ជាតិ
ព្រំដែន
កម្ពុជា-ថៃ នឹង​ពង្រឹង​រក្សា​សន្តិសុខ​តាម​ព្រំដែន​ឲ្យ​កាន់តែ​ល្អប្រសើរ
05, Jun 2015 , 6:30 pm        
រូបភាព

ភ្នំពេញ៖ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រា​ប់លោក Nuttavutdh  Photisaro ឯកអគ្គរាជទូត​ថៃ ទើប​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា​ថា កម្ពុជា-ថៃ ត្រូវ​បង្កើន​កិច្ចសហការ​គ្នា​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ប្រទេស​ទាំងពីរ ឲ្យ​កាន់​ល្អ​បន្ថែមទៀត។ លោក នេ​ត សាវឿន បាន​បន្ថែមថា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ព្រំដែន រវាង​កម្ពុជា ថៃ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​រយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី១០ ដល់​ថ្ងៃ១២ ខែមិថុនា ។ នេះ​បើតាម​គេហរ​ទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។


នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក  Nuttavutdh  Photisaro ឯកអគ្គរាជទូត​ថៃ កាល​ថ្ងៃទី៤ ខែមិថុនា​នេះ នៅ​អគ្គស្នងការ​នគរបាល​ជាតិ លោក  នេ​ត សាវឿន បញ្ជាក់ថា តាមរយៈ​កិច្ចប្រជុំ​នោះ នឹង​ជំរុញ​ឲ្យ​ស្ថានការណ៍​នៃ​ការគ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ មាន​ភាពល្អ​ប្រសើរឡើង។ ជាពិសេស​កិច្ចសហប្រតិបត្តិការ​កា​រ​បង្ក្រាប​បទល្មើស​ឆ្លងដែន  ការផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងដែន​ប្រក​បរបរ​បំរើ​ការងារ​ចិញ្ចឹមជីវិត រវាង​ប្រទេស​ទាំងពីរ និង​សហការ​ចាត់វិធានការ​អនុវត្ត​ទៅលើ​ជនខិលខូច ជនល្មើស​ឆ្លងដែន​ជាដើម។

លោក​ឯកអគ្គរាជទូត​ថៃ ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រទេស​ទាំងពីរ បន្ត​បង្កើន​ទំនាក់ទំនង​ល្អ​ទាំង កងកំលាំង​មាន​សមត្ថកិច្ច រវាង​អ្នក​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា និង​អាជ្ញាធរ​នានា​ទៀត ៕





© រក្សាសិទ្ធិដោយ thmeythmey.com