កីឡាជាតិ
ជាតិ
កីឡា​បាល់ឱប៖ កុមារ​ជនបទ​ចង់​ក្លាយជា​កីឡាករ​ជម្រើសជាតិ​កម្ពុជា ទៅ​ប្រកួត​ក្រៅប្រទេស
06, Jun 2015 , 9:30 am        
រូបភាព
ដោយ:

ខេត្តព្រះវិហារ៖ កុមារា​កុមារី​ជាង ២០នាក់​ដែល​កំពុង​រស់នៅ​ក្នុងព្រៃ​ភ្នំ​សហគមន៍​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ បាន​នឹង​កំពុង​ហ្វឹកហាត់​កីឡា​បាល់ឱប​ជា​រៀងរាល់ថ្ងៃ ជាមួយ លោក ហ្វី​លី​ព ម៉ូ​ណាំង (Philippe MONNIN) គ្រូបង្វឹក​កីឡា​បាល់ឱប និង​ជាទី​ប្រឹក្សា​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា។ តាមរយៈ​នេះ ពួកគេ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ពូកែ ដើម្បី​ក្លាយជា​ខ្លួន​ជា​ជម្រើសជាតិ​បាល់ឱប​កម្ពុជា ទៅ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ។


កុមារ​ទាំងនោះ មានឱកាស​ហ្វឹកហាត់​កីឡា​ប្រភេទ​ថ្មី​នេះ តាមរយៈ​លោក ហ្វី​លី​ព គ្រូបង្វឹក ស​ញ្ជ​តិ​បែលហ្ស៊ិក និង​ជា​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ដាំ​កៅស៊ូ​ឯកជន​មួយ ដែល​បាន​បោះទុន​វិនិយោគ​ក្នុង​ទីតាំង​ស្រុក​គូលែន ខេត្តព្រះវិហារ។ ពួកគេ​បានទទួល​បទពិសោធន៍​ថ្មី​ជាមួយ នឹង​កីឡា​បាល់ឱប ទោះបីជា​រស់នៅ​រាប់រយ​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​ក៏ដោយ។

មាន​វ័យ ១១ឆ្នាំ កុមារី វ៉ន ថា​ត និយាយថា កីឡា​បាល់ឱប​នេះ គឺជា​កីឡា​ប្រភេទ​ថ្មី​បំផុត សម្រាប់​នាង ព្រមទាំង​កុមារ​ដែល​រស់នៅក្នុង​តំបន់​ព្រៃភ្នំ ដោយ​នាង​អះអាងថា កុមារ​ក្នុង សហគមន៍​ធ្លាប់តែ​ឃើញតែ​អ្នកលេង​បាល់ទាត់ និង​បាល់ទះ​ប៉ុណ្ណោះ ពោលគឺ​មិន​ធ្លាប់​ឃើញ អ្នកលេង​បាល់ឱប​នេះ​ទេ។

កុមារី​សម្បុរ​ខ្មៅ​ស្រអែម​រូបនេះ បាន​ចូល​ហ្វឹកហាត់​កីឡា​បាល់ឱប​នេះ រយៈពេល​ជាង ១ឆ្នាំ ដោយ​នាង​មានឱកាស​នេះ តាមរយៈ​ការជ្រើសរើស​របស់លោក​គ្រូបង្រៀន​ក្នុង​សាលា​បឋម សិក្សា​ស្រ​យ៉ង់។ មូលហេតុ​តែមួយគត់ ដែល​ធ្វើ​ឲ្យ​នាង​ចាប់អារម្មណ៍​ចូល​ហាត់រៀន កីឡា​បាល់ឱប គឺ​ដោយសារ នេះ​ជា​កីឡា​ប្លែក​ថ្មី ធ្វើ​ឲ្យ​នាង​អារម្មណ៍​សប្បាយ។ កុមារី​និយាយ មួយៗទាំង​អៀនខ្មាស់​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​អត់​ចង់​ចូល​លេង​ទេ​ដំបូង ព្រោះ​ខ្ញុំ​ឃើញ​គេ​រត់ ដណ្តើម​បាល់​គ្នា​ខ្លាំង រត់​បុក​គ្នា​ដួល​ហ៊ុយ​ដី តែ​ក្រោយពេល​គ្រូ​ណែនាំ ទើប​ខ្ញុំ​ចង់​ចូល​លេង​កីឡា​សប្បាយ​ប្លែក​នេះ»។

នៅពេល​ទំនេរ​ពី​ការសិក្សា កុមារ​ក្នុង​សហគមន៍​ទាំងអស់ជារឿយៗតែង​ប្រ​មួល​គ្នា​មក ហ្វឹកហាត់​លើ​វាល​ដីក្រហម​ទំហំ​ជាង ១ហិច​តា​មួយកន្លែង ដែល​ក្រុមហ៊ុន​វិនិយោគ​ចំការ កៅស៊ូ​បាន​ត្រៀម​ទុក​សម្រាប់​ហ្វឹកហាត់​ពួកគេ។

សិស្ស​កំពុង​ថ្នាក់​ទី២ នៃ​សាលាបឋមសិក្សា​ស្រ​យ៉ង់​រូបនេះ ជឿជាក់ថា   នាង​នឹង​អាច​ក្លាយជា កីឡា​បាល់ឱប​ជម្រើសជាតិ ហើយនឹង​អាចឈាន​ជើង​ទៅ​ចូលរួម​ប្រកួត​លើ​ទីលាន​ក្រៅ ប្រទេស​ទៀតផង។ «ខ្ញុំ​ស្រ​ម៉ៃ​ថា ថ្ងៃមួយ​ខ្ញុំ​នឹង​អាច​ទៅលេង​ក្រៅប្រទេស​ដូចបងៗមុន​ដែរ។ ខ្ញុំ​ចង់​ក្លាយជា​ជម្រើសជាតិ​ពួកគាត់»។ នេះ​ជា​ក្តី​ស្រ​ម៉ៃ​របស់​កុមារ វ៉ន ថា​ត។

មិន​ខុសគ្នា​ប៉ុន្មាន​ពី​កុមារី​ខាងលើ ប្អូនស្រី ជាវ ស្រី​ពៅ អាយុ ១២ឆ្នាំ ដែលជា​កីឡាករ​បាល់ឱប កុមារ ក្នុង​សហគមន៍​ដែរនោះ ក៏មាន​ក្តី​ស្រ​ម៉ៃ​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ដែរ។ នាង​និយាយ ជារឿយៗ កុមារ​ទាំងអស់ តែងមាន​អារម្មណ៍​សប្បាយ​ចិត្តនឹង​ការរៀបចំ​ហ្វឹកហាត់ និង​ការប្រកួត​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន ហើយ​ថា ពួកគេ​ចង់​ឲ្យ​ក្រុមហ៊ុន​នាំ​ពួកគេ​ទៅ ប្រកួត​នៅ​ប្រទេស​ទៀតផង។

មាន​សម្បុរ​សណ្តែកបាយ កុមារី ស្រី​ពៅ និយាយ​ទាំង​សំណើច​ថា៖«ពេល​ប្រកួតម្តងៗ ពួកយើង​រីករាយ ហើយ​ខំប្រឹង​រត់ការ​ពារ​បាល់ មាន​ខ្លះ​ដួល​ហុយ​ដី។ យើង​ចង់​លេង​បាល់ឱប នៅក្រៅ​ប្រទេស ហើយ​ចង់ឃើញ​កម្ពុជា​មានឈ្មោះ​ល្បី​លើ​ពិភពលោក»។

ជាមួយគ្នានេះ លោក ហ្វី​លី​ព ម៉ូ​ណាំង (Philippe MONNIN) ជាទី​ប្រឹក្សា និង​គ្រូបង្វឹក​កីឡា​បាល់ឱប​កម្ពុជា​មួយរូប ដែល​បានរួម​ចំណែក​ជំរុញ​លើកស្ទួយ​វិស័យ​កីឡា​បាលឱប​ក្នុងប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ ១៩៩៩ មក បាន​ប្រាប់​ពី​គោលបំណង​ដែល​លោក នាំ​កីឡា​បាល់ឱប​នេះ​ថា ដោយសារ​លោក​ចង់​ចូលចិត្ត​កីឡា​ប្រភេទ​នេះ ហើយ​ម្យ៉ាងទៀត លោក​ចង់ ឃើញ​យុវជន និង​កុមារ​ក្នុង​សហគមន៍​ជនបទ​អាច​ប្រកួត​កីឡា​គ្រប់​ប្រភេទ។

លោក​ថា៖«ក្រៅពី​កីឡា​បាល់ឱប​នេះ ខ្ញុំ​នឹង​រៀបចំ​កន្លែង​ហ្វឹ​ត​ហាត់​កីឡា​វាយ​សី​លើ​តុ និង​កីឡា​កា​រ៉ាត់​តៃ​ដូ ថែមទៀត។ ខ្ញុំ​ចូលចិត្ត​កីឡា ខ្ញុំ​ចង់​ចូលរួម​អភិវឌ្ឍន៍​ពង្រឹងពង្រីក វិស័យ​កីឡា​នៅ​កម្ពុជា»។

បើតាម​គ្រូបង្វឹក​ជនជាតិ​បែលហ្ស៊ិក​ខាងលើ បច្ចុប្បន្ននេះ កីឡាករ​បាល់ឱប​ទាំង​យុវជន និង​កុមារ​ក្នុង​សហគមន៍​មាន​ចំនួន​ជាង ៣០នាក់ ហើយ​កីឡាករ​ផ្សេងទៀត មាន​នៅតាម​ខេត្ត កណ្តាល កំពង់ចាម សៀមរាប និង​ព្រះវិហារ​ជាដើម។

អំឡុង​ឆ្នាំ២០០០ កីឡា​បាល់ឱប​កម្ពុជា ត្រូវបាន​ផ្លូវការ​ចុះបញ្ជី​ក្នុង​សហព័ន្ធ​កីឡា​ជាតិ ជា​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា (Cambodian Federation of Rugby)។ ទោះបីជា​កីឡា​នេះ ទើបនឹង​ចាប់ផ្តើម​មាននៅ​កម្ពុជា​ក្តី តែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​យុវជន និង​កុមារ​នៅ​កម្ពុជា ហើយ​លោក Philippe MONNIN មាន​ជំនឿ​ជាក់​ថា  កីឡា​ប្រភេទ​នេះ នឹង​រីកចំរើន​ពេញនិយម​ដូច​កីឡាបាល់ទាត់ និង​កីឡា​នានា​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com