ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ អាជ្ញាធរ​កម្ពុជា​នឹង​បញ្ជូន​ពលករ​ខ្មែរ​ជាង ១០០នាក់​មកពី​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​វិញ
09, May 2015 , 11:27 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ អាជ្ញាធរ​ក្រសួងការបរទេស​កម្ពុ​ជា នឹង​បញ្ជូន​ពល​ការិនី និង​នារី​ជំនួយការ​មេផ្ទះ​ចំនួន ៣នាក់ មកពី​ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី៩ ឧសភា​នេះ។ ដោយឡែក ពលករ​ខ្មែរ​រងគ្រោះ​លើ​ទូក​នេសាទ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ជាង ១០០នាក់​ផ្សេងទៀត នឹង​បញ្ជូន​ត្រូវ​មកវិញ​ជា​បន្តបន្ទាប់ នាពេលខាងមុខ។


អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួ​ង បាន​ឲ្យ​ដឹងថា ស្ថានទូត​កម្ពុជា​បាន​សហការ ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី ក្នុងការ​ជួយសង្គ្រោះ​ពលករ​ខ្មែរ​ចំនួន ៥៩នាក់ ចេញពី​ទូក​នេសាទ ខុសច្បាប់។ ដោយឡែក ចំពោះ​ករណី​ព័ត៌មាន ដែលថា​មាន​ពលករ​ខ្មែរ​ចំនួន ៣៦នាក់​ទៀត នៅលើ​កោះ​បេន​ជី​ណា (Benjina) ប្រទេស​ឥណ្ឌូនេស៊ី​នោះ លោក​បន្ថែម​តាមរយៈ​សេចក្តីប្រកាស ព័ត៌មាន​ថា មន្ត្រី​ស្ថានទូត និង​មន្ត្រី​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ នឹង​ទៅ​ជួប​សម្ភាសន៍​ផ្ទាល់ នៅ​ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០១៥ ខាងមុខនេះ ដើម្បី​បញ្ជូន​ពលករ​ទាំង​នោះមក​មាតុប្រទេសវិញ។

បើតាម​ប្រភព​ដដែល នាពេលថ្មីៗនេះ ស្ថានទូត​កម្ពុជា​ក៏បាន​សហការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី ជួយសង្គ្រោះ​ពលករ​ខ្មែរ​ចំនួន ៣២នាក់​ផ្សេងទៀត​ដែរ។ «ស្ថានទូត​បាន​សហការ​ជាមួយ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ដើម្បី​បញ្ជូន​ពលករ​ខ្មែរ​ទាំង៣២នាក់​នេះ​មក​កម្ពុជា​វិញ នាពេល​ខាងមុខ»។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កុយ គួង។

ចំពោះ​ពល​ការិនី និង​នារី​ជំនួយការ​មេផ្ទះ​ចំនួន៣នាក់​ក្នុងប្រទេស​ម៉ាឡេស៊ី​វិញ​នោះ លោក កុង កួយ ឲ្យ​ដឹងថា អាជ្ញាធរ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បានចេញ​លិខិត​ធ្វើដំណើរ និង​អន្តរាគមន៍​ជួយ​ទាមទារ​ប្រាក់ខែ​ពី​ថៅកែឲ្យ​ពល​ការិនី និង​នារី​ជំនួយការ​មេផ្ទះ​វិញ។

ពល​ការិនី​ទាំ​នេះ រួមមាន ទី១, ពល​ការិនី ឈ្មោះ គឹ​ង ឆវី មាន​ស្រុកកំណើត​នៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម។ ទី២, ពល​ការិនី ឈ្មោះ សុខ រ៉េ​ន មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។ ទី៣, ជំនួយការ​មេផ្ទះ ឈ្មោះ ផល ផា​រ័ត្ន មាន​ស្រុកកំណើត​នៅ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។ ពួកគេ​នឹង​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី៩ ខែ ឧសភា​នេះ ឆ្នាំ ២០១៥ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ៕




© រក្សាសិទ្ធិដោយ thmeythmey.com