ជាតិ
អ្នកតស៊ូមតិឆ្នើមត្រូវស្រាវជ្រាវឲ្យបានច្រើនប្រភព ចេះគ្រប់គ្រងអារម្មណ៍ និងសហការក្រុម 04, May 2015 , 4:39 pm
ភ្នំពេញ៖ សមាជិកទាំង ៣រូបនៃក្លឹបអ្នកតស៊ូមតិក្នុងវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង (AII) ដែលជាក្រុមជ័យលាភីតស៊ូមតិឆ្នើមប្រចាំឆ្នាំ ២០១៥នេះ បានអះអាងដូចៗគ្នាថា អ្នកតស៊ូមតិឆ្នើមត្រូវតែចេះគ្រប់គ្រងអារម្មណ៍ក្នុងការប្រកួត ពោលគឺ ត្រូវមានភាពក្លាហានជាមួយនឹងការគិតពិចារណាលើកហេតុផលគ្រប់ជ្រុងជ្រោយ។ ហើយថា ការស្រាវជ្រាវច្រើនតាមគេហទំព័រអង្គភាពផ្លូវការ និងកិច្ចសហការក្រុម គឺជាកត្តាជំរុញឲ្យមានការគិតពិចារណាល្អប្រសើរ និងភាពក្លាហាន។
មុននឹងចាកចេញទៅប្រកួតប្រចាំតំបន់អាស៊ីដែលនឹងធ្វើឡើងអំឡុងសន្និសីទអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៥ នោះ តំណាងជ័យលាភីតស៊ូមតិឆ្នើមកម្ពុជាឆ្នាំ ២០១៥ បានប្តេជ្ញាត្រៀមខ្លួនរួចហើយថា ពួកគេនឹងប្រឹង ប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះក្នុងការប្រកួត។ ការប្រកួតនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ទី១៤ ខែមិថុនា ក្នុងប្រទេសម៉ាឡេស៊ី។
ប្រធានក្រុមអ្នកតស៊ូមតិ និងជាជ័យលាភីវោហាសព្ទសាធារណៈប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក កញ្ញា ប៉ែន សុខអានបានឲ្យសារព័ត៌មានថ្មីៗដឹងពីវិធីសាស្ត្រត្រៀមប្រកួតថា កញ្ញា និងសមាជិកបានសិក្សាស្រាវជ្រាវ នូវរាល់ប្រធានបទដែលទាក់ទងនឹងកម្មវិធីប្រកួត។ ហើយថា កញ្ញាត្រូវបែងចែកពីរក្រុម ពោលគឺ អ្នកគាំទ្រ (Proponent) និងអ្នកជំទាស់ (Opponent) ដើម្បីលើកយកប្រធានបទនោះ មកជជែកដេញដោល។
ជ័យលាភីឆ្នើមរូបនេះ លើកឡើងយ៉ាងដូច្នេះថា៖«យើងត្រូវស្រាវជ្រាវរាល់ឯកសារព័ត៌មានផ្លូវការ ដែលទាក់ទងនឹងប្រធានបទនោះជាមុន ហើយយើងត្រូវប្រាកដថា ក្រុមយើងអាចតស៊ូមតិទាំងមតិស្រប និងប្រឆាំង ព្រោះគេតម្រូវឲ្យមានក្រុមទាំងពីរនេះជាដាច់ខាត»។
ដោយឡែក បើប្រៀបធៀបពីភាពខុសគ្នារវាងការប្រកួតផ្នែកតស៊ូមតិឆ្នើម និងផ្នែកវោហារស័ព្ទ ជាសាធារណៈវិញនោះ នារីវ័យ ១៩ឆ្នាំ ដែលជាតំណាងទ្វីបអាស៊ីប៉ាស៊ីហ្វិក បានចូលរួមប្រកួតពាន រង្វាន់វោហារស័ព្ទជាសាធារណៈថ្នាក់ពិភពលោកកាលឆ្នាំ២០១៤កន្លងមកនេះ ប្រាប់ថា ក្រុមអ្នកតស៊ូមតិឆ្នើម ទាមទារឲ្យមានការស្រាវជ្រាវ និងកិច្ចសហការសមាជិកក្រុមច្រើន។ រីឯ ផ្នែកវោហារស័ព្ទជា សាធារណៈវិញ កញ្ញាថា បេក្ខជនត្រូវស្រាវជ្រាវសរសេរអត្ថបទគ្រប់ជ្រុងជ្រោយមួយ ដើម្បីត្រៀមបង្ហាញគណៈកម្មាធិការដាក់ពិន្ទុ។
«ទាំងការប្រកួតវោហាស័ព្ទសាធារណៈ និងទាំងការតស៊ូមតិ បេក្ខជនត្រូវស្រាវជ្រាវឲ្យច្រើន ដើម្បីប្រមូល យកគំនិត ហើយបំបែកគំនិតនោះ។ ក្រៅពីនេះបេក្ខជនត្រូវមានស្មារតីក្រុមផ្ចង់អារម្មណ៍ប្រកួត ដើម្បីវាយ បកទៅដៃគូលើប្រធានបទនោះ»។ នេះជាបទពិសោធន៍បទពិសោធន៍របស់ជ័យលាភីឆ្នើមទាំងផ្នែកតស៊ូ មតិ និងវោហាស័ព្ទជាសាធារណៈកញ្ញា ប៉ែន សុខអាន។
ជាមួយគ្នានេះ លោក ប៊ុន ធានឆាយ ជាសមាជិកនៃក្លឹបអ្នកតស៊ូមតិនៃ AII បានរៀបរាប់ពីកិច្ចសហ ការក្រុមថា ក្រុមលោកតែងតែឆ្លៀតពីការសិក្សា ដើម្បីជួបពិភាក្សាគ្នាជាប្រចាំ មុនការប្រកួតមកដល់។
ដោយសារពួកគេរវល់នឹងការសិក្សារៀងៗខ្លួននោះ ពេលខ្លះពួកគេក៏បានទាក់ទងពិភាក្សាតាមប្រព័ន្ធ ទំនាក់ទំនងសង្គមក្នុងសម័យបច្ចេកវិទ្យាទំនើប និងសំបូរបែបនាពេលបច្ចុប្បន្ននេះដែរសមាជិកនៃក្រុមជ័យលាភីតស៊ូមតិឆ្នើមរូបនេះ ថា៖«ក្រៅពីជួបគ្នាផ្ទាល់ ពួកយើងក៏បានបង្កើតក្រុមមួយ ក្នុងបណ្តាញសង្គមហេ្វសប៊ុក ដើម្បីផ្ញើឯកសារ និងពិភាក្សាគ្នាដែរ។ យើងពិភាក្សាគ្នារហូតទល់តែរកគំនិត រួមមួយ មុនឡើងលើវេទិកាប្រកួត»។
មិនខុសគ្នាពីប្រធានក្រុមនោះទេ លោក ឌួង វិរៈដែលជាក្រុមជ័យលាភីតស៊ូមតិ និងជាសមាជិកម្នាក់នៃក្លឹបអ្នកតស៊ូមតិនៃ AIIដែរនោះ បាននិយាយថា អ្នកតស៊ូមតិដ៏ឆ្នើមត្រូវតែស្រាវជ្រាវ ដើម្បីរកគំនិតល្អៗ ក្នុងការប្រកួតជាមួយភាភីម្ខាងទៀត។ «យើងស្រាវជ្រាវច្រើនតាមគេហទំព័រផ្លូវការរបស់ស្ថាប័ន អង្គជាតិនានា ដូចនេះធ្វើឲ្យយើងមានអំណះអំណាងត្រឹមត្រូវជាក់ស្តែង។ ពេលនោះ យើងនឹងមានជំនឿ ជាក់លើខ្លួនឯង និងបញ្ចេញអស់ពីសមត្ថភាពប្រជែងជាមួយដៃគូរប្រកួតយើង ពិសេសនោះគឺ យើងចេះគ្រប់គ្រងអារម្មណ៍ភ័យខ្លាចលើវេទិកា»។ នេះជាការអះអាងពីរបៀបត្រៀមតស៊ូមតិរបស់លោក វិរៈ។
អំឡុងពេលត្រៀមចូលរួមប្រកួតនេះដែរ លោក Dharmendra S K លេខាប្រតិបត្តិ និងជាគ្រូបង្ហាត់ក្នុងក្លឹបតស៊ូមតិនៃ AII បានថ្លែងឲ្យដឹងថា ក្លឹបកំពុងតែហ្វឹកហាត់បន្ថែម ដល់ជ័យលាភីទាំង ៣រូបនេះ។ លោកបន្ថែមថា ក្លឹបកំពុងតែបានបង្ហាត់ឲ្យពួកគេស្គាល់ពីចំណុចខ្លាំង ចំណុចខ្សោយរៀងៗខ្លួន ដោយលោកតម្រូវឲ្យពួកគេត្រូវទាញយកចំណុចខ្សោយទាំងនោះ មកបញ្ចេញមកក្រៅជាមួយមិត្តភក្តិ និងសាច់ញាតិ។
«យុវសិស្សទាំង ៣រូបនេះ មានភាពឈ្លាសវៃ ខិតខំប្រឹងប្រែងខ្ពស់ក្នុងការសិក្សាមានភាពជឿជាក់លើខ្លួនឯង ពួកគេនឹងអាចទទួលបាននូវជ័យជម្នះ»។ នេះជាជំនឿជាក់របស់លោកDharmendra S K ។
គួរបញ្ជាក់ថា ជ័យលាភីតំណាងកម្ពុជានឹងត្រូវទៅចូលរួមក្នុងការប្រកួតប្រចាំតំបន់ដែលនឹងធ្វើឡើងអំឡុងសន្និសីទអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៥ នៅថ្ងៃទី១១ ដល់ទី១៤ ខែមិថុនាក្នុងប្រទេសម៉ាឡេស៊ី។ហើយក្រុមដែលទទួលបានជ័យជំនះក្នុងកម្មវិធីនោះនឹងបន្តទៅប្រកួតប្រជែងជ្រើសជើងឯកពិភពលោកដែលនឹងប្រារព្ធក្នុងខែវិច្ឋិកានៅប្រទេសជប៉ុន។
គួររម្លឹកផងដែរថា ក្នុងឆ្នាំ២០១៣ សិស្ស Aii ទទួលបានជ័យលាភីអ្នកតស៊ូមតិដ៏ឆ្នើមហើយបានតំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតនៅប្រទេសកូរ៉េ។ បន្ទាប់មកនៅឆ្នាំ២០១៤ សិស្ស Aii ដដែល តំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតនៅប្រទេសជប៉ុនទទួលបានជ័យលាភីលើបណ្តាប្រទេសក្នុងតំបន់អាអាស៊ីប៉ាស៊ីហ្វិកហើយបន្តតំណាងឲ្យទ្វីបអាស៊ីទាំងមូលទៅចូលរួមការប្រកួតផ្ដាច់ព្រ័ត្រថ្នាក់ពិភពលោកនៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ជាមួយដៃគូឆ្នើម ៣នាក់ទៀត មកពីទ្វីបអាមេរិក អឺរ៉ុប និងអាហ្វ្រិក៕
© រក្សាសិទ្ធិដោយ thmeythmey.com