ជាតិ
សង្គមជាតិ
ថត​ស្រាត​នៅ​តា​ព្រហ្ម៖ បរទេស៣នាក់​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា
12, May 2015 , 3:31 pm        
រូបភាព
សៀមរាប៖ បុរស​ពីរ​នាក់ និង​ស្ត្រី​ជនបរទេស​ម្នាក់ ត្រូវបាន​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា បន្ទាប់ពី​ពួកគេ បាន​ថត​អាក្រាតកាយ​នៅ​ប្រាសាទតាព្រហ្ម កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ។ ពួកគេ​ជាប់ចោទ​ពីបទ បង្ហាញ​កេរ្តិ៍ខ្មាស់​ជា​សាធារណៈ។


បើ​គិត​ត្រឹម​ដើមឆ្នាំ២០១៥មក នេះ​ជា​ករណី​ទី៣ហើយ ដែលមាន​ភ្ញៀវទេសចរ​បរទេស លួច​ធ្វើ​សកម្មភាព​ថត​អាក្រាត​នៅ​តំបន់​ប្រាសាទខ្មែរ។ ទោះជា​ការប្រព្រឹត្តិ​របស់​ពួកគេ​ធ្វើឡើង​ដោយ​ចេតនា និង​អ​ចេតនា​យ៉ាងណាក្តី ប៉ុន្តែ​ពួកគេ​ត្រូវបាន​បណ្តេញចេញពីកម្ពុជា និង​ពិន័យ​ជា​ទឹកប្រាក់ថែមទៀត។ ដូច​ករណី​ចុង​ក្រោយនេះ បុរស​ជនជាតិ​អា​ហ្ស​ង់​ទីន អ៊ីតាលី និង​ស្ត្រី​ជនជាតិ​ហូ​ឡង់ ពួកគេ​ទាំង៣នាក់ ត្រូវ​សម្រេច​បណ្តេញ​ចេញពី​កម្ពុជា ដោយ​ហាម​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​រយៈ៤ឆ្នាំ។

ក្រៅពី​ហាម​អ្នក​ទាំង៣មិន​ឲ្យ​ធ្វើដំណើរ​ចូល​កម្ពុជា​ហើយ បុរស​ទាំង២នាក់ ដែលជា​អ្នកធ្វើ​សកម្មភាព​ថត​ស្រាត​ត្រូវ​កាត់ទោស​ក្នុងម្នាក់ៗឲ្យជាប់ពន្ធនាគាររយៈពេល៧ខែ តែ​ត្រូវ​ព្យូ​រ និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន១លាន​រៀល ចំណែក​ស្ត្រី​ជា​មិត្តភក្តិ ដែលជា​អ្នក​កាន់​កាមេរ៉ា​ថត ជាប់ពន្ធនាគារ៦ខែ (ព្យូ​រ) ពិន័យ​ជា​ប្រាក់ ៨០ម៉ឺន​រៀល។

ភ្ញៀវ​បរទេស​ដែល​លួច​ធ្វើ​សកម្មភាព​ថត​អាក្រាត​នៅ​ប្រាសាទតាព្រហ្ម​កាលពី​រសៀល​ថ្ងៃអាទិត្យ​នោះ មាន​ទីមួយ​ឈ្មោះ LUCIANO GASTÓN MUŇOZ ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិ​អា​ហ្ស​ង់​ទីន ទី​ពីរ ឈ្មោះ BRUNO MARGRINI ភេទ​ប្រុស អាយុ៣០ឆ្នាំ ជា​អ្នក​អាក្រាត និង​ទី​បី ឈ្មោះ KIKI STAMOU ភេទ​ស្រី អាយុ១៩ឆ្នាំ ជនជាតិ​ហូ​ឡង់។

គួរ​បញ្ជាក់ថា បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា សហការ​និង​ប៉ូលិស​ការពារ​បេ​តិក​ភ័​ណ្ឌ បានធ្វើ​ការឆែកឆេរ និង​ឈាន​ចូលដល់​ការឃាត់ខ្លួន​ជនបរទេស​ទាំង៣នាក់​ខាងលើ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ថត​អាក្រាតកាយ​នៅ​ប្រាសាទតាព្រហ្ម នៅ​ម៉ោង៣កន្លះ ថ្ងៃទី១០ ឧសភា។ នេះ​ជា​លើក​ទី៣ហើយ ដែល​កើតមាន​ករណី​ដូចគ្នានេះ គឺ​ទីមួយ កាលពី​ថ្ងៃទី២៩ ខែមករា ជនជាតិ​បារាំង៣នាក់ កើតឡើង​នៅ​ប្រាសាទបន្ទាយក្តី ទី​ពីរ​នៅ​ថ្ងៃទី៦ កុម្ភៈ ស្ត្រី​បងប្អូន​ជនជាតិ​អាមេរិក២នាក់ បាន​លួច​ថតរូប​អាក្រាត​នៅក្នុង​បរិវេណ​ប្រាសាទព្រះខ័ន៕




© រក្សាសិទ្ធិដោយ thmeythmey.com