ជាតិ
​​​ន​យោ​បាយ​ជាតិ​
LDP ប្តឹង​លោក​ស៊ន តារា ពីបទ​បរិហារកេរ្តិ៍ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង
04, May 2015 , 8:15 pm        
រូបភាព

គណបក្ស​ស​ម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ព្រះរាជ​អ​ជ្ញា​អប​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​លោក ស៊ន តារា សាស្ត្រាចារ្យ​ទស្សនវិជ្ជា នៃ​សាកលវិទ្យាល័យ​មួយ​នៅ​ខេត្តសៀមរាប ពីបទ​បទ​បរិហារកេរ្តិ៍ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង ។


គម្រោង​នៃ​ការប្តឹង​លោក​ស៊ន តារា ពី​សំណាក់ LDP បាន​ក្លាយជា​ការពិតហើយ។ ក្នុងនាម​ជា​អគ្គលេខាធិការរង និង​ជា​អ្នកតំណាង​ឲ្យ​គណបក្ស​ស​ម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ឆឺ​យ ប៊ុនធឿន បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ព្រះរាជ​អ​ជ្ញា​អម​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​លោក ស៊ន តារា ពីបទ​បរិហា​រេ​ក្តិ៍ និង បទ​ញុះញង់​ឲ្យ​មានការ​រើសអើង នៅ​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ នេះ ។ នេះ​បើតាម​ការអះអាង​របស់​លោក កូវ គា អ្នកនាំពាក្យ​គណបក្ស​ស​ម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ ។

លោក​កូវ គា បញ្ជាក់ប្រាប់​សារពត៌មានថ្មីៗថា មូលហេតុ​ដែល LDP សម្រេចចិត្ត​ប្តឹង​លោក​ស៊ន តារា ដោយសារតែ បុគ្គល​រូបនេះ បាន​សរសេរ​សំណេរ​បង្ហោះ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ ទាក់ទង​ទៅនឹង​ការស្លាប់​របស់ លោក បុប្ផា សិលា អតីត​សកម្មជន​គណបក្ស​ដែល​ក្នុង​សំណេរ​នោះ​សរសេរថា៖«សាច់ញាតិ​គ្រួសារ​សព​ប្អូនប្រុស​បុប្ផា​សិលា​បាន​ទូរស័ព្ទ​មក​ខ្ញុំ​នៅថ្ងៃនេះ​សុំ​ឲ្យ​ខ្ញុំ​ជួយ​បង្ហោះ​ពាក្យ​របស់​ពួកគាត់។ ពួកគាត់​ផ្តាំ​ថា ខឹម វាសនា​បាន​ផ្តល់ប្រាក់​ជូន​គ្រួសារ​សព​ហើយ​គ្រប់គ្រង​បុណ្យ​នោះ​ដោយ​ទាញ​ចូលទៅក្នុង​កម្មវិធី​បក្ស។ការស្លាប់​របស់​សិលា មិន​ពាក់ព័ន្ធ​នឹង​បេសកកម្ម​បក្ស​ទេ​គឺជា​ទំនាស់​ធម្មតា ។ការ​លូកដៃ​របស់​ជួង​ធ្វើ​ឲ្យ​ប្អូន​សិលា​ទទួល​ការ​ស្អប់ខ្ពើម​ពី​មហាជន​យ៉ាង​អយុត្តិធម៌​ព្រោះ​គេ​គិតថា​ដោយសា​តែ​វប្បធម៌​ជេរប្រមាថ​អសីលធម៌ ទើប​បណ្តាល​ឲ្យ​ប្អូន​ស្លាប់​ប្រែក្លាយ​ពី​ទុក្ខសោក​ស្តាយ ទៅជា​ត្រេកអរ​ពី​មហាជន​ទៅវិញ» ។

បន្ទាប់មក​នៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ លោក ស៊ន តារា ក៏បាន​បង្ហោះ​សំណេរ​មួយ​ទៀតថា៖ «យោងតាម​វិទ្យុ​បារាំង RFI ឪពុក សិលា​ស្អប់​មនោគមវិជ្ជា អសីលធម៌​ជេរប្រមាថ​របស់ ខឹម វាសនា។ តែ​ក្រោយមក គាត់​មាន​មោទនភាព​ក្រោម​ការ​ជ្រោមជ្រែង យកចិត្តទុកដាក់ ពី​ជួង និង​ទទួលបាន​ការសរសើរ​ពី​អ្នកជិតខាង។ នេះ បញ្ជាក់ថា​ការស្លាប់​របស់ សិលា ពិតជា​ធ្វើ​ឲ្យ​ជួង ចំណេញ ទទួលបាន​អ្នក​យល់​ថ្មី (ធ្វើស្រែ​លើ​ខ្នង​សព)។ ចូរ​មើល​ឲ្យ​ឃើញ​ពី​ចេតនា​របស់ វាសនា កុំ​មើល​តែ​រូបភាព»។ ការ​បង្ហោះ​សំណេរ​របស់លោក​ស៊ន តារា ទាំងពីរ​លើក​នេះ ត្រូវបាន​លោក កូវ គា អះអាងថា ជាការ​លាប​ពណ៌​ដែល​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់លោក បុប្ផា សិលា និង​គណបក្ស​ខ្លួន ដែលជា​ហេតុ​នាំ​ឲ្យ​គណបក្ស​សម្រេច​ប្តឹង​លោក ស៊ន តារា ។

ឆ្លើយតប​នឹង​ការប្តឹង​នេះ លោក​ស៊ន តារា​ប្រាប់​សារព័ត៌មានថ្មីៗថា លោក​មាន​អារម្មណ៍​ធម្មតា គ្មានអ្វី​ព្រួយបារម្ភ​ទេ ហើយ​លោក​បញ្ជាក់៖«ខ្ញុំ​មិន​យក​ខ្មែរ​ណា​ធ្វើជា​សត្រូវ​ទេ។តែបើ​ការប្តឹង​នេះ​មាន​អំពើ​អយុត្តិធម៌​សម្រាប់​រូបខ្ញុំ ខ្ញុំ​ក៏​អាច​ប្តឹង​ត្រឡប់​ទៅវិញ​ដែរ»៕



© រក្សាសិទ្ធិដោយ thmeythmey.com