ជាតិ
សង្គមជាតិ
បក្សប្រឆាំង និង​សង្គម​ស៊ីវិល ស្នើ​ឲ្យ​ឈប់​ទទួល​ជនភៀសខ្លួន​ទៀត ទោះ​ស្ម័គ្រចិត្ត​ក៏ដោយ
04, Jun 2015 , 7:20 pm        
រូបភាព
គណបក្សប្រឆាំង សង្គម​ស៊ីវិល និង​អ្នកវិភាគ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឈប់​ទទួលយក​ជនភៀសខ្លួន​ពី​ប្រទេស​ណូ​រូ បន្ដទៀត បើទោះជា​ស្ថិតនៅក្រោម​គោលការណ៍​ស្ម័គ្រចិត្ត​នៃ​កិច្ចព្រមព្រៀង​អូស្ត្រាលី-កម្ពុជា ក៏ដោយ ព្រោះ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ មិនទាន់មាន​លទ្ធភាព​គ្រប់​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន​ឡើយ។ ជនភៀសខ្លួន៤នាក់​ពី​ប្រទេស​ណូ​រូ ដែលមាន​ជនជាតិភាគតិច រ៉ូ​ហ៊ីង​យ៉ា ១នាក់ និង​ជនជាតិ​អ៊ីរ៉ង់៣នាក់ (ស្រី១នាក់) បាន​មកដល់​កម្ពុជា​ហើយ កាលពី​ព្រឹក​ថ្ងៃទី៤មិថុនា​នេះ។


ថ្វីបើ​វត្តមាន​ជនភៀសខ្លួន៤នាក់​ដំបូង ពី​ប្រទេស​ណូ​រូ នៅក្នុង​ប្រទេស​កម្ពុជា​ក្ដី តែ​គណបក្សនយោបាយ និង​សង្គម​ស៊ីវិល នៅតែ​រក្សា​ជំហរ​មិន​ពេញចិត្ត​ឡើយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​ទទួលយក​ជនភៀសខ្លួន ខណៈដែល​កម្ពុជា​នៅ​ទទួលយក​ជំនួយ​ពី​បរទេស​នៅឡើយ។ គណបក្សប្រឆាំង​ដែល​តែងតែ​ចេញមុខ​បដិសេធ​ចំពោះ​ជនភៀសខ្លួន​ទាំងនេះ បានប្រកាស​ជាថ្មី​ថា ខ្លួន​មិន​គាំទ្រ​គោលនយោបាយ​ស្ម័គ្រចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី​នេះ​ទេ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​ស្ថិតនៅ​ស្ថានភាព​ក្រីក្រ មិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ទទួលយក​ជ​ន​ភៀសខ្លួន​ឡើយ។ ហើយ​បញ្ហា​ផ្ទៃក្នុង​ប្រទេស បញ្ហា​សិទ្ធិមនុស្ស បញ្ហា​សេដ្ឋកិច្ច បញ្ហាដីធ្លី​ជាដើម មិនទាន់​ដោះស្រាយ​ចប់ ដូចនេះ​ការទទួលយក​ជនភៀសខ្លួន​នេះ គឺជា​ការដាក់បន្ទុក​ម​ក​ប្រទេស​កម្ពុជា​ទៅវិញ​ទេ។

អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ​បន្ថែម​ដូច្នេះ​ថា៖គណបក្សជំទាស់​មិនទាន់​ដល់ពេល​គាំទ្រ​ចំណុច​នេះ​ទេ (មិន​គាំទ្រ​ជនភៀសខ្លួន) ព្រោះ​ប្រទេស​យើង​ក្រ​ជាង​អូស្ត្រាលី​ឆ្ងាយ​ណាស់ គេ​មានលទ្ធភាព​គ្រប់គ្រាន់​ជាង​យើង។ យើង​នៅ​ក្រ​មិនទាន់​មានលទ្ធភាព​ទេ ដូចនេះ​មិនទាន់​ចាំបាច់​ទទួល​ជនភៀសខ្លួន​មក​ទេ »។

ចំណែក​លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ យល់ថា ការទទួលយក​ជនភៀសខ្លួន​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា​មើលឃើញ​ថិ​វ​ការ​ជំនួយ​ពី​អូស្ត្រាលី​ប៉ុណ្ណោះ។ ត្រង់ចំណុច​នេះ លោក អំ សំអាត យល់ថា ជា​បញ្ហា​ដែល​គួរ​ព្រួយបារម្ភ​បំផុត​នាពេល​អនាគត ដូចនេះ​លោក​ជំរុញ​ឲ្យ​រដ្ឋា​បាល​កម្ពុជា​គិតគូ​ឡើងវិញ​ពី​បញ្ហា​នៃ​កិច្ចព្រមព្រៀង​MOUនេះ។ «យើង​មិនមាន​ការរើសអើង​ជនភៀសខ្លួន​ទាំង​នោះទេ តែ​យើង​ខ្លាច​យក​ពួកគេ​មកហើយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ ជីវភាព​ពួកគេ។ នៅពេលនេះ​រដ្ឋាភិបាល​អូស្ត្រាលី​ផ្ដល់ជំនួយ​មក​កម្ពុ​ជាស​ម្រា​ប់​ផ្គត់ផ្គង់​ពួកគេ តែបើ​គេ​មិន​ឈប់​ផ្ដល់ជំនួយ​តើ​រដ្ឋាភិបាល​កម្ពុ​ជាមាន​លទ្ធភាព​ពី​ណា បើ​កម្ពុជា​កំពុង​អំពាវនាវ​សុំ​ជំនួយ​បរទេស ស្នើ​ឲ្យ​បរទេស​យក​ពល​ករក​ម្ពុ​ជា​ទៅធ្វើ​ការ​ដែរ​ហ្នឹង»។ នេះ​ជាការ​បញ្ជាក់​របស់លោក អំ សំអាត។

ដោយឡែក​លោក អ៊ូ វីរៈ អ្នកវិភាគ​ស្ថានការណ៍​សង្គម យល់ថា រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​យកប្រាក់​មក​ទិញ​ប្រទេស​កម្ពុជា​សម្រាប់​ដាក់​ជន​ភៀសខ្លួន ហើយ​ការណ៍​ដែល​អូ​ស្រា្ត​លី​ធ្វើបែបនេះ គឺ​ដើម្បី​បង្ហាញ​ទៅកាន់​ពិភពលោក​ថា អូស្ត្រាលី​មិន​ទទួលយក​ជនភៀសខ្លួន​ទៀត​នោះទេ។ ទន្ទឹមនឹងនេះ​លោក អ៊ូ វីរៈ ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​គោលការណ៍​ស្ម័គ្រចិត្ត​នៃ​កិច្ចព្រមព្រៀង​អូស្ត្រាលី-កម្ពុជា (MOU)នេះ ដើម្បី​កុំ​ឲ្យ​បរទេស​មើលងាយ​កម្ពុជា ថា​ជា​ប្រទេស​សុំទាន​គេ​ទៀត​ពោលគឺ​ទទួលយក​ជនភៀសខ្លួន ដោយសារ​ជំនួយ។

ជនភៀសខ្លួន​ពី​ប្រទេស​ណូ​រូ៤នាក់ បានមក​រស់នៅ​ប្រទេស​កម្ពុជា ដែល​រួមមាន ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា១នាក់ និង​ជនជាតិ​អ៊ីរ៉ង់៣នាក់ (ស្រី១នាក់) ក្រោម​កិច្ចព្រមព្រៀង​រវាង​អូស្ត្រាលី-កម្ពុជា ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ចុងឆ្នាំ២០១៤ ។ ជនភៀសខ្លួន​ទាំង៤នាក់ នឹងត្រូវ​ស្នាក់នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ៕



© រក្សាសិទ្ធិដោយ thmeythmey.com