ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​នឹង​ចុះ​ត្រួតពិនិត្យ​គុណភាព​អប់រំ​តាម​គ្រឹះស្ថាន​ថ្នាក់​ឧ​ត្ត​មសិ​ក្សា
04, Jun 2015 , 10:58 pm        
រូបភាព
ក្រសួង​អប់រំ យុវជន និង​កីឡា នឹងធ្វើ​ការចុះ​ត្រួតពិនិត្យ នៅតាម​គ្រឹះស្ថាន​អប់រំ​ចំនួន១១ ដើម្បី​ប្រមូល​ព័ត៌មាន​ស្ដីពី​គុណភាព​អប់រំ នៅតាម​គ្រឹះស្ថាន​ទាំងនោះ។គម្រោង​នេះ​ស្ថិតនៅក្នុង​យុទ្ធនាការ នៃ​វាយតម្លៃ និង​ការពង្រឹង​គុណភាព​អប់រំ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​ឆ្នាំ២០១៦ខាងមុខ។


រដ្ឋមន្ត្រីក្រសួង​អប់រំ នឹង​បញ្ជូន​មន្ត្រី​ខ្លួន ចុះទៅ​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្ដែង និង​ពិភាក្សា​ជាមួយ​សាកលវិទ្យាធិការ​តាម​គ្រិះ​ស្ថាន​អប់រំ​ទាំង១១នោះ ដើម្បី​ប្រមូល​ព័ត៌មាន និង​វាយតម្លៃ​គុណភាព​អប់រំ។បេស​សកម្ម​ត្រួតពិនិត្យ​តាម​គ្រឹះស្ថាន​អប់រំ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នេះ​នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ពី​ខែកក្កដា ដល់​ចុងឆ្នាំ២០១៥នេះ។ ព័ត៌មាន​នេះ​ត្រូវបាន​បង្ហើប​ពី​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ ប្រាប់​សារព័ត៌មានថ្មីៗដូច្នេះ​ថា៖«បច្ចុប្បន្ននេះ​យើង​កំពុង​រៀបចំ​សកម្ម​ភាពចុះ​ប្រមូល​ព័ត៌មាន​ពី​គ្រឹះស្ថាន​ចំនួន១១ជាមុនសិន ដោយមាន​មន្ត្រី​ក្រសួង​អប់រំ ក្រុមប្រឹក្សា​ក្រសួង​អប់រំ នាយកដ្ឋាន​ក្រសួង​អប់រំ ចុះទៅ​ត្រួតពិនិត្យ និង​ពិភាក្សា​ជាមួយ​សាកលវិទ្យាធិការ។ អំពី​កម្មវិធីសិក្សា សា្ថ​ន​ភាពជាក់ស្ដែង ដើម្បី​ពង្រឹង​ស្ដង់ដារ​ជំនាញ ពង្រឹង​ផ្ដោតលើ​គុណភាព​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ឆ្នាំ២០១៦»។

លោក រស់ សា​លីន បន្ថែមថា មិនមែន​តែ​គ្រឹះស្ថាន​អប់រំ​ចំនួន១១នេះ​ទេ ដែល​ក្រសួង​ចុះ​ត្រួតពិនិត្យ ពោលគឺ​ក្រសួង​នឹង​ចុះ​ត្រួតពិនិត្យ ប្រមូល​ព័ត៌មាន​ពី​គ្រឹះស្ថាន​អប់រំ​ទូទាំងប្រទេស។ ហើយ​លោក​ក៏​ជំរុញ​ឲ្យ​គ្រឹះស្ថាន​អប់រំ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ទាំងអស់ ចាប់ផ្ដើម​ពង្រឹងគុណភាព​អប់រំ​ក្នុង​កម្មវិធីសិក្សា​របស់​ខ្លួន​ចាប់ពីពេលនេះ​ដែរ។

គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ចំនួន១១ ដែល​ក្រសួង​គ្រោង​និង​ចុះ​ត្រួតពិនិត្យ​មុនគេ គឺ​គ្រឹះស្ថានសិក្សា​រដ្ឋ​ចំនួន៦ និង​ឯកជន​ចំនួន៥ ក្នុងនោះ​រួមមាន សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​សុខាភិបាល​ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com