ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ​លើកលែងទោស​លោក មឿង សុន
12, May 2015 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ

ព្រះមហាក្សត្រ​ខ្មែរ បាន​ព្រះរាជទាន​ទោស​ដល់ លោក មឿង សុន ប្រធាន​ក្រុមប្រឹក្សាភិបាល មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ។ នេះ​បើ​យោងតាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ចុះផ្សាយ​ផ្អែក​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៥ ។

បើតាម​ភ្នំពេញ​ប៉ុស្តិ៍​ដដែល ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ព្រះបាទ សម្តេច នរោត្តម សីហមុនី​ បានសរសេរយ៉ាងនេះថា « ត្រូវបាន​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ មឿង សុន ភេទ​ប្រុស អាយុ ៦២ឆ្នាំ ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ តាម​អំណាច​សាលដីកា​ស្ថាពរ​លេខ ៨១ ចុះ​ថ្ងៃទី ១១ មេសា​ឆ្នាំ២០១២ របស់​តុលាការ​កំពូល និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ទទួលបន្ទុក​អនុវត្ត​ឲ្យ​បានសម្រេច​តាម​ព្រះរាជក្រឹត្យ​នេះ » ។

លោក មឿង សុន បានគេច​ខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស​ក្រោយពី​តុល​ការដាក់ទោស​ឲ្យ​ជាប់ ពន្ធនាគារ ២ឆ្នាំ​និង​ពិន័យ​ប្រាក់ ៤ លាន​រៀល​តាំងពី​ខែ កក្កដា ឆ្នាំ២០០៩ ពីបទ​រិះគន់​អាជ្ញាធរ​អប្សរា បើក​ឲ្យ​ក្រុមហ៊ុន​ឯកជន ស៊ូ​ជីន ដាក់​អំពូល​ភ្លើង​លម្អ​ប្រាសាទអង្គរវត្ត​ថា​ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ថ្ម​ប្រាសាទ។ នៅ​ឆ្នាំ២០០៩ ដដែល លោក មឿង សុន ត្រូវ​តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​កំបាំងមុខ​ដាក់ពន្ធនាគា​រ​រយៈពេល ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៥ លាន​រៀល ពីបទ​ផ្សាយ​ព័ត៌មាន​មិន​ពិត តាម​ពាក្យបណ្តឹង​របស់​រដ្ឋាភិបាល។  នៅ​ខែឧសភា ឆ្នាំ២០១១ សាលាឧទ្ធរណ៍ បានប្រកាស​តម្កល់​សេចក្តីសម្រេច​ផ្តន្ទាទោស​កំបាំងមុខ​ដោយ​រក្សា ការផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ២ឆ្នាំ​ដដែល ក៏ប៉ុន្តែ​បានសម្រេច​បន្ធូរបន្ថយ​លើ​ការពិន័យ​បង់ប្រាក់​ពី១៥លាន​រៀល មក​នៅត្រឹម៤លាន​រៀល និង​កែប្រែ​បទចោទប្រកាន់ ពីបទ​ផ្សាយ​ព័ត៌មាន​មិន​ពិត មកជា​បទ​ញុះញង់​ស្របតាម​ច្បាប់ក្រម​ព្រហ្មទណ្ឌ​ថ្មី ៕



© រក្សាសិទ្ធិដោយ thmeythmey.com