ជាតិ
សង្គមជាតិ
កំពង់ធំ កំពុងអភិវឌ្ឍន៍​ផ្លូវថ្នល់
04, May 2015 , 6:40 am        
រូបភាព
លោក ជូ កុល្លា ប្រធាន​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ
លោក ជូ កុល្លា ប្រធាន​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ
ដោយ:
កំពង់ធំ៖ បច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ក្នុង​ខេត្តកំពង់ធំ មានការ​រីកចម្រើន​គួរ​កត់​ឱ្យ​សម្គាល់ ក្រោយពី​ការខិតខំ​អភិវឌ្ឍ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ក្រុង។ អ្វីដែល​គួរកត់សម្គាល់​នោះ គឺ​មន្ទីរ​សាធារណការខេត្ត​មាន​គម្រោង​ប្រចាំឆ្នាំ សម្រាប់​អភិវឌ្ឍ​ផ្លូវ​ទាំងនោះ។ ពីមុន​មាន​ផ្លូវ​ដែរ ប៉ុន្តែ​ជា​ផ្លូវលំចាស់ៗ ឥឡូវបាន​ផ្លាស់​ជា​ផ្លូវ​ចាក់​កៅស៊ូ ឬ​បេតុង ដែល​បង្ក​ភាពងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍។

   
«នាពេលឆាប់ៗ ខាងមុខនេះ យើង​នឹង​បញ្ចប់​ការដ្ឋាន​ធ្វើ​ផ្លូវ​ចាក់​កៅស៊ូ ដែលមាន​បណ្តោយ នៅប្រប​មាត់​ស្ទឹង។ ផ្លូវ​កំពង់​ក្របៅ​នេះ មាន​បណ្តោយ​ជិត២គីឡូម៉ែត្រ និង​ទទឹង៨ម៉ែត្រ ដែលជា​ចំណាយរបស់​រដ្ឋ ចំនួន១ពាន់៦០លាន​រៀល»។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក​ប្រធាន​មន្ទីរ​សាធា​រណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ លោក ជូ កុល្លា។ លោក កុល្លា បន្តថា ក្រៅពីនេះ​ក៏មានគម្រោង​ផែនការ​ប្រចាំឆ្នាំ​នោះ មានដូចជា ការជួសជុល​ផ្លូវ​កំពង់​រទេះ ប្រវែង១គីឡូម៉ែត្រ​កន្លះ និង​ផ្លូវ​លេខ៧១ មាន​ប្រវែង​ជាង៤គីឡូម៉ែត្រ ចាក់​ពី​ផ្លូវជាតិ​លេខ៦ សំដៅទៅ​ត្រើង​ក្នុង​ខេត្តកំពង់ចាម។

លោក​បន្តថា៖«បន្ថែម​ពីនេះ យើង​ក៏មាន​ផែនការ​បន្ទាន់​ចំនួន​បី ដែល​ធ្វើ​នាពេល​ឆាប់​ខាងមុខនេះ ដូចជា ទីមួយ​ផ្លូវ២៦៤អា ចាក់​ពី​រំលង សំដៅទៅ​ផ្លូវ​លេខ៧១ ទី២ ផ្លូវ​ក្នុង​ក្រុង​ស្ទឹងសែន នៅ​ម្តុំ​ដំរី​ជាន់ខ្លា និង​ទី​បី ផ្លូវ​នៅ​ក្បាលស្ពាន​កំពង់​ឈើទាល ដែល​កំពុង​ទទួលរង​ការខូចខាត​ស្ថិតក្នុង​ភូមិ​កំពង់​ឈើទាល។ នេះ​ជា​គម្រោង អាទិភាព​ក្នុង​ឆ្នាំ២០១៥»។

មានបទពិសោធន៍​ក្នុង​ការងារ​នៅ​មន្ទីរ​សាធារណការ ជាង១២ឆ្នាំ​មកហើយ លោក​ប្រធាន​ក៏បានបន្តថា លោក​ក៏​សង្កេតឃើញ​ដែរ​ថា ផ្លូវជាតិ​លេខ៦ កំពុងដំណើរការ​សាងសង់​ដោយ​ក្រុមហ៊ុន​តៃវ៉ាន់ធ្វើបាន​ឆាប់រហ័ស ហើយ​ផ្លូវ​ក៏​មាំទាំ​ជាង​មុន ប៉ុន្តែ​លោក​ក៏​មិន​បានដឹង​ច្បាស់​ទេ តើ​គេ​នឹង​បញ្ចប់​នាពេលណា​នោះដែរ។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខេត្តកំពង់ធំ មានការ​រីកចម្រើនច្រើន ហើយ​ប្រែប្រួល​លើ​គ្រប់​វិស័យ​ដូចជា សោភ័ណភាព​ក្រុង ហេដ្ឋារចនាសម្ព័ន្ធ​ក៏​រីកចម្រើន​មាន​ផ្លូវថ្នល់។ ជាក់ស្តែង ក្រោយពី​ការប្រកួតប្រជែង​ក្រុង​ស្អាត ក្រុង​ស្ទឹងសែន​ក៏​ទទួលបាន​ចំណាត់ថ្នាក់​ទី២(រំដួល២ទង)។ នេះ​សុទ្ធតែ​មានការ​អភិវឌ្ឍ​ច្រើន​ដែរ ទើប​គេ​អាច​វាយតម្លៃ​បានជា​លទ្ធផល​ដូច្នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com