ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន CNRP ត្រូវ​ចូល​បំភ្លឺ​ក្នុង​សវនាការ​អង្គសេចក្ដី​រក​ខុសត្រូវ
05, May 2015 , 3:48 pm        
រូបភាព
ដោយ: ថ្មីៗ
សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាថ្មី ដើម្បី​បើកសវនាការ​អង្គសេចក្ដី​រក​ខុសត្រូវ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ដឹកនាំ​បាតុកម្ម បង្ក​ឲ្យ​មាន​អំពើហិង្សា​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ឆ្នាំមុន​កន្លងទៅ។ នេះ​បើតាម​លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្ដី​លោក មា​ជ សុវណ្ណារ៉ា។


ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ថ្ងៃ​អង្គារ​នេះ លោក ជូ​ង ជូ​ងី មានប្រសាសន៍ថា ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុជាតិ បាន​បង្គាប់​ឲ្យ​ឈ្មោះ មា​ជ សុវណ្ណារ៉ា ចូល​បំភ្លឺ​នៅ​ថ្ងៃទី១៩ ខែ ឧសភា វេលា​ម៉ោង៨ព្រឹក ដើម្បី​ឆ្លើយបំភ្លឺ​ពី​ការចោទប្រកាន់​នោះ។ ជាមួយគ្នានេះ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏ត្រូវ​ចូល​បំភ្លឺ​ដែរ។ «លោក មា​ជ សុវណ្ណារ៉ា ត្រូវ​ចូល​បំភ្លឺ​ក្នុង​តុលាការ។ហើយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ចោទប្រកាន់​កន្លងមក ប្រហែលជា១១នាក់​ក៏ត្រូវ​ចូល​ដែរ។ ការចូល​បំភ្លឺ​នេះ​គឺ​ដើម្បី​បើកសវនាការ​អង្គសេចក្ដី​រក​ខុសត្រូវ បានន័យថា បើ​តុលា​ការមិន​រកឃើញ​កំហុស​ទេ លោកមា​ជ សុវណ្ណារ៉ា អាច​រួច​ផុតពី​ការចោទប្រកាន់ »។ នេះ​ជាការ​បញ្ជាក់​របស់លោក ជូ​ង ជូ​ងី។

មេធាវី​រូបនេះ យល់ថា ដំណើរការ​របស់​តុលាការ​នាពេលនេះ គឺជា​ការល្អ​ដែល​តុលាការ​បាន​ព​ន្លឿ​ន​តាម​និតិ​វិធី​របស់ខ្លួន។ តែ​យ៉ាងណា​រូបលោក នៅតែ​អះអាង​ការពារ​កូនក្ដី​លោក​ថា មិនបាន​ប្រព្រឹត្តិ​ខុស​តាម​ការចោទប្រកាន់​ឡើយ។

លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន៤រូប​ផ្សេងទៀត ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី ១៣ មេសា កន្លងទៅ៕






© រក្សាសិទ្ធិដោយ thmeythmey.com