ជាតិ
សង្គមជាតិ
គ្រឿង​ស្រវឹង​អាច​បណ្តាល​ឲ្យ​កើត​ជំងឺផ្លូវចិត្ត​និង​ក្លាយជា​ជន​វិកលចរិត
12, May 2015 , 8:40 am        
រូបភាព

 
ជា​រៀងរាល់ថ្ងៃ អ្នកជំងឺ​ផ្លូវចិត្ត និង​ជន​វិកល​ច​រិ​ត ប្រមាណ​ជា ៤០០ ទៅ៥០០នាក់ ដែល​បណ្តាលមកពី​ការ​ពិសារ​គ្រឿង​ស្រវឹង ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត ។

គ្រឿង​ស្រវឹង​គឺជា​ប្រភេទ​គ្រឿងញៀនមួយ​ប្រភេទ ដែល​អាច​បង្ក​ផលប៉ះពាល់​ដ៏​ធ្ង​ន់​ធ្ងរ ដល់​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន បង្ក​ឲ្យ​មាន​អំពើហិង្សា​ក្នុង​គ្រួសារ និង​ជា​ជំងឺ​សង្គម​ទាំងមូល​ផងដែរ ។ គ្រឿង​ស្រវឹង​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​បណ្តាល​ឲ្យ​មាន​ជំងឺផ្លូវចិត្ត​ដល់​ធ្ង​ន់​ធ្ងរ ហើយ​រហូតដល់​ប្រជាពលរដ្ឋ​យើង​មួយចំនួន​ក្លាយជា​ជន​វិកលចរិត ពិបាក​ព្យាបាល ។ លោក​សាស្ត្រាចារ្យ​វេជ្ជ​បណ្ឌិត យឹម សុ​បុត្រា ប្រធាន​ផ្នែក​សុភាព​ផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀតបាន​មានប្រសាសន៍ថា ការ​ពិសា​គ្រឿង​ស្រវឹង ជាហេតុ​បណ្តាល​ឲ្យ​ប៉ះពាល់​ទាំង​សុភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ត អ្នកខ្លះ​ធ្លាប់​តែមាន​អត្តចរិត​ស្លូតបូត ក៏​ក្លាយទៅជា​កាច​សាហាវ អាច​ប្រ​ព្រឹ​ត្តអំពើ​ឃោរឃៅ​ដោយ​ឥត​ខ្លាចញញើត ។

លោក​វេជ្ជបណ្ឌិតបញ្ជាក់ដូច្នេះថា៖ «ការពិត អត្តចរិត​ខ្មែរ​យើង គឺ​ទន់ភ្លន់ សុភាពរាបសារ តែដោយសារ​តែ ការទទួល​ទាន​គ្រឿង​ស្រវឹង ធ្វើ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយចំនួន ផ្លាស់ប្តូរ​ទៅជា​កាច​សាហាវ ហ៊ាន​ធ្វើអំពើ​ឃោរឃៅផ្សេងៗ ប្រើប្រាស់​អំពើហិង្សា​ក្នុង​គ្រួសារ បង្កបញ្ហា​ដល់​សង្គម ដូចជា​ការ​លួច​ប្លន់ ចាប់រំលោភ និង​រហូត​ធ្វើ​ឲ្យ​មាន​ជំ​ងី​ផ្លូវចិត្ត ក្លាយជា​ជន​វិកលចរិត» ។

លោកពូ ម៉ែន ត្រាន់ អាយុ ៤០ឆ្នាំ ជា​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង មានប្រសាសន៍ថា រូបគាត់​បាន​ពិសារ​ស្រា​តាំងពី​អាយុ១៨ ឆ្នាំ មកម្ល៉េះ ឥឡូវ​ធ្វើ​ឲ្យ​គាត់​មាន​បញ្ហា​ផ្លូវចិត្ត រវើរវាយ​ច្រើន ភ្លេច​ក៏​ច្រើន រហូតដល់​គាត់​សំ​រាន​មិនសូវ​លក់ បណ្តាល​ឲ្យ​សុភាព​ធ្លាក់ចុះ ធ្វើការ​អ្វី​មិនបាន​យូរ​ឆាប់​អស់កម្លាំង ។

បើតាម​តួលេខ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត អ្នកជំងឺ​ផ្លូវចិត្ត និង​វិកលចរិត​ជាង៤០០ ទៅ ៥០០ នាក់ ដែល​បណ្តាលមកពី​ការទទួល​ទាន​គ្រឿង​ស្រវឹង ត្រូវបាន​បញ្ជូនមក​ព្យាបាល​ជា​រៀងរាល់ថ្ងៃ។






© រក្សាសិទ្ធិដោយ thmeythmey.com