ជាតិ
សង្គមជាតិ
ICC-Angkor នឹង​និយាយ​ពី​ក្រមសីលធម៌​ដែល​អ្នកទេសចរ​គួរ​ធ្វើ​ក្នុង​តំបន់​ប្រាសាទខ្មែរ
04, Jun 2015 , 4:07 pm        
រូបភាព
រូបភាព៖ Google
រូបភាព៖ Google
សៀមរាប៖ មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា ក្រមសីលធម៌​ក្នុង​ប្រាសាទ ដែល​អប្សរា​បានរៀបចំ​នាពេល​កន្លងមក​នោះ ក៏​នឹងត្រូវ​លើក​យកមក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា ICC-Angkor លើក​ទី២៤នេះដែរ។ ក្រម​នេះ នឹងត្រូវ​យកមកប្រើ​ប្រាស់​ក្នុង​ប្រាសាទខ្មែរ ប្រសិន​ណា​វា​ត្រូវ​បានអនុម័ត​នោះ​អង្គប្រជុំ​នៃ​គណៈកម្មាធិការ ICC-Angkor។


ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ក្រៅពី​របៀបវារៈផ្សេងៗក្នុង​ការងារ​អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ​នោះ កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ក៏​គ្រោង​នឹង​ពិភាក្សា​ពី​ក្រមសីលធម៌​មួយចំនួន ដែល​តម្រូវ​ឲ្យ​ភ្ញៀវទេសចរ​ទាំងអស់​គោរព​តាម ក្នុងនោះ​មាន​ទាំង​ការ​ស្លៀកពាក់ ការស្រែក​ឡូឡា និង​ការថត​អាក្រាត​ក្នុង​ប្រាសាទ​ជាដើម។ល។

យ៉ាងណាមិញ លោក ឡុង កុសល មិនបាន​លម្អិត​រាល់​ចំណុចមួយៗនៃ​ក្រមសីលធម៌ ដែល​អាជ្ញាធរ​អប្សរា​បានរៀបចំ​នោះ​នៅឡើយ​ទេ តែ​គេ​នៅចាំ​ថា ក្រមសីលធម៌​នេះ ធ្វើឡើង​ក្រោយ​មានរឿង​អាស្រូវ​ជាច្រើន​ទាក់ទង​នឹង​ភ្ញៀវទេសចរ ដែល​តែង​បង្ក​ផលប៉ះពាល់​ដល់​ប្រពៃណី​វប្បធម៌​ខ្មែរ ដូចជា​តាមរយៈ​ការថត​អាក្រាត​ជាច្រើនលើក​នៅក្នុង​បរិវេណ​ប្រាសាទ​ជាដើម។ ហើយ​បញ្ហា​នេះ កន្លងមក​សាធារណៈជន​តែង​ស្តីបន្ទោសខ្លាំងៗដល់​ស្ថាប័ន​អាជ្ញាធរ​អប្សរា ដែល​គ្រប់គ្រង​មិនបាន​ល្អ។

គួរ​បញ្ជាក់ថា កិច្ចប្រជុំ ICC-Angkor លើក​ទី២៤ ធ្វើឡើង​រយៈពេល២ថ្ងៃ​នៅ​សាលសន្និសីទ​អង្គរ នៃ​អាជ្ញាធរ​អប្សរា គឺ​ចាប់ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី៥ មិថុនា ដែលមាន​ប្រទេស​ចំនួន ៣៧ចូលរួម។ សហប្រធាន​គណៈកម្មាធិកា​រ​អន្តរជាតិ ICC-Angkor មាន​លោក តា​កា​ហ៊ី​សា ហ្សូ​ហ្គា​វា (Takahisa Tsugawa) អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ជប៉ុន និង​លោក រ៉ូ​មុាំង លូ​វ៉េ (Romain Louvet) ទីប្រឹក្សា​ផ្នែក​សហប្រតិបត្តិការ និង​កិច្ចការ​វប្បធម៌​នៃ​ស្ថានទូត​បារាំង។ ការងារ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ។ល។ កិច្ចប្រជុំ​នេះ ក៏​នឹង ត្រួតពិនិត្យ និង​តាមដាន​រាល់​អនុសាសន៍​ដែល​អង្គប្រជុំ​ដាក់​ឲ្យ​អាជ្ញាធរ​អប្សរា​ធ្វើ​កន្លងមក និង​ចំណុច​ដែល​មិនបាន​អនុវត្តបាន​ជាដើម៕




© រក្សាសិទ្ធិដោយ thmeythmey.com