ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​ប្រតិកម្ម​នឹង​វិទ្យុ​សំបុក​ឃ្មុំ​ដែលថា​ខ្លួន​មិនបាន​កាត់​ដី​ឲ្យ​ពលរដ្ឋ​តាម​ស.ជ.ណ
01, Jun 2015 , 10:08 am        
រូបភាព
រូបភាព៖ អាជ្ញាធរអប្សរា
រូបភាព៖ អាជ្ញាធរអប្សរា
សៀមរាប៖ តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់ថា ខ្លួន​បានរៀបចំ​ឯកសារ កាត់​ដី​ឲ្យ​ប្រជាពលរដ្ឋ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បានសម្រេច​កាលពី​ពាក់កណ្តាល​ខែមេសា​ហើយ។ ការបញ្ជាក់​នេះ ធ្វើឡើង​តប​តាម​ការផ្សាយ​របស់​វិទ្យុ​សំបុក​ឃ្មុំ ដោយ​និយាយថា អាជ្ញាធរ​អប្សរា​មិនបាន​គោរព​តាម​សេចក្តីជូនដំណឹង (ស.ជ.ណ) ឫ​អនុក្រឹត្យ​រដ្ឋាភិបាល​ទេ ជារួម​ស្ថាប័ន​នេះ​មិនបាន​កាត់​ដី​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​ដែល​ខ្លួន​កំពុង​កាត់​កាប់​នោះទេ។


យោងតាម​សេចក្តីបំភ្លឺ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី៣១ ឧសភា អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់ថា ខ្លួន​និង​សាលាខេត្ត​សៀមរាប បាននិងកំពុង​រៀបចំ​ឯកសារ​កាត់​ក្បាលដី​ជូន​ពលរដ្ឋ តាម​អនុក្រឹត្យ​លេខ ៥១ និង​លេខ ៥២ ។ អនុក្រឹត្យ​លេខ ៥១ ដែល​សម្រេច​កាត់​ដី​ទំហំ ១១៥,៤១ ហិកតា និង ១១១,៤៩ ហិកតា ចេញពី​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប (បុរី​វប្បធម៌ និង​ទេសចរណ៍​អង្គរ) ដើម្បី​ប្រទាន​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ដែល​កាន់កាប់ ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់ស្តែង​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ចុះ​ថ្ងៃទី១៧ មេសា ឆ្នាំ២០១៥ ។

ក្នុង​សេចក្តីបំភ្លឺ​របស់ខ្លួន អាជ្ញាធរ​អប្សរា​បាន​រៀបរាប់​ចាប់ពី​ការធ្វើការ​យ៉ាង​ជិត​សិ្ន​ទ្ធ​ជាមួយ​សាលាខេត្ត ក្នុងការ​វាស់វែង​ក្បាលដី​តាម​អនុក្រឹត្យ​ទាំង២ខាងលើ ការបើក​កិច្ចប្រជុំ​នឹង​ពលរដ្ឋ​ដែល​អះអាងថា ដី​ពួកគេ​ស្ថិតនៅក្នុង​ផែនទី​ឧបសម្ព័ន្ធ​នៃ​អនុក្រឹត្យ​ដែល​ត្រូវ​កាត់ចេញ​នោះដែរ តែ​ធាតុពិត​ជាក់ស្តែង ពួកគេ​រស់នៅ​តំបន់​ភូមិសាស្ត្រ​ក្រៅ​តំបន់​ខាងលើ​ជាដើម។ អាជ្ញាធរ​អប្ស​រាបបាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ឯកសារ​ក្បាលដី​ដែល​ត្រូវ​កាត់ចេញ​ពិតប្រាកដ ភាគី​សាលាខេត្ត​កំពុង​រៀបចំ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុងពេលឆាប់ៗខាងមុខនេះ។

អាជ្ញាធរ​អប្សរា បាន​ហៅ​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​សំបុក​ឃ្មុំ ដែល​ផ្សាយ​កាលពី​ថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៥ ថា​មានបំណង​ចោទប្រកាន់​ខ្លួន ដែល​ផ្ទុយ​ពី​ការពិត​ទាំងស្រុង ក្នុងន័យ​បម្រើ​ផល​ប្រ​យោង​ជន៍​របស់​ក្រុម ដែល​អាច​បង្ក​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ មកលើ​ស្ថាប័ន​អាជ្ញាធរ​អប្សរា ក៏ដូចជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ ក្រៅពីនេះ ការផ្សព្វផ្សាយ​នេះ ក៏​ជា​គោលបំណង​អាក្រក់​របស់​ឈ្មួញ​ដី និង​អ្នករំលោភ​ដី​ផងដែរ។

គួរ​បញ្ជាក់ថា រដ្ឋាភិបាល​កាលពី​ថ្ងៃទី ១៧ មេសា ឆ្នាំ២០១៥ បានសម្រេច​កាត់​ដី​ទំហំ ២២៦,៩ហិកតា តាមរយៈ​អនុក្រឹត្យ២ដាច់ដោយឡែក គឺ​ទី១ កាត់​ដី​ទំហំ ១១៥,៤១ ហិកតា ឲ្យ​ពលរដ្ឋ​ក្នុងភូមិ​ដូន​ប៉ា និង​ភូមិ​ចុង​កៅស៊ូ ទី២ កាត់​ដី​ទំហំ ១១១,៤៩ ហិកតា​ឲ្យ​ពលរដ្ឋ​រស់នៅ​ភូមិ​ព្រៃ​គុយ និង​ភូមិ​គោក​ចាន់ សង្កាត់​អំពិល ក្រុង​សៀមរាប ដែល​ដី​ទាំងនោះ ស្ថិតនៅ​តំបន់​បុរី​សណ្ឋាគារ​អង្គរ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ហើយ​ដែល​កន្លងមក​តែងមាន​ជម្លោះ​គ្នា ទាក់ទង​នឹង​ការកាន់កាប់​នេះ។ ផ្ទៃដី​បុរី​សណ្ឋាគារ​អង្គរ​មាន​ទំហំ ១០០៧ហិកតា (យោងតាម​អនុក្រឹត្យ ឆ្នាំ១៩៩៥ និង​ឆ្នាំ១៩៩៩) ដូច្នេះ​ក្រោយពេល​កាត់​ដី​ឲ្យ​ពលរដ្ឋ ដី​នៅក្នុង​បុរី​នេះ នៅសល់​ត្រឹម ៧៨០,១០ហិកតា​តែប៉ុណ្ណោះ៕





© រក្សាសិទ្ធិដោយ thmeythmey.com