ជាតិ
សង្គមជាតិ
ពលរដ្ឋ​នៅ​ឃុំ​ជ្រោយ​ស្តៅ​មិនទាន់​ដឹង​ពី​តារាង​តម្លៃ​សេវាសាធារណៈ
02, Jun 2015 , 8:20 pm        
រូបភាព
ដោយ: ថ្មីៗ
បាត់ដំបង៖ តារាង​តម្លៃ​សេវាសាធារណៈ ត្រូវបាន​បិទ​នៅ​គ្រប់​សាលាឃុំ​សង្កាត់​នានា​នៅ​ទូទាំងប្រទេស​ព្រោះ​វា​ជា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល និង​ជា​ចំណែក​មួយ​នៃ​កាត់បន្ថយ​អំពើពុករលួយ។តែ​ទោះជា​យ៉ាងនេះ​ក្ដី​ក៏​នៅមាន​ប្រជាពលរដ្ឋ​មួយចំនួន​មិនទាន់​បានដឹង​ពី​អត្ថប្រយោជន៍​នៃ​តារាង​តម្លៃ​សេវាសាធារណៈ​នេះ​ដដែល។តើ​មកពី​មួល​ហេតុអ្វី?


លោក ពូ ចាន់(ឈ្មោះ​ដែល​អ្នកសរសេរ​ដាក់អោយ) រស់នៅក្នុង​ឃុំ​ជ្រោយ​ស្ដៅ​បាន​និយាយថា គាត់​មិនដែល​បានដឹងថា​មាន​តារាង​តម្លៃ​សេវាសាធារណៈ​អ្វី​ឡើយ​ព្រោះ​គាត់​មិនដែល​បាន​ទៅ​សាលាឃុំ​សោះ​ជាច្រើន​ឆ្នាំ​មកហើយ។ «បើ​មាន​តារាង​តម្លៃ​មែន​ល្អ​ហើយ​ព្រោះ​មិនបាច់​ចំណាយលុយ​ច្រើន​ហើយ​នៅចាំ​អង្វរ​មេឃុំ​អោយធ្វើ​ទៀត។ ពីមុន ទៅធ្វើ​ឯកសារម្ដងៗនៅចាំ​យូរ ហើយ​អស់​លុយ​ច្រើនណាស់»។ នេះ​ជាការ​រៀបរាប់​របស់​ពូ ចាន់។

មីង​សំ វិញ​ដែល​រស់នៅក្នុង​ឃុំ​ជ្រោយ​ស្តៅ​ដូចគ្នា ក៏បាន​អះអាងថា មិន​ដែលមាន​អ្នកណា​បានផ្ដល់​ដំណឹង​ដល់​អ្នកភូមិ អំពី​តារាង​តម្លៃ​សេវាសាធារណៈ​នោះទេ។មីង​សំ បាន​បន្តទៀតថា​មេឃុំ​នៅ​ភូមិ​ជ្រោយ​ស្ដៅ​នេះ​មិន​ងាយ​ជួបស្រួលៗទេ​ព្រោះ​គាត់​មាន​ការងារ​ច្រើន។

លោក ង៉ែត នឹម មាន​អាយុ ៧១ឆ្នាំ​ដែលជា​មេឃុំ​ជ្រោយ​ស្ដៅ​បានអោយដឹងថា លោក​មិនបាន​ផ្សព្វផ្សាយ​អំពី​តារាង​តម្លៃ​សេវាសាធារណៈ​ទៅ​ប្រជាជន​នោះទេ ដោយ​លោក​សំអាងថា តារា​តម្លៃ​នេះ ត្រូវបាន​បិទ​នៅ​សាលាឃុំ​ហើយ ដែល​ពលរដ្ឋ​អាច​មើលឃើញ។ «ខ្ញុំ​គិតថា​មកពី​ពលរដ្ឋ​ខ្លួនឯង​មិន​ទៅ​សាលាឃុំ​ឬ​ទៅហើយ​មិន​មើល​ហើយ​ចាំតែ​បន្ទោស។ អ្នកធ្វើ​គឺ​ចាំតែ​ខុស»។ នេះ​ជា​ប្រតិកម្ម​លោក​មេឃុំ​ជ្រោយ​ស្តៅ​ដែលមាន​វ័យ៧១ឆ្នាំ៕



© រក្សាសិទ្ធិដោយ thmeythmey.com