កីឡាជាតិ
ជាតិ
FFC ​ផ្តល់​រង្វាន់​១ម៉ឺនដុល្លារដល់ក្រុមជម្រើស​ជាតិដែល​បានឈ្នះមីយ៉ាន់ម៉ារ ១-០
05, Jun 2015 , 11:37 pm        
រូបភាព
សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ (FFC) បាន​សម្រេច​ផ្តល់​ប្រាក់​រង្វាន់​ចំនួន​១ម៉ឺនដុល្លារអាមេរិក​ដល់​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ដែល​យក​ឈ្នះមីយ៉ាន់ម៉ារ ១-០ នាការប្រកួត មិត្តភាព​នៅកីឡដ្ឋាន Nonthaburi Stadium ប្រទេសថៃ នាថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០១៥។ ល្ងាច​ថ្ងៃដដែល លោក ខៀវ សាម៉េត អនុប្រធាន​ FFC បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗថា ការ ផ្តល់​ប្រាក់​រង្វាន់គឺ​ដើម្បី​លើក​ទឹក​ចិត្តក្រុមជម្រើស​ជាតិ​ដែល​បង្ហាញ​ទម្រង់លេងយ៉ាងល្អ​ក្នុងជំនួបមិត្តភាព​នេះ។


ជ័យ​ជម្នះ​របស់​ក្រុមជម្រើស​ជាតិ​កម្ពុជា សម្រេចបាន​ដោយខ្សែប្រយុទ្ធ ឃឹម បូរី នៅ​នាទី ទី​៣៨ ។ ទាំងកម្ពុជា និង​មីយ៉ាន់ម៉ារសុទ្ធតែត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ជម្រុះជុំទីពីរ​ប្រចាំតំបន់អាស៊ី​នៃព្រឹត្តិការណ៍ World Cup។

សម្រាប់​ការប្រកួត​ជម្រុះ World Cup នៅ​ថ្ងៃទី១១ ខែមិថុនា កម្ពុជា​ក្រោម​ការដឹកនាំរបស់គ្រូបង្វឹក​ជប៉ុន Kazunori Oharaទទួលភ្ញៀវ ​សឹង្ហ​បុរី មុននឹង​មានការ​ប្រកួត​ជា​បន្តបន្ទាប់​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ជប៉ុន និង​ស៊ី​រី រីឯ មី​យ៉ាន់​ម៉ា​របើក​ការប្រកួត​ជាមួយ​ម្ចាស់ផ្ទះ​ឡាវ​ក្នុង​ពូ​ល G មុននឹង​ជួប​កូរ៉េខាងត្បូង គូ​វែ​ត និង​លី​បង់។

យោង​តាម​តារាង​ចំណាត់​ថ្នាក់ FIFA World Ranking ដែល​ផ្សាយកាលពី​ថ្ងៃទី​៤ ខែមិថុនា មីយ៉ាន់ម៉ារ​ស្ថិតនៅ​ចំណាត់ថ្នាក់ទី១៤៣ ខណៈកម្ពុជា​ស្ថិតនៅ​ចំណាត់​ថ្នាក់ទី​១៧៨ បន្ទាប់ពី​ទទួល​បានលទ្ធផល​ស្មើ ១-១ ជាមួយ​ឡាវ៕

© រក្សាសិទ្ធិដោយ thmeythmey.com