ជាតិ
សង្គមជាតិ
ព្រឹទ្ធាចារ្យ​ខ្មែរ​បី​រូប​ទទួល​ងារ​ជា “ពលករ​ជំនាញ​ឆ្នើម The best worker”
05, Jun 2015 , 12:29 pm        
រូបភាព
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី២៤របស់​អាយ​ស៊ី​ស៊ី​អង្គរ ព្រឹទ្ធាចារ្យ​ជនជាតិខ្មែរ៣រូប ដែលមាន​ជំនាញ​ផ្នែក​ជួសជុល​ប្រាសាទ​ឥដ្ឋ​អស់​រយៈពេល​ជាង ២០ឆ្នាំ បានទទួល​ងារ​ជា​ពលករ​ជំនាញ​ឆ្នើម។ ងារ​នេះ​ត្រូវបាន​ប្រគល់ជូន​ដោយ​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងឱកាស​នៃ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី២៤ របស់​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី-អង្គរ នា​ថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៥នេះ។


ព្រឹទ្ធាចារ្យ​ខ្មែរ ដែលមាន​ជំនាញ​ខាង​ជួសជុល​ប្រាសាទ​ឥដ្ឋ​ទាំង៣រូបនេះ​មាន លោកតា ស៊ឹម អៃ អាយុ៧០ឆ្នាំ លោកតា ស៊ឹម អឿ​ម អាយុ៦៣ ឆ្នាំ និង​លោកតា ភេ​ម ភឿ​ម អាយុ៦៨ឆ្នាំ មាន​ទីលំនៅ​ជិត​ប្រាសាទបាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។ មានប្រសាសន៍​ក្រោយ​ទទួលបាន​ប័ណ្ណសរសើរ​រួច លោកតា ស៊ឹម អឿ​ម បាន​រៀបរាប់ថា លោកតា និង​ក្រុមការងារ​បានចាប់ផ្តើម​ការងារ​ជួសជុល​ប្រាសាទ​ឥដ្ឋ​តាំងពី​នៅក្មេងៗ ដោយ​ឪពុក​របស់លោក ក៏​ជា​អ្នក​ជួសជុល និង​បង្ហាត់បង្ហាញ។ លោកតា​បន្តថា ការងារ​នេះ​លោកតា​ចេះ​ពី​ឪពុក​លោក​ខ្លះ និង​ទទួលបាន​ការបណ្តុះបណ្តាល​បន្ថែម​ពី​អ្នកជំនាញ​ហុង​គ្រី អ៊ីតាលី និង​អាល្លឺម៉ង់ ក្នុងពេលដែល​លោកតា​ចូលរួម​ធ្វើការ​ជាមួយ​ពួកគេ​តាំងពី​ឆ្នាំ១៩៩៤មក។

ចាប់តាំងពី​ឆ្នាំ២០០០មក លោកតា​បាន​ចូលរួម​ធ្វើការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ។ លោកតា ស៊ឹម អឿ​ម​បាន​រៀបរាប់​បន្ថែមថា លោកតា​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​ជួសជុល​ប្រាសាទ​របស់​ខ្មែរ ទោះបីជា​លោកតា​មាន​អាយុ​កាន់តែច្រើន និង​មាន​ជំងឺខ្លះៗប្រចាំកាយ​ក៏ដោយ។ គិត​មកទល់នឹង​ពេលនេះ ក្រុមការងារ​របស់លោក​តា​បាន​ចូលរួម​ជួសជុល​ប្រាសាទ​ព្រះ​គោ បាន​រួចរាល់ និង​កំពុង​បន្ត​ជួសជុល​ប្រាសាទបាគង ប្រាសាទលលៃ និង​ប្រាសាទ​គោកចក ជាមួយនឹង​ក្រុម​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា។

ជាការ​ផ្តែផ្តាំ​ដល់​កូនចៅ​ជំនាន់​ក្រោយ លោកតា អឿ​ម បាន​លើកឡើងថា សូម​ឲ្យ​កូន​ខ្មែរ​ទាំងអស់​យកចិត្តទុកដាក់​រៀនសូត្រ ដើម្បី​រក្សា​បច្ចេកទេស​នៃ​ការជួសជុល​នេះ​បាន​បន្ត​រហូត ដោយ​ពុំ​បាច់​ពឹង​បរទេស​ទាំងស្រុង ព្រោះ​ប្រាសាទ​ទាំងនោះ​ជា​បេតិកភណ្ឌ​របស់​ដូនតា​ខ្មែរ​យើង៕

អត្ថបទ៖ អាជ្ញាធរ​ជាតិ​អប្សរា



© រក្សាសិទ្ធិដោយ thmeythmey.com