ជាតិ
សង្គមជាតិ
តំណាង​កុមារ​ស្នើ​រដ្ឋាភិបាល​លុប​ឲ្យ​បាន​នូវ​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ
01, Jun 2015 , 3:44 pm        
រូបភាព
ដោយ:
ភ្នំពេញ ៖ តំណាង​កុមារ​ជាង ២ពាន់​នាក់​មកពី​គ្រឹះស្ថាន សិក្សា​រដ្ឋ និង​ឯកជន​ព្រមទាំង​កុមារកំព្រា​តាម​មណ្ឌល​នានា បានស្នើ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កុមារ​មួយ ចំនួន​ក្នុងនោះ​រួមទាំង ការលុបបំបាត់​ការ កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​លើ​កុមា​រដែរ។សំណើរ​នេះ​ត្រូវបាន​ប្រព្រឹត្តទៅ​ក្នុងឱកាស​ខួប​លើក​ទី៦៦ទិវា​កុមារ​អន្តរជាតិ នៅ​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ។


បញ្ហា​នានា​ដែល​តំណាង​កុមារ​ទូទាំងប្រទេស​កម្ពុ​ជា​បានស្នើ​សុំ​ឲ្យ​ជួយ​ដោះស្រាយ​នោះ​មានដូចជា​ទីមួយ, ការពង្រឹង និង​ពង្រីក​នូវ​កម្មវិធី​ផ្តល់​អាហារ​រូប​ត្ថ​ម្ភ​ដល់​កុមារ​ព្រមទាំង ចាត់វិធានការ​ចុះ​ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​ឲ្យ​បាន​តឹងរ៉ឹង​នៅតាម​សាលារៀន និង​សហគមន៍​ឲ្យ​បានជា​ប្រចាំ។

ទី​ពីរ, ការផ្តល់​ទឹកស្អាត តាមរយៈ​ការបង្កើន​ការជីក​អណ្តូង និង​ផ្តល់​ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ទឹក​ព្រមទាំង​ផ្តល់​ធុង​ចម្រោះ​ទឹក ស្អាត​ដល់​ប្រជាពលរដ្ឋ នៅតាម​សហគមន៍​និង​សាលារៀន​ឲ្យ​បាន​គ្រប់គ្រាន់។ ទី​បី, ជួយ​ផ្សព្វផ្សាយ​បន្ថែមទៀត​អំពី​សារសំខាន់​និង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ឲ្យ​បាន​ទូលំ​ទំលាយ​ជាមុន ព្រមទាំង​ផ្តល់​ថ្នាំ​វីតាមីន និង​ការចាក់​ថ្នាំ​បង្ការ​ជាដើម។

ទី​បី, កុមារ​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល រៀបចំ​គោលនយោបាយ​ត្រួតពិនិត្យ​សុខភាព​កុមារ តាម​សាលារៀន​ឲ្យ​បាន​ពី ៣ ទៅ៤ដង​ក្នុង​មួយឆ្នាំ ជាពិសេស​កុមារ​តាម​តំបន់​ដាច់ ស្រយាល។

ទី​បួន,ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​កាត់បន្ថយ​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​និង​ឈាន ទៅ​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ និង​រឹតបន្តឹង​លើ​ការផ្តល់​ការងារ​ដល់​កុមារ ដែល​ស្ថិតក្នុង​វ័យ​សិក្សា ដោយ​ធានាថា ពួកគេ​ទទួលបាន​នូវ​លក្ខខណ្ឌ​ការងារ និង​បរិយាកាស​ការងារ​សម​ស្រប​មួយ។

ទី​ប្រាំ,ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​កុមារ​បម្រើ​ការងារ​តាម​ផ្ទះ និង​បង្កើត​ច្បាប់​ស្តីពី​ការបម្រើ ការងារ​តាម​ផ្ទះ ដើម្បី​ជា​ផលប្រយោជន៍​ផ្លូវច្បាប់​នៅពេល​កុមារ ទទួលរង​នូវ​ការបំពាន​កម្លាំង ពលកម្ម។ និង​ទី​ប្រាំមួយ,ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​ពង្រឹង និង​ពង្រីក​ការលើកកម្ពស់​វិធានការ​ការពារ​និង​កម្មវិធី​អន្តរាគមន៍ និង​ចុះ​ធ្វើ​អធិការកិច្ច តាម​សិប្បកម្ម​តាម​ផ្ទះ រោងចក្រ​កសិដ្ឋាន និង​សហគ្រាស ដែលមាន​ការងារ​គ្រោះថ្នាក់​ច្រើន ដើម្បី​ការពារ​កុមារ​ព្រមទាំង លុបបំបាត់​ការ​ក្លែងបន្លំ​នូវ​លិខិត បញ្ជាក់​កំណើត ដើម្បី​ឲ្យ​គ្រប់​អាយុ​ចូលធ្វើការ។

ជាការ​ឆ្លើយតប ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច លោកស្រី ម៉ែន សំអន​បាន​យល់ព្រម​ទ​ទួ​សំណើរ ហើយ​លោកស្រី​ថា សំណើរ​នេះ​នឹងត្រូវ​យកទៅ​ធ្វើការ​សិក្សា និង​ពិភាក្សា​ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ​បន្ថែមទៀត។ «ខ្ញុំ​នឹង​លើកយក​បញ្ហា​ដែល​ក្មួយ បាន​សំណូមពរ​ទៅធ្វើ​ការពិចារណា​និង​ដាក់ជូន​ស្ថាប័ន​ណា ដែល​ធ្វើការ​ទាក់ទង​នឹង​បញ្ហា​នោះ​ហើយ​នឹងដាក់​ឲ្យ​ស្ថាន​ប័ន​ទាំង អស់នោះ​ជួយ​ធ្វើការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​និង​ឲ្យ​បាន​លឿន»។ នេះ​ជាការ​បញ្ជាក់​របស់ លោកស្រី ម៉ែន សំអន ដែល​តំណាង​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com