កីឡាជាតិ
ជាតិ
កម្ពុជា​ប្រកួត​មិត្តភាព​ជាមួយ​មី​យ៉ាន់​ម៉ារ​នៅ​ទឹកដី​ថៃ​នា​វេលា​ម៉ោង៦ល្ងាច​នេះ
05, Jun 2015 , 3:19 pm        
រូបភាព

ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជប៉ុន Kazunori Ohara ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​មី​យ៉ាន់​ម៉ា​រនា​វេលា​ម៉ោង៦ល្ងាច​នេះ នៅ​កីឡាដ្ឋាន​Municipal Nonthaburi Stadium ខណៈ​ក្រុម​ទាំងពីរ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ។


សម្រាប់​ក្រុម​ទាំងពីរ នេះ​ជាការ​ប្រកួត​ចុងក្រោយ​នៅមុន​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ World Cup ដែល​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី១១ ខែមិថុនា ខាងមុខ។ កាលពី​ថ្ងៃទី២ ខែមិថុនា កម្ពុជា​បានបញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម​ភ្ញៀវ​ឡាវ និង​ជា​គូប្រជែង​មួយ​របស់​មី​យ៉ាន់​ម៉ារ​នៅក្នុង​ពូ​ល G ។

នា​ជំនួប១៦លើក​កន្លងមក​ដែល​ត្រូវបាន​កត់ត្រា​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ មី​យ៉ាន់​ម៉ារ​ទទួល​ជ័យជម្នះ ១៣លើក កម្ពុជា​ឈ្នះ១លើក និង​ស្មើគ្នា១លើក។ នា​ជំនួប​ចុងក្រោយ មី​យ៉ាន់​ម៉ារ​បានទទួល​ជ័យជម្នះ​លើ​កម្ពុជា ១-០ ក្នុងការ​ប្រកួត​ជម្រុះ AFF Suzuki Cup ឆ្នាំ២០១៤ ដែលជា​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់ Kyaw Ko Ko។

កម្ពុជា​បានទទួល​ជ័យជម្នះ​ចុងក្រោយ​លើ​មី​យ៉ាន់​ម៉ារ​កាលពី​ការប្រកួត​ក្នុង​ពូ​ល B នៃ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ១៩៩៧ (ដែល​កាលណោះ​មិនទាន់មាន​ការកំណត់​អាយុ​កីឡាករ)  ប៉ុន្តែ​ក្រោយមក កម្ពុជា​បាន​ចាញ់​មី​យ៉ាន់​ម៉ារ៧លើកជាប់ៗគ្នា។

សម្រាប់​ការប្រកួត​ជម្រុះ World Cup នៅ​ថ្ងៃទី១១ ខែមិថុនា កម្ពុជា​ទទួលភ្ញៀវ​សឹង្ហ​បុរី មុននឹង​មានការ​ប្រកួត​ជា​បន្តបន្ទាប់​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ជប៉ុន និង​ស៊ី​រី រីឯ មី​យ៉ាន់​ម៉ា​របើក​ការប្រកួត​ជាមួយ​ម្ចាស់ផ្ទះ​ឡាវ​ក្នុង​ពូ​ល G មុននឹង​ជួប​កូរ៉េខាងត្បូង គូ​វែ​ត និង​លី​បង់។

យោង​តាម​តារាង​ចំណាត់​ថ្នាក់ FIFA World Ranking ដែល​ផ្សាយកាលពី​ថ្ងៃទី​៤ ខែមិថុនា មីយ៉ាន់ម៉ារ​ស្ថិតនៅ​ចំណាត់ថ្នាក់ទី១៤៣ ខណៈកម្ពុជា​ស្ថិតនៅ​ចំណាត់​ថ្នាក់ទី​១៧៨៕



© រក្សាសិទ្ធិដោយ thmeythmey.com