ជាតិ
​​​ន​យោ​បាយ​ជាតិ​
វប្បធម៌​សន្ទនា​គ្នា៖ លោក ហ៊ុន សែន រៀប​ក្បួន​រក្សា​អំណាច លោក សម រង្ស៊ី រៀប​ក្បួន​ផ្ទេរអំណាច​ដោយ​សន្តិវិធី
08, May 2015 , 4:31 pm        
រូបភាព
ដោយ:

ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ក្នុង​រយៈពេល​ចុងក្រោយ​នេះ​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពី​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នាំគ្នា​អនុវត្ត​វប្បធម៌​សន្ទនា​គ្នា។ វប្បធម៌​សន្ទនា​គ្នា ដែល​លោក​ប្រមុខ ដឹកនាំ​បក្ស​ទាំងពីរ​តែងតែ​និយាយ​ដូចគ្នា​ថា ធ្វើឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ជាតិ និង​ប្រជាពលរដ្ឋ ។ អ្នកវិភាគ​នយោបាយ​យល់ថា ហេតុផល​សំខាន់​នៅ​ពីក្រោយ​វប្បធម៌​សន្ទនា​គ្នា ក្រៅពី​បញ្ហា​ជាតិ លោក​ទាំងពីរ​កំពុងតែ​រៀបចំ​យុទ្ធសាស្ត្ររៀងៗខ្លួន ដើម្បី​ចំណេញ​នយោបាយ។ លោក សម រង្ស៊ី រៀបចំ​យុទ្ធសាស្ត្រ​លួងលោម​ឲ្យ​លោក ហ៊ុន សែន ផ្ទេរ​អំ​ណា​ដោយ​សន្តិវិធី ឯ​លោក ហ៊ុន សែន រៀប​ក្បួន​ដើម្បី​រក្សា​អំណាច​ទៅមុខទៀត ។


មាន​ក្បួន​យុទ្ធសាស្ត្រ​ចំនួន ២ សំខាន់ៗ ដែល​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កំពុងតែ​រៀបចំឡើង​ដើម្បី​ប្រយោជន៍រៀងៗខ្លួន ក្រោម​ស្លាក​វប្បធម៌​សន្ទនា​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ និង​ប្រជាពលរដ្ឋ។ នេះ​ជា​អ្វីដែល​អ្នកវិភាគ​នយោបាយ លោក អ៊ូ វីរៈ មើលឃើញ​នៅ​ពីក្រោយ​វប្បធម៌​សន្ទនា​គ្នា រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ។ លោក អ៊ូ វីរៈ អត្ថាធិប្បាយ​ថា តាមរយៈ​វប្បធម៌​សន្ទនា​គ្នា លោក ហ៊ុន សែន មាន​ទិសដៅ​មួយ​សំខាន់ គឺ​ចង់​រក្សា​អំណាច​របស់ខ្លួន​ឲ្យ​បាន​តទៅទៀត នៅក្នុង​ការបោះឆ្នោត​អាណត្តិ​ក្រោយ មានន័យថា លោក ហ៊ុន សែន ខំ​រក្សា​ប្រជាប្រិយភាព​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​លោក​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី។

អ្នកវិភាគ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា ៖ «  លោក ហ៊ុន សែន គាត់​ចង់បាន​ស្ថានការណ៍​នយោបាយ​ខ្មែរ​បែបនេះ ពោលគឺ​បក្ស​ទាំងពីរ​ស្ងៀមស្ងាត់​អនុវត្ត​វប្បធម៌​សន្ទនា​គ្នា ព្រោះ​គាត់​មានអំណាច​ស្រាប់​ហើយ។ គាត់​រក្សា​ការស្ងៀមស្ងាត់​របស់​បក្ស​ប្រឆាំង​តាមរយៈ​វប្បធម៌​សន្ទនា​គ្នា​ឲ្យ​បាន​ទៅ គឺ​គាត់​នឹង​ឈ្នះ​ទៀត ព្រោះ​គណបក្សប្រឆាំង ឈប់​បាន​វាយប្រហា​រដ្ឋាភិបាល។ បើ​ឈប់​វាយប្រហារ​រដ្ឋាភិបាល ស្មើនឹង​ធ្វើ​ឲ្យ​បក្ស​នេះ​បាត់បង់​ប្រជាប្រិយភាព ព្រោះ​បក្សប្រឆាំង មិនអាច​ធ្វើ​អ្វី​បាន​ក្រៅពី​រិះគន់​នោះទេ ហើយ​បក្ស​កាន់អំណាច​នឹង​អាច​កើន​ប្រជាប្រិយភាព​ថែមទៀត ។ វា​ឧបមា​ដូចជា នៅពេល​ដែលមាន​អំពើ​អយុត្តិធម៌​កើតឡើង ហើយ​អ្នកឃ្លាំមើល មិន​និយាយស្តី  មិន​រិះគន់​នោះ​វា​ជា​ក្តី​ប្រ​ថ្នា​របស់​អ្នក​ព្រឹ​ត្ត » ។

ចំណែកឯ​កលោក សម រង្ស៊ី វិញ លោក អ៊ូ វីរៈ អះអាងថា លោក​មេបក្ស​ប្រឆាំង​មិនមែន​កំពុង​អនុវត្ត​វប្បធម៌​សន្ទនា​គ្នា​ទេ​ តែ​លោក សម រង្ស៊ី កំពុង​រៀបចំ​ក្បួន​យុទ្ធសាស្ត្រ លួងលោម លោក ហ៊ុន សែន ឲ្យ​មានការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត​អាណត្តិ​ក្រោយ ។ លោក​ថា លោក សម រង្ស៊ី ជឿជាក់ថា ការបោះឆ្នោត​លើក​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួលបាន​ជ័យជំនះ ។ « លោក សម  រង្ស៊ី គាត់​គិតថា ខ្លួន​គាត់​ឆ្លាត ដោយ​សង្ឃឹមថា បោះឆ្នោត​លើក​ក្រោយ​យុវជន​ភ្លូកទឹកភ្លូកដី នឹង​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ព្រោះ​គាត់​យល់ថា ឆ្នាំ ២០១៣ យុវជន​គាំទ្រ​បក្ស​គាត់​ច្រើន​ហើយ ចុះ​ទម្រាំ ២០១៨ យុវ​ជ​នឹង​កើនឡើង ហើយ​ការគាំទ្រ​ក៏​កើនឡើង​ដែរ » ។ នេះ​ជាការ​វិភាគ​របស់លោក អ៊ូ វីរៈ ។

អ្នកវិភាគ​រូបនេះ បានចាត់ទុក​ការរំពឹងទុក​របស់លោក សម រង្ស៊ី ថា មិន​ត្រឹមត្រូវ​ឡើយ ហើយ​ប្រសិនបើ​នៅតែ​បន្ត​បែបនេះ អាណត្តិ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​បរាជ័យជាថ្មី​។ លោក ថា គ្រាន់តែ​យុទ្ធសាស្ត្រ​របស់លោក សម រង្ស៊ី ចេញមក លោក ហ៊ុន ដឹង​មុន​ជានិច្ច ។  លោក អ៊ូ វីរៈ បរិយាយ​ដូច្នេះ​ថា ៖ « លោក សម រង្ស៊ី កំពុងតែ​គិត​ខុស ។ កាលណា​ស្ថានភាព​វា​នៅ​ថេរ​ដូច​បច្ចុប្បន្ន វា​ចំណេញ​សម្រាប់​បក្ស​ប្រជាជន។ ម្យ៉ាងទៀត លោក សម រង្ស៊ី មិន​ពូកែ​ទេ ហើយ​មិនអាច​ទៅរួច​ជាមួយ​លោក ហ៊ុន សែន ទេ ពីព្រោះ​លោក ហ៊ុន សែន​មើលឃើញ​ផ្លូវ​ដើរ​របស់លោក សម រង្ស៊ី ១០០ ជំហាន​មុន​ឯណោះ។ លោក ហ៊ុន សែន មិនមែន​អ្នកនយោបាយ​ក្មេងខ្ចី​ទេ ។ គាត់​ធ្លាប់មាន​បទពិសោធន៍​ច្រើនណាស់​ក្នុង​រឿងនេះ» ៕



© រក្សាសិទ្ធិដោយ thmeythmey.com