ជាតិ
សង្គមជាតិ
តុលាការ​កំពុងដំណើរកា​រ​កាត់ក្តី​រឿង​បរទេស៣នាក់​ថត​ស្រាត​នៅ​ប្រាសាទតាព្រហ្ម
12, May 2015 , 10:47 am        
រូបភាព
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ ជនបរទេស៣នាក់ ត្រូវបាន​ឃាត់ខ្លួនភ្លាមៗ ក្រោយពេល​ពួកគេ​ធ្វើ​សកម្មភាព​ថតរូប​អាក្រាត​នៅ​បរិវេណ​ប្រាសាទតាព្រហ្ម កាលពី​រសៀល​ថ្ងៃ១០ ឧសភា។ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ តុលាការ​កំពុងដំណើរកា​រសាក​សួរ ជន​ទាំង៣នាក់​នោះ ពី​បំណង​ពិតប្រាកដ​នៃ​ការថតរូប​អាក្រាត​ខាងលើ។


ចៅក្រម​ស៊ើបសួរ លោក ហុក ពៅ កំពុងដំណើរការ​សាកសួ​រលើ​សំណុំរឿង​ភ្ញៀវទេសចរ​បរទេស៣នាក់ ដែល​បាន​ថតរូប​អាក្រាត​នៅ​បរិវេណ​ប្រាសាទតាព្រហ្ម។ ជនបរទេស​ទាំង៣នាក់​នោះ ត្រូវគេ​ស្គាល់​ថា មាន​ជនជាតិ​អា​ហ្ស​ង់​ទីន អ៊ីតាលី និង​ហូ​ឡង់ ដែល​បានធ្វើ​សកម្មភាព​ថត​ស្រាត​នៅ​ផ្នែក​ខាងក្រោយ​ចំនួន២សន្លឹក កាលពី​រសៀល​ម៉ោង៣កន្លះ ថ្ងៃទី១០ ឧសភា នៅ​ប្រាសាទតាព្រហ្ម។

យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​អប្សរា បាន​បញ្ជាក់ថា ការ​ឈានដល់​ការឃាត់ខ្លួន​ជនបរទេស​ខាងលើ ធ្វើឡើង​ដោយមាន​កិច្ចសហការ​រវាង​បុគ្គលិក​អាជ្ញាធរ​អប្សរា និង​នគរបាល​ការពារ​បេតិកភណ្ឌ។ ក្រោយ​ធ្វើការ​ឆែកឆេរ ឃើញថា​ជនបរទេស​ទាំង​នោះ បាន​ប្រើប្រាស់​ទូរ​សព្ទ​ដៃ ថតរូប​អាសអាភាស​ចំនួន​ពីរ​សន្លឹក​នៅ​ចំណុច​រានហាល​ខាងកើត​នៃ​ប្រាសាទតាព្រហ្ម និង​មួយ​សន្លឹក​ទៀត​ថត​នៅ​មុំ​បរិវេណ​អង្គរធំ ឫ​បាយ័ន។

បើតាម​ផ្លូវច្បាប់ ភ្ញៀវ​បរទេស៣នាក់ អាច​នឹង​ប្រឈម​នឹង​ការបណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​រយៈពេល៤ឆ្នាំ​ដូចគ្នា បន្ទាប់ពី​ករណី​ទាំងនេះ ធ្លាប់​កើត​ច្រើនដង​មកហើយ​នៅ​តំបន់​ប្រាសាទខ្មែរ។  កាលពី​ថ្ងៃទី២៩ ខែមករា ជនជាតិ​បារាំង៣នាក់ បាន​ថតរូប​អាក្រាតកាយ​នៅ​ប្រាសាទបន្ទាយក្តី ហើយ​ត្រូវ​តុលាការ​កាត់ទោស​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​រយៈពេល៤ឆ្នាំ។ នៅ​ថ្ងៃទី៦ កុម្ភៈ ស្ត្រី​បងប្អូន​ជនជាតិ​អាមេរិក២ ត្រូវបាន​កាត់ទោស​ដូចគ្នា​នឹង​ករណី​ជនជាតិ​បារាំង ក្រោយពេល​ស្ត្រី​ទាំងនោះ បាន​លួច​ថតរូប​អាក្រាត​នៅក្នុង​បរិវេណ​ប្រាសាទព្រះខ័ន។

គួរ​បញ្ជាក់ថា ភ្ញៀវ​បរទេស​ដែល​លួច​ធ្វើ​សកម្មភាព​ថត​អាក្រាត​នៅ​ប្រាសាទតាព្រហ្ម​កាលពី​ថ្ងៃអាទិត្យ​នោះ មាន​ទីមួយ​ឈ្មោះ LUCIANO GASTÓN MUŇOZ ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិ​អា​ហ្ស​ង់​ទីន ជា​អ្នក​អាក្រាត ទី​ពីរ ឈ្មោះ BRUNO MARGRINI ភេទ​ប្រុស អាយុ៣០ឆ្នាំ ជនជាតិ​អ៊ីតាលី ជា​អ្នក​អាក្រាត និង​ទី​បី ឈ្មោះ KIKI STAMOU ភេទ​ស្រី អាយុ១៩ឆ្នាំ ជនជាតិ​ហូ​ឡង់ ជា​អ្នក​កាន់​ទូរស័ព្ទដៃ​ថត៕



© រក្សាសិទ្ធិដោយ thmeythmey.com