ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ ជំនួយឥតសំណងជប៉ុនប្រមាណ ៣ពាន់លានយ៉េនមិនត្រូវបានលុបចោលទេ 10, May 2015 , 3:30 pm
×
ភ្នំពេញ៖ លោក កុយ គួង បានឲ្យដឹងថា គម្រោងនៃការចុះ ហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុពិភាក្សា ស្តីពីការផ្តល់ជំនួយ ឥតសំណង ដែលមានទឹកប្រាក់ ៣.២៨៤ លានយ៉េនរបស់រដ្ឋាភិបាលជប៉ុន ដល់រដ្ឋាភិបាលកម្ពុជា ត្រូវបានលើកទៅពេលក្រោយ។ ប៉ុន្តែ លោកមិនទាន់អាចបញ្ជាក់ច្បាស់លាស់ អំពីការបរិច្ឆេទនៃពិធីចុះហត្ថលេខានេះថា ធ្វើនៅថ្ងៃណានោះទេ។
អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា បើតាមគម្រោង ពិធីចុះហត្ថលេខានេះ នឹងត្រូវប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១ ខែឧសភា ស្អែកនេះ ប៉ុន្តែលោកថា ដោយសារមានបញ្ហាត្រូវធ្វើបន្ថែមមួយចំនួននោះ ពិធីត្រូវលើកពេលវិញ។
ទោះជាយ៉ាងណា លោកមិនអាចបញ្ជាក់ពីមូលហេតុ និងកាលបរិចេ្ឆទជាក់លាក់ នៃពិធីចុះហត្ថលេខាជាថ្មីនោះទេ«យើងមានបញ្ហាត្រូវបន្ថែមមួយចំនួន ដូចនេះយើងសម្រេចពន្យាពេលសិន ប៉ុន្តែមិនមែនលុបចោលនោះទេ»។ នេះជាការបញ្ជាក់ របស់លោក កុយ គួង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែឧសភា កន្លងមក ក្រសួងការបរទេសបានចេញប្រកាស ព័ត៌មានថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែឧសភា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក យូជី គូម៉ាម៉ារូ នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុពិភាក្សាស្តីពីការផ្តល់ជំនួយឥតសំណង ដែលមានទឹកប្រាក់សរុប ៣.២៨៤លានយ៉េន សម្រាប់អនុវត្តលើគម្រោងចំនួន។ ក្នុងនោះ រួមមាន គម្រោងទី១ គឺពង្រីកប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតនៅខេត្តកំពត មានទឹកប្រាក់ចំនួន ២.៩៨៥ លានយ៉េន និងគម្រោងទី២ ផ្នែកអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស មានទឹកប្រាក់ចំនួន ២៩៩លានយ៉េន៕
© រក្សាសិទ្ធិដោយ thmeythmey.com