ជាតិ
សង្គមជាតិ
ស្ត្រី​រកស៊ី​ផ្លូវភេទ​ស្នើ​ឲ្យ​អាជ្ញាធរ​រៀបចំ​កំណត់​តំបន់​អាទិភាព​សម្រាប់​ពួកគេ
12, May 2015 , 8:39 pm        
រូបភាព

ស្ត្រី​ធ្វើការ​តាម​គ្រិះ​ស្ថាន​សេវា​កម្សាន្ត ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​រៀបចំ​កំណត់​តំបន់​អាទិភាព សម្រាប់​ពួកគេ ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ នៅតាម​ផ្លូវ​សាធារណៈ និង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព។កិច្ចពិភាក្សា​រវាង​អាជ្ញាធរ​មូលដ្ឋាន និង​ស្ត្រី ទាក់ទង​នឹង​ការកំណត់​តំបន់​អាទិភាព ចំពោះ​ស្ត្រី​ធ្វើការ​តាម​គ្រិះ​ស្ថាន​សេវា​កម្សាន្ត នៅ​ព្រឹក​ថ្ងៃទី ១២ ឧសភា​នេះ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​លី​ឡា។

លោកស្រី កែវ ថា ប្រធាន​អង្គការ​បណ្ដាញ​ការងារ​ស្ត្រី​រួបរួមគ្នា មានប្រសាសន៍ថា កិច្ច​ពិគ្រោះ​យោបល់​នេះ គឺមាន​គោលបំណង​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​កំណត់​តំបន់​អាទិភាព​ដល់​ស្ត្រី​រកស៊ី​ផ្លូវភេទ​តាមផ្លូវ​សាធារណៈ ក្នុង​ការរៀបចំ​ប្រព័ន្ធ​បំភ្លឺ​ផ្លូវ បង្គន់​អនាម័យ និង​សុ​វត្ថ​ភាព​នានា​នៅតាម​ដងផ្លូវ​សាធារណៈ​ជាដើម។ លោកស្រី កែវ ថា បន្ថែមថា ការរៀបចំ​តំបន់​អាទិភាព​នេះ ក៏​ជាការ​កែលំអរ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​ផ្លូវ​សាធារណៈ ក្នុងការ​ការពារ​សន្ដិ​សុខ​សណ្ដាប់ធ្នាប់​ដល់​ស្ត្រី​រកស៊ី​ផ្លូវភេទ ក្នុងការ​ថវិការ​ចិញ្ចឹម​ជីវិត និង​គ្រួសារ​ពួកគេ​ផងដែរ។ ជាពិសេស​ការអនុវត្ត​តាម​គោលនយោបាយ ភូមិ ឃុំ មាន​សុ​វត្ថ​ភាព​របស់​រាជរដ្ឋាភិបាល។

ជាមួយគ្នា​កញ្ញា ផាត ស្រីមុំ តំណាង​ឲ្យ​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅតាម​ទីធ្លា​សាធារណៈ ក៏​សំណូមពរ​ឲ្យ​អាជ្ញាធរ ជួយ​ការពារ​សន្ដិសុខ​សុ​វត្ថ​ភាព​ជូន​ពួកគេ ចៀសវាង​ការចាប់ខ្លួន​ពួកគេ​ដោយ​គ្មាន​មូលហេតុ ពោលគឺ​បានន័យថា ពួកគេ​ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ មិនមែនជា​អ្នកប្រព្រឹត្តិ​បទល្មើស​នោះទេ។

ទន្ទឹមនឹងនេះ ស្ត្រី​ដែល​ធ្វើការ​នៅតាម​គ្រិះ​ស្ថាន​កម្សាន្ត ដូចជា​ហាង​ខារ៉ាអូខេ តាម​ក្លិប​កម្សាន្ដ​នានា ជាពិសេស​ស្ត្រី​ដែល​រកស៊ី​ផ្លូវភេទ​ទាំងនោះ​ក៏បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ចំពោះ​ការ​បៀតបៀន​ពី​សំណាក់​ភ្ញៀវ​មួយចំនួន មកលើ​រូប​ពួកគេ។ជាមួយគ្នា​ពួកគេ​ក៏បាន​អំពាវនាវ​ឲ្យ​ភ្ញៀវ (អតិថិជន) ទាំងនោះ ឲ្យ​តម្លៃ​និង​ផ្ដល់​សិទ្ធិ​លើ​ពួកគេ​ផងដែរ។

អង្គការ​បណ្ដាញ​ការងារ​ស្ត្រី​រួបរួមគ្នា បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស្ថាបន​រដ្ឋាភិបាល និង​អង្គ​ការមិន​រដ្ឋាភិបាល ដើម្បី​គាំពារ​សិទ្ធិ​ក្នុងការ​ប្រក​បរបរ ការចិញ្ចឹម​ជីវិត​រស់​នៅ របស់​ជនក្រីក្រ​ប្រកប​របរ​រកស៊ី​ផ្លូវភេទ និង​ធ្វើការ​ក្នុង​គ្រិះ​ស្ថាន​កម្សាន្ត៕



© រក្សាសិទ្ធិដោយ thmeythmey.com