ជាតិ
សង្គមជាតិ
បារាយណ៍ទឹកថ្លា​គោក​ដោយ​ការបង្ហូរ​ទឹក​ចេញ​ដើម្បី​ជួសជុល​ប្រាសាទ
06, Jun 2015 , 12:35 pm        
រូបភាព
រូបភាពបារាយណ៍ទឹកថ្លា ឫបារាយណ៍ខាងលិចនារដូវប្រាំង
រូបភាពបារាយណ៍ទឹកថ្លា ឫបារាយណ៍ខាងលិចនារដូវប្រាំង
សៀមរាប៖ មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទឹក​នៅក្នុង​បារាយណ៍ទឹកថ្លា​គោក​គ្មាន​ទឹក​នោះ គឺ​បណ្តាលមកពី​ការបង្ហូរ​ទឹក​ចេញ។ ការបង្ហូរ​ទឹក​ចេញ​នេះ ក៏​ដោយសារ​ក្រុមការងារ​ជួសជុល​ប្រាសាទ​នៃ​អាជ្ញាធរ​អប្សរា កំពុងដំណើរការ​ជួស​ជុល​ប្រាសាទមេបុណ្យខាងលិច នៅ​ស្ថិតនៅ​ចំ​កណ្តាល​នៃ​បារាយណ៍ទឹកថ្លា។


អគ្គនាយករង​អាជ្ញាធរ​អប្សរា ទទួលបន្ទុក​ផែ្ន​ក​ធនធានទឹក បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមការងារ​របស់លោក កំពុង​ចាប់ផ្តើម​ដំណើរការ​ជួសជុល​ប្រាសាទ​មេបុណ្យ។ លោក ហង្ស ពៅ បាន​បន្ថែមថា អាជ្ញាធរ​អប្សរា​បានសម្រេច​បង្ហូរទឹក​ក្នុង​បារាយណ៍​ចេញ ដើម្បី​ងាយស្រួល​ដឹក​គ្រឿង និង​សម្ភារ​ជួសជុល​ប្រាសាទមេបុណ្យខាងលិច ហើយ​គម្រោង​នេះ​នឹង​បញ្ចប់​ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ហង្ស ពៅ មិនបាន​បញ្ជាក់​លម្អិត​ពី​ដំណើរការ​ជួសជុល​ប្រាសាទមេបុណ្យខាងលិច​ទេ តែ​លោក​អះអាងថា ទឹក​ក្នុង​ប្រាសាទ​នឹងមាន​ជាធម្មតា​វិញ​នៅ​ឆ្នាំ ក្រោយពេល​ជួសជុល​ប្រាសាទ​រួច។ ចំពោះ​គម្រោង​បន្ទាប់ គឺថា​អាជ្ញាធរ​អប្សរា បានអនុញ្ញាត​ឲ្យ​យក​ទឹក​ក្នុង​បារាយណ៍ ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ខេត្តសៀមរាប​ទាំងមូល។ ការបូមទឹក​ពីក្រោម​ដី​ត្រូវបាន​ហាមឃាត់ ដោយសារ​ខ្លាច​ប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ។

គួរ​បញ្ជាក់ថា ភ្ញៀវ​ចាប់ផ្តើម​ស្ងាត់ គួបផ្សំ​ខែ​ធ្លាក់​ភ្ញៀវ​នេះ ធ្វើ​ឲ្យ​បារាយណ៍ទឹកថ្លា ប្រែ​ពី​ភាព​អ៊ូអរ​មកពី​ភាពស្ងប់ស្ងាត់។ ធ្លាប់តែ​សម្បូរ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចុះ​ងូតទឹក​លេង​នៅពេល​ល្ងាច​នោះ បារាយណ៍ទឹកថ្លា ប្រែជា​គោក និង​អាច​ដើរ​ឆ្លងកាត់​បាន​យ៉ាង​ងាយស្រួល​បំផុត៕


© រក្សាសិទ្ធិដោយ thmeythmey.com