ជាតិ
​​​ន​យោ​បាយ​ជាតិ​
សេចក្ដីព្រាងច្បាប់​NGO នឹង​បញ្ជូនទៅ​រដ្ឋសភា​សប្ដាហ៍​ក្រោយ បន្ទាប់ពី​រដ្ឋាភិបាល​អ​នុ​ម័ត
05, Jun 2015 , 3:29 pm        
រូបភាព
រដ្ឋាភិបាល​បានអនុម័ត សេចក្ដីព្រាងច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ហើយ នៅ​ព្រឹក​ថ្ងៃទី៥ មិថុនា​នេះ ក្រោម​ការដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាទី​ស្តីការគណៈរដ្ឋមន្ត្រី។ ហើយ​សេចក្ដីព្រាងច្បាប់​នេះ នឹងត្រូវ​បញ្ជូនទៅ​រដ្ឋ​សភា នា​សប្តាហ៍​ក្រោយ។


នៅលើ​គេហទំព័រ​ហ្វេ​ស​បុក​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី បានសរសេរថា រដ្ឋាភិបាល​សម្រេច​អនុម័ត​ទៅលើ​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ក្នុងនោះ​មានការ​កែសម្រួល​ពាក្យពេជន៍​មួយចំនួន និង​លុបចោល​មាត្រា​ចំនួន២ ជាការ​សំណូមពរ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន​ការគាំទ្រ​ពី​គណៈរដ្ឋមន្ត្រី។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលរដ្ឋាភិបាលអនុម័តនេះ​គឺមាន០៩ជំពូក និង៣៩មាត្រា ក្រោយពី​លុបចោល​ចំនួន២មាត្រា។ ហើយ​សេចក្ដីព្រាងច្បាប់​នេះ នឹង​បញ្ជូនទៅ​រដ្ឋសភា នា​ដើម​សប្តាហ៍​ក្រោយនេះ ។

លោក ផៃ ស៊ី​ផាន បានសរសេរថា គិត​មកដល់ពេលនេះ គឺ​អស់​រយៈពេល២០ឆ្នាំ​កន្លងមកហើយ ដែល​រាជរដ្ឋាភិបាល ក៏ដូចជា​គណបក្ស​ភាគតិច​នៅក្នុង​សភា បាន​ពិចារណា​លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ។ លោក​ថា ទិសដៅ និង​គោលបំណង​នៃ​សេចក្ដីព្រាងច្បាប់​នេះ អនុលោម​តាម​រដ្ឋធម្មនុញ្ញ ។ សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធមនុស្ស និង​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធ​ប្រជាពលរដ្ឋ និង​សិទ្ធ​នយោបាយ ។

សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏​ចម្រូងចម្រាស ត្រូវបាន​រាជរដ្ឋាភិបាល អះអាងថា បង្កើតឡើង​ដើម្បី​លើកស្ទួយ​ការប្រើប្រាស់​សិទ្ធិសេរីភាព ក្នុងការ​បង្កើត សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល  និង​លើកកម្ពស់​កិច្ចប្រតិបត្តិការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​លើ​គ្រប់​វិស័យ។ តែ​យ៉ាងណា​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ កន្លងមក ក៏​ស្នើ​ឲ្យ​រដ្ឋសភា បើក​កិច្ច​ពិគ្រោះ​យោបល់​ដោយ​ចំហរ​ជាមុនសិន​ទៅលើ​សេចក្ដីព្រាងច្បាប់​នេះ មុននឹង​សភា​អនុម័ត៕





© រក្សាសិទ្ធិដោយ thmeythmey.com