កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖ កម្ពុជា​បើក​យុទ្ធនាការ​ស្វែងរក​មេដាយ​ចាប់ពី​ថ្ងៃនេះ​តទៅ
06, Jun 2015 , 6:30 am        
រូបភាព
លោក ថោង ខុន និង​លោក ហង់ ជួន ណារ៉ុន ចុះសួរសុខទុក្ខប្រតិភូ និងអត្តពលិក។ រូបថត Shin Long
លោក ថោង ខុន និង​លោក ហង់ ជួន ណារ៉ុន ចុះសួរសុខទុក្ខប្រតិភូ និងអត្តពលិក។ រូបថត Shin Long
មុន​ឈាន​មកដល់​ការបើក​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ជា​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ ម្ចាស់ផ្ទះ​សឹង្ហ​បុរី កំពុង​នាំមុខគេ​លើ​តារាង​ដោយ​ទទួលបាន​មេដាយ​សរុប១៨ ខណៈ​វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ស្ថិតនៅ​លេខ​រៀង​ជា​បន្តបន្ទាប់។ កម្ពុជា ក៏ដូចជា​មី​យ៉ាន់​ម៉ារ ឡាវ ប្រ៊ុយណេ និង​ទី​ម័​រ​ខាងកើត រំពឹង​ដណ្តើមបាន​កិត្តិយស​ជូន​ជាតិ​របស់ខ្លួន​ចាប់ពី​ថ្ងៃនេះ​តទៅ។


មួយ​សប្តាហ៍​មុន​ការបើក​សម្ពោធ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ ការប្រកួត​កីឡា​បី​ប្រភេទ​រួមមាន កីឡា​សម្តែង​ក្នុង​ទឹក កីឡា​គុន​ដាវ និង​កីឡាវាយកូនឃ្លីលើតុ បាន​នាំ​ឲ្យ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី ទទួលបាន​មេដាយមាស៧ ប្រាក់៤ និង​សំរឹទ្ធ៧ ហើយ​វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ក៏​ចូលក្នុង​បញ្ជី​ប្រទេស​ដែល​ទទួលបាន​មេដាយ​ផងដែរ។

កម្ពុជា ឡាវ ប្រ៊ុយណេ ទី​ម័​រ​ខាងកើត រួមទាំង​មី​យ៉ាន់​ម៉ារ​ដែលជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ២០១៣ មិនទាន់​ទទួលបាន​មេដាយ​ណាមួយ​ឡើយ ខណៈ​កម្ពុជា​បានចាប់ផ្តើម​ការប្រកួត​ប្រជែង​លើ​កីឡាវាយកូនឃ្លីលើតុ គុន​ដាវ និង​កីឡាបាល់ទាត់​អាយុ​ក្រោម២៣ឆ្នាំ។

ការប្រកួត​លើ​វិញ្ញាសា​មួយចំនួន​នៃ​កីឡាវាយកូនឃ្លីលើតុ និង​គុន​ដាវ មិន​ទទួលលទ្ធផល​វិជ្ជមាន​ឡើយ ប៉ុន្តែ​ភាពសប្បាយ​រីករាយ​សម្រាប់​ក្រុម​អ្នកគាំទ្រ​កម្ពុជា បាន​កើតឡើង​បន្ទាប់ពី​ពួកគេ​មើលឃើញ​ពី​ជ័យជម្នះ ៣-១ របស់​ក្រុមកីឡា​បាល់ទាត់​យុវជន​ជម្រើសជាតិ​អាយុ​ក្រោម២៣ឆ្នាំ លើ​ហ្វីលីពីន នា​ការប្រកួត​ដំបូង​នៅក្នុង​ពូ​ល​របស់ខ្លួន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ បន្ត​ការប្រកួត​រហូតដល់​ថ្ងៃទី១៧ ខែមិថុនា ដោយមាន​អត្ត​ព​លិ​ក​ប្រមាណ៧០០០នាក់​មកពី១១ប្រទេស​ក្នុង​តំបន់ ចូលរួម។ ពួកគេ​ប្រកួតប្រជែង​លើ​កីឡា​ចំនួន៣៦ប្រភេទ និង៤០២វិញ្ញាសា ហើយ​ប្រកួត​ប្រព្រឹត្តទៅ​នៅលើ​ទីតាំង​ជាង៣០កន្លែង​នៅ​ទូទាំងប្រទេស​សឹង្ហ​បុរី។

សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨នេះ កម្ពុ​ជាមាន​អត្ត​ព​លិ​ក១៨០ ចូលរួម​ប្រកួត​លើ២២ប្រភេទ​កីឡា។ មេដឹកនាំ​ស្ថាប័ន​កីឡា​កម្ពុជា​បាន​ធ្លាក់ចុះ​នូវ​ក្តីសង្ឃឹម​របស់ខ្លួន បើ​ប្រៀបធៀប​កាលពី​ឆ្នាំ២០១៣ ដោយសារ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី មិនបាន​ដាក់​កីឡា​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា​ដូចជា ចំបាប់ វ៉ូ​វី​ណា​ម និង​តេ​ក្វាន់​ដូ​ទម្ងន់​ធ្ងន់​សម្រាប់ធ្វើ​ការប្រកួតប្រជែង​យក​មេដាយ។

ទោះបីជា​យ៉ាងណាក៏ដោយ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​ប្រតិភូ​កីឡា​កម្ពុជា មាន​ក្តី​សង្ឃឹមថា កម្ពុជា​នឹង​ទទួលបាន​មេដាយមាស​លើ​កីឡា​ប៉េតង់ សី​ឈិន​ឡូ​ន និង​ប្រដាល់សកល។ លោក​ក៏បាន​មើលឃើញ​ពី​ការរីកចម្រើន​ដ៏​ភ្ញាក់ផ្អើល​នៃ​វិស័យ​កីឡាបាល់ទាត់ និង​បាល់បោះ​ខ្មែរ​នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នេះដែរ ខណៈ​កីឡា​វាយ​កូន​បាល់ កីឡា​តេ​ក្វាន់​ដូ និង​អត្ត​ព​លិ​ក គឺ​មិនអាច​មើលរំលង​បានឡើយ។

ក្រោយ​ការបើក​កម្មវិធី​ជា​ផ្លូវការ ប្រទេស​ទាំងអស់​នឹងមាន​ភាព​កាន់តែ​មមាញឹក​តែ​លើ​ការប្រកួតប្រជែង​ដណ្តើមយក​មេដាយ ហើយ​នៅ​នេះ កម្ពុជា​ត្រូវ​ប្រកួតប្រជែង​លើ​ប្រភេទ​កីឡាហែលទឹក ប្រដាល់សកល ប្រណាំងទូក​កា​នូ ជិះសេះ គុន​ដាវ បាល់ទាត់ ប៉េតង់ បាល់ឱប សី​ឈិន​ឡូ​ន វាយ​កូនឃ្លី​លើ​តុ វាយ​កូន​បាល់ ទូក​ប្រពៃណី និង​វូ​សូ៕



© រក្សាសិទ្ធិដោយ thmeythmey.com