ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន​ស្នើ​ឲ្យ ICC Angkor ជួយ​អភិរក្ស និង​អភិវឌ្ឍ​ភ្នំ​គូ​លេន
06, Jun 2015 , 9:33 am        
រូបភាព
លិង្គមួយពាន់នៅភ្នំគូលេននារដូវប្រាំង
លិង្គមួយពាន់នៅភ្នំគូលេននារដូវប្រាំង
សៀមរាប៖ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍ​តំបន់​អង្គរ ហៅ​កាត់​ថា ICC Angkor ក្រសួងបរិស្ថាន បានស្នើ​ឲ្យ​គណៈកម្មាធិការ​នេះ ជួយ​រៀបចំ អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​ភ្នំ​គូ​លេន។ ឆ្លើយតប​នឹង​សំណើរ​របស់​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន គណៈកម្មាធិការ​អន្តរជាតិ ICC Angkor បាន​ទទួលយក​សំណើរ និង​សន្យា​ជួយ​រៀបចំ​ផែនការ​នានា ដើម្បី​គ្រប់គ្រង​តំបន់ភ្នំ​គូ​លេន។


សំណើរ​សុំ​ឲ្យ​រៀបចំ​ផែនការ​អភិរក្ស និង​អភិវឌ្ឍ​ភ្នំ​គូ​លេន របស់​ក្រសួងបរិស្ថាន ធ្វើឡើង​ក្នុង​កិច្ចប្រជុំ ICC Angkor កាលពី​ថ្ងៃទី ៤ និង​ទី៥ មិថុនា នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ខេត្តសៀមរាប។ ក្នុង​ព័ត៌មាន​ដែល​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា តំបន់ភ្នំ​គូ​លេន គួរ​ត្រូវ​បានរៀបចំ គ្រប់គ្រង អភិរក្ស​បេតិកភណ្ឌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ក៏ដូចជា​ជីវចម្រុះ​នៅលើ​ភ្នំ​នេះ។

ភ្នំ​គូ​លេន បានផ្តល់​សក្កា​នុព​ល​ជាច្រើន​ដល់​ខេត្តសៀមរាប ក្នុងនោះ​ក្រៅពី​តំបន់​ទេសចរណ៍ ភ្នំ​គូ​លេន គឺ​សម្បូរ​ដោយ​ប្រាសាទបុរាណ និង​ជាពិសេស​ប្រភពទឹក នៅក្នុង​ខេត្តសៀមរាប​ទាំងមូល​ផង។ រមណីយដ្ឋាន​ភ្នំ​គូ​លេន មាន​ផ្ទៃដី​ប្រមាណ ៣៧៥០០ ហិកតា ដែល​បច្ចុប្បន្ន ក្រុមហ៊ុន ស៊ី​ធី របស់លោក សៀង ណាំ និង​ទាហាន​ភូមិភាគ៤ កំពុង​គ្រប់គ្រង​យក​ថ្លៃ​សំបុត្រ​ទស្សនា។ ចំណែក​ហេដ្ឋារចនាសម្ព័ន្ធ​វិញ គេ​ឃើញថា មិនទាន់មាន​ការអភិវឌ្ឍ​នៅឡើយ​ទេ គឺ​ផ្លូវ​ឡើង និង​ចុះ គឺ​តែមួយ ហើយ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​អ្នកទេសចរ​ទៅ​កម្សាន្ត អំឡុង​ខែវស្សា។ ភ្នំ​គូ​លេន ដែលជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិ មានឈ្មោះ​ហៅថា ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន-នរោត្តម។

តាមរយៈ​ការស្រាវជ្រាវ និង​រុករក​នៅលើ​ភ្នំ​គូ​លេន ចាប់តាំងពី​ចុង​សតវត្ស​ទី១៩មក ប្រាសាទ បុរាណ​ជាច្រើន ត្រូវបាន​កត់ត្រា និង​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​ប្រាសាទបុរាណ។ ប្រាសាទបុរាណ​ទាំងនោះ ភាគច្រើន​ត្រូវបាន​កសាងឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី២ នា​ដើម​សតវត្ស​ទី៩ និង​ប្រាសាទ​មួយចំនួនទៀត​ត្រូវបាន​កសាងឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ នា​សតវត្ស​ទី១។ មាន​ប្រាសាទ​ចំនួន​ជាង ៥០ ដែល​កសាង​នៅលើ​ភ្នំ​គូ​លេន​នេះ។

នៅក្នុង​សម័យ​សង្គ្រាម រមណីយដ្ឋាន​ភ្នំ​គូ​លេន គឺជា​កន្លែង​ឈរជើង​របស់​កងទ័ព ហើយ​ក្នុងនោះ តំបន់​មួយចំនួន ក៏​រង​ការបំផ្លិចបំផ្លាញ​ផងដែរ។ ក្រសួងបរិស្ថាន​ក៏មាន​ផែនការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែល​កប់​នៅក្នុង​តំបន់ភ្នំ​គូ​លេន។ យ៉ាងណាមិញ ការរៀបចំ​របាយការណ៍​នានា ដើម្បី​អភិរក្ស គ្រប់គ្រង​រមណីយដ្ឋាន​ភ្នំ​គូ​លេន នឹង​ឡើង​យកមក​និយាយ​ម្តងទៀត នៅ​កិច្ចប្រជុំពេញអង្គ​របស់​គណៈ​គ​ម្មា​ធិ​ការ​អន្តរជាតិ អាយ​ស៊ី​ស៊ី​អង្គរ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅក្នុង​ខែធ្នូ​ខាងមុខនេះ៕





© រក្សាសិទ្ធិដោយ thmeythmey.com