ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
អគ្គនាយកអាជ្ញាធរអប្សរា៖ ការកំណត់ចំនួនភ្ញៀវឡើងបាកាន្តគឺដើម្បីសង្គ្រោះប្រាសាទ 05, May 2015 , 8:49 pm
រួតបាកាន្តនៃប្រាសាទអង្គរវត្ត
× សៀមរាប៖ ប្រតិកម្មរបស់មគ្គុទ្ទេសក៍ទេសចរណ៍បានផ្ទុះឡើងសាជាថ្មី ទៅលើការកំណត់ចំនួនភ្ញៀវឡើងទស្សនារួតបាកាន្តនៃប្រាសាទអង្គរវត្ត។ មានការឈ្លោះប្រកែកគ្នាខ្លាំងៗកាលពីថ្ងៃទី៤ ឧសភា ដោយក្រុមមគ្គុទ្ទេសក៍ និងបុគ្គលិកនៃអាជ្ញាធរអប្សរា ដែលតម្រូវឲ្យភ្ញៀវតម្រង់ជួរយកលេខរៀងឡើងបាកាន្ត។ ជុំវិញបញ្ហានេះ អគ្គនាយកនៃអាជ្ញាធរអប្សរា បានពន្យល់ថា ការកំណត់នេះមានរយៈពេលយូរមកហើយ ដែលលោកមិនយល់ចំពោះការបញ្ចេញប្រតិកម្មនេះ។ មិនយល់ព្រោះថា ចាប់ពីអនុវត្តគោលការណ៍តាំងពីឆ្នាំ២០១០មក មិនធ្លាប់មានមតិរិះគន់នោះ ហេតុអ្វីទើបពេលនេះមានបញ្ហា។ តាមការបញ្ជាក់របស់លោក ប៊ុន ណារិទ្ធ ការអនុវត្តគោលការណ៍ខាងលើ គឺដើម្បីសង្គ្រោះបាកាន្ត ដែលមានសភាពទ្រុឌទ្រោមហើយនោះ។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរាស្តីពីការកំណត់ភ្ញៀវឡើងបាកាន្ត គឺចាប់ផ្តើមតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០១០មកម្លេះ។ ក្នុងសេចក្តីជូននោះបានបញ្ជាក់ថា ភ្ញៀវដែលឡើងត្រូវមានសុខភាពល្អ សំលៀកបំពាក់សមរម្យ និងមានអាយុចាប់ពី១២ឆ្នាំឡើង។ ត្រូវចុះឈ្មោះយកលេខរៀង ហើយពេលទស្សនាមិនត្រូវលើសពី១០០នាក់ និងមានរយៈពេលមិនលើសពី៣០នាទីឡើយ។ ដោយឡែកសម្រាប់ថ្ងៃសីល ត្រូវបិទការទស្សនា។
សម្រាប់ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍វិញយល់ថា អាជ្ញាធរអប្សរាមិនបានអនុវត្តគោលការណ៍ឡើងបាកាន្តឲ្យបានត្រឹមត្រូវនោះទេ។ ការកំណត់ម៉ោងដល់ភ្ញៀវ មិនត្រឹមត្រូវ ដោយសារមានភ្ញៀវខ្លះដើរលើសពេលវេលា ហើយលើបាកាន្តនោះសោត ពុំមានបុគ្គលិកអប្សរាមើលការខុសត្រូវជុំវិញបញ្ហានេះដែរ ដែលបណ្តាលឲ្យភ្ញៀវដែលរង់ចាំឡើងបន្ត មានការត្អូញត្អែរជាខ្លាំង។ តាមការបញ្ជាក់ពីក្រុមមគ្គុទ្ទេសក៍ ការកំណត់ចំនួនឡើងបាកាន្តធ្លាប់អនុវត្តមួយរយៈ ហើយក៏បានផ្អាកទៅវិញក្រោយមានប្រតិកម្ម។ យ៉ាងណា ការអនុវត្តនេះបានលេចជារូបរាងវិញ ដែលបណ្តាលឲ្យមានការខឹងសម្បារជាខ្លាំងពីក្រុមមគ្គុទ្ទេសក៍។
ជុំវិញបញ្ហានេះ សូមស្តាប់ការបកស្រាយរបស់លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា និងអ្នកនាង អ៊ីសា រ៉ហានី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ដែលបានជួបសម្ភាសន៍ផ្ទាល់នៅព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ២០១៥ ។
© រក្សាសិទ្ធិដោយ thmeythmey.com