ជាតិ
សង្គមជាតិ
ការប្រែប្រួល​អាកាសធាតុ កំពុង​គំរាមកំហែង សន្តិសុខ​ស្បៀង
05, Jun 2015 , 5:20 pm        
រូបភាព
ដោយ: ថ្មីៗ

ការប្រែប្រួល​អាកាសធាតុ និង​គ្រោះមហន្តរាយធម្មជាតិ បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដល់​ពិភពលោក ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ ការខ្វះខាត​ទឹក គ្រោះរាំងស្ងួត និង​ការ​ខូ​ត​ខាត​ដី ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​ផងដែរ។ ការ​ខ្ជះខ្ជាយ​ម្ហូបអាហារ ទឹក ថាមពល និង​ធនធានធម្មជាតិផ្សេងៗទៀត ធ្វើអោយមាន​ការប៉ះពាល់​ដល់​បរិស្ថាន និង​បង្កអោយមាន​ការកើនឡើង​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់។


លោក តឹក វណ្ណា​រា នាយក​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីអំពី​កម្ពុជា NGO Forum បាន​មានប្រសាសន៍ នៅក្នុង​ទិវា​បរិស្ថាន នៅ​ខេត្តស្ទឹងត្រែង​ថា៖«កម្ពុជា​ជា​ប្រទេស​ងាយ​រងគ្រោះ ពី​ការ​ប្រែ​ប្រូ​ល​អាកាសធាតុ​ពិភពលោក ហើយ​បញ្ហា​សន្តិសុខ​ស្បៀង កំពុង​ប្រឈមមុខ និង​ការគំរាមកំហែង​យ៉ាងខ្លាំង​ពី​ឥទ្ធិពល​អវិជ្ជមាន​រប​ស់​អាកាសធាតុ ដូចជា​ការប្រែប្រួល​រប​ប ទឹកភ្លៀង ទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត ជំងឺ និង​សត្វល្អិត​ចង្រៃ​ជាដើម»។

លោក​បន្តថា៖«ក្រៅពី​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​មួយចំនួនទៀត​ដែរ ដូចជា​ការ ថយចុះ​នៃ​ធនធាន​ព្រៃឈើ ការថយចុះ​នៃ​ធនធាន​ជីវចម្រុះ ការ​លប់​តំបន់ដីសើម​សំរាប់​ពង្រីក​ទីក្រុង និង​ទីប្រជុំជន ជម្លោះ​លើ​ការប្រើប្រាស់​ដីធ្លី ធនធាន​ខ្សាច់ និង​ធនធានទឹក និរន្តរភាព​អាង​ទន្លេសាប អាង​ទន្លេមេគង្គ និង​ដៃ​រប​ស់វា ដែល​បញ្ហា​ទាំងនេះ​កើតចេញពី​អ​តុ​យ្យ​ភាព​នៃ​ការអភិវឌ្ឍ​ន៌ និង​ការអភិរក្ស​ដែល​កំពុង​កើតមានឡើង​នៅពេល​បច្ចុប្បន្ន»។

នៅ​ថ្ងៃទី៥មិថុនា​នេះ ជា​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក។ នៅ​ឆ្នាំនេះ នៅ​ទូទាំង​ពិភពលោក និង​រួមទាំង​កម្ពុជា​ផង​នោះ បានរៀបចំ​ទិវា​នេះ ក្រោម​ប្រធានបទ«៧លាន​សុបិន ភពផែនដី​តែមួយ រសនៅ​ដោយ​ចិ​រ​ភាព » ។

ទិវា​នេះ រៀបចំឡើង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​ភាពចាំបាច់ និង​សារៈប្រយោជន៍​នៃ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ឲ្យ​បាន​សមស្រប៕
 









 


© រក្សាសិទ្ធិដោយ thmeythmey.com