ្យ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រិះគន់​ខ្លួន​បានយូរ​ឡើយ ដោយ​លោក​បានចាត់ទុក​សេចក្តីថ្លែងការណ៍​នេះ​ថា គឺជា​ការ​បំបិទ​សិទ្ធិសេរីភាព​របស់លោក​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​គ្រាន់តែ​ចូលរួម​ឃ្លាំមើល​ការហែក្បួន​របស់​សហជីព ថ្វីបើ​លោក​ជា​សមាជិក​គ.ជ.ប ក្តី ។ លោក​អត្ថាធិប្បាយ​ថា លោក​មាន​សិទ្ធិ​គ្រប់គ្រាន់​សម្រាប់ធ្វើ​សកម្មភាព​នេះ ព្រោះ​ទង្វើ​របស់លោក​ធ្វើ​ពេលនេះ​ក្រៅពី​ម៉ោង​រដ្ឋបាល ពោល​ជា​ពេលដែល​លោក​ឈប់សម្រាក​ពី​ការងារ ហើយ​លោក​មិន​បានធ្វើ​សកម្មភាព ឬ​និយាយ តំណាង​ឲ្យ​ស្ថាប័ន គ.ជ.ប ឡើយ ។ « ខ្ញុំ​គ្រាន់តែ​ឃ្លាំមើល​ប៉ុណ្ណោះ ។ គ្មាន​សិទ្ធិ​អ្វី​មក​ហាម​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​តម្លៃ និង​ភាព​ឯករាជ្យ អ​ព្យា​ក្រឹត្យ​គ.ជ.ប ទេ ។ ថ្ងៃទី ១ ឧសភា ជា​ពេលដែល​ខ្ញុំ​សម្រាប់​ពី​ការងារ ពោលគឺ​ក្រៅ​ម៉ោង​រដ្ឋបាល ។ ប្រការ ២៥ បានចែង​យ៉ាងច្បាស់​ថា សមាជិក​គ.ជ.ប មិនអាច​យក​តួនាទី​ខ្លួន ទៅធ្វើ​សកម្មភាព ឬ​និយាយ​តំណាង​ឲ្យ​គ.ជ.ប ក្រៅពី​អ្នកនាំពាក្យ ឬ​ប្រធាន​គ.ជ.ប ឡើយ » ។ នេះ​ជាការ​បញ្ជាក់​របស់លោក រ៉ុង ឈុន ៕



© រក្សាសិទ្ធិដោយ thmeythmey.com