ជាតិ
សង្គមជាតិ
បាក់​ឌុប ២០១៥៖ មន្ត្រី​អប់រំ​ពុករលួយ​នឹង​ប្រឈមមុខ​ជាប់ពន្ធនាគារ
13, May 2015 , 8:19 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ក្នុងសម័យ​ប្រឡង​បាក់​ឌុប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ខាងមុខ ក្រសួង​អប់រំ​មិន​ត្រឹមតែ​ប្រកាន់​យកពាក្យ​មួយ​ឃ្លា​ថា «អ្នកចេះ​គឺជា​ប់»ដូច​ឆ្នាំមុន​នោះទេ ក្រសួង​នឹង​វិធានការ​តឹងរឹង ចំពោះ​មន្ត្រី​អប់រំ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​អំឡុងពេល​ប្រឡង​ដែរ។ មន្ត្រី​ទាំងនោះ អាច​ប្រឈមមុខ​នឹង​ជាប់ពន្ធនាគា​រហើយ​ថា បេក្ខជន​ដែល​លួច​ចម្លង​នឹងត្រូវ​ទម្លាក់​ដោយ​ស្វ័យប្រវត្តិ​តែម្តង។


ក្រសួង​អប់រំ​នឹងមិន​បន្ធូរដៃ​ចាត់វិធានការ​រឹង​បន្តឹង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) ឡើយ ពោលគឺ​ក្រសួង​នឹង​អនុវត្តតាម​វិធានការ​ដូច​ឆ្នាំ២០១៤ ដដែល។
អ្នកនាំពាក្យ​ក្រសួង​អប់រំ​លោក រស់ សា​លីន បាន​ថ្លែងថា ក្រសួង​អប់រំ និង​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​នៅតែ​សហការគ្នា ដើម្បី​រៀបចំ​វិធានការ​ប្រឡង​ដូច​ឆ្នាំមុន។ ប៉ុន្តែ​លោក​ថា វិធាន ការដែល ខុសពី​ឆ្នាំមុន​នោះ គឺ​វិធានការ​ចំពោះ​មន្ត្រី​អប់រំ​ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ អំឡុង ពេល​ប្រឡង។

«យើង​នឹងមិន​លែង​ដល់​មន្ត្រី​ទាំងឡាយណា ដែលជា​អ្នកប្រព្រឹត្ត​អំពើពុករលួយ​ជាដាច់ខាត សម័យ​ប្រឡង​ឆ្នាំនេះ ដូច​អ្វីដែល​ឯកឧត្តម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានបញ្ជាក់ កន្លងមក មន្ត្រី​អប់រំ​ពុករលួយ​នឹងត្រូវ​ចាប់បញ្ជូន​ឡើង​តុលាការ ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ជាប់ ក្នុង​ពន្ធនាគារ តាមច្បាប់​ប្រឆាំងនឹង​អំពើពុករលួយ»។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​របស់លោក រស់ សា​លីន។

នៅ​ឆ្នាំ២០១៤កន្លងមក អនុរក្ស និង​ប្រធាន​មណ្ឌល​នៅតាម​មណ្ឌល​ប្រឡង​ក្នុង ខេត្ត ស្វាយរៀង កណ្តាល ព្រៃវែង និង​ខេត្តកំពង់ចាម​ជាង ២០នាក់ ត្រូវបាន​ឃាត់ខ្លួន​ដោយ​អង្គភាព ប្រឆាំង​អំពើពុករលួយ។ កាលនោះ មន្ត្រី​ទាំងអស់ គ្រាន់តែ​ទទួល​ការណែនាំ និង​ការព្រមាន ជា​លាយលក្ខណ៍អក្សរ​តែប៉ុណ្ណោះ។

កាលពី​ចុង ខែមេសា​កន្លងមក ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បាន​និយាយថា ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ នឹង​តឹង​ជាង​ឆ្នាំមុន។ ហើយ​ថា តុលាការ អាច​នឹង​កាត់ទោស​ដាក់ពន្ធនាគារ​ផង។ លោក​សង្ង​ត់​ធ្ងន់​ថា៖«បើ​ចាប់បាន យកទោស​ទាប មិនមែន​ក្រោម​ទាប ដូច​ឆ្នាំមុន ដែល​គេ​កំណត់​ឲ្យ​ដាក់៦ខែ ទៅ២ឆ្នាំ​ទេ។ បើ​ចូល​គុក​គឺ​ទាប ៦ខែ ហើយ​ឆ្នាំក្រោយ​ទៀត​គឺ​លើសពី​ទាប​ទៀត។ បើ៦ខែ​ទៅ២ឆ្នាំ អាចដាក់​ទោស​ឡើង​ពី ៩ខែ ទៅ១ឆ្នាំ គឺ​ការធ្វើ Step by step»។

គួរ​បញ្ជាក់ថា នា​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត ក្នុង​វិទ្យាស្ថាន​ជាត​អប់រំ នៅ​ថ្ងៃទី១១ ម្សិលមិញ​នេះ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ក៏បាន​បញ្ជាក់ដែរថា ការប្រឡង​បាក់​ឌុប​ឆ្នាំ នេះ និង​ឆ្នាំ​តទៅ​មុខ ក្រសួង​អប់រំ​ត្រូវតែ​ពង្រឹង​ជាប់​ជានិច្ច ដើម្បី​ពង្រឹងគុណភាព​ក្នុង​វិស័យ​អប់រំ គ្រប់​កម្រិតសិក្សា​របស់​កម្ពុជា។

គួររម្លឹកថា ក្នុងសម័យ​ប្រឡង​ដែល​មានការ​រឹតបន្តឹង​កាលពី​ឆ្នាំ​២០១៤ACU បាន​ពង្រាយ អ្នក​ស​ង្គេ​ត​ការណ៍​ស្ម័គ្រចិត្ត​ជាង ៣ពាន់​នាក់​នៅក្នុង​មណ្ឌល​ប្រឡង​ទូទាំងប្រទេស។ជា​លទ្ធផល​ការប្រឡង​លើក​ទី១បាន​បង្ហាញថា ចំណោម​បេក្ខជន​សរុប​ចំនួន ជាង៩ម៉ឺន​នាក់ មានតែ​បេក្ខជន​ជាង ២០ភាគរយ​ប៉ុណ្ណោះ ដែល​ជាប់​ការប្រឡង ហើយ​ការប្រឡង​នោះ ទៀតសោត​មាន​បេក្ខជន​ជាប់​និទ្ទេស​A មាន​ចំនួន១១នាក់។ ចំពោះ​លទ្ធផល​ប្រឡង លើក​ទី២ នៅ​ខែតុលា​វិញ បេក្ខជន​ដែលជា​ប់​ចំនួន​ជាង ១០ភាគរយ ក្នុងចំណោម​បេក្ខជន​ជាង ៦ម៉ឺន​នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com