ជាតិ
សង្គមជាតិ
អង្គរវត្ត​ជាប់​ជា​គោលដៅ​ទេសចរណ៍​លេចធ្លោជាងគេ​នៅលើ​ពិភពលោក
06, Jun 2015 , 3:27 pm        
រូបភាព
សៀមរាប៖ ថ្មីៗនេះ គេហទំព័រ​ដ៏​ល្បីល្បាញ​មួយ​របស់​ពិភពលោក គឺ Trip Advisor បានធ្វើការ​បោះឆ្នោត​តាមរយៈ​គេហទំព័រ​របស់ខ្លួន ដោយ​ក្នុងនោះ ប្រាសាទអង្គរវត្ត​រប​ស់​កម្ពុជា ឈ្នះ​លេខ​មួយ ជាប់​ពី​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក World’s Number 1 Landmark ដោយបាន​ទម្លាក់​ដំណែង​ប្រាសាទ Machu Picchu របស់​ប្រទេស​ប៉េ​រូ​ជាប់​លេខ២ និង​ប្រាសាទ Taj Mahal ដ៏​ល្បីល្បាញ​របស់​ប្រទេស​ឥណ្ឌា​ទៅ​លេខ៣ ។


ជា​រៀងរាល់ថ្ងៃ គេហទំព័រ​ទេសចរណ៍​ដី​ល្បីល្បាញ​ក្នុង​ពិភពលោក Trip Advisor មាន​អ្នក​ចូល​ទស្សនា​រាប់ម៉ឺន​នាក់។ ហើយថ្មីៗនេះ Trip Advisor បានផ្តល់​ចំណាត់ថ្នាក់​ល្អ​បំផុត​ដល់​ប្រាសាទអង្គរវត្ត ដែល​លេចធ្លោ​ជាងគេ។ កាលពី​ខែ​មិនា​កន្លងទៅ វេ​ប​សាយ Trip Advisor ក៏បានផ្តល់​ចំណាត់ថ្នាក់​ដល់​ខេត្តសៀមរាប ដែល​ជាប់​ជា​គោលដៅ​ទេសចរណ៍​លេខ​មួយ​នៅ​អាស៊ី និង​លេខ​ពីរ​នៅលើ​ពិភព តាមរយៈ​ការបោះឆ្នោត​ក្នុង​វេ​ប​សាយ​របស់ខ្លួន។ តំណាង Trip Advisor ដែល​បាន​ចុះ​ប្រគល់​ពានរង្វាន់​ដល់​ខេត្តសៀមរាប រំពឹងថា នៅ​ឆ្នាំក្រោយ​ខេត្តសៀមរាប ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ​នៅលើ​ពិភពលោក ព្រោះថា ខេត្តសៀមរាប ស័ក្តិសម​នឹង​ទទួលបាន។

ប្រជាពលរដ្ឋ​ជាច្រើន​បាន​សាទរ​ចំពោះ​ការផ្តល់​ចំណាត់ថ្នាក់​នេះ។ យ៉ាងណាមិញ មានមតិ​ខ្លះ​ក៏បាន​សម្តែង​ការបារម្ភ​ចំពោះ​ប្រាសាទអង្គរវត្ត​ផង ព្រោះថា ដោយសារ​កត្តា​ធម្មជាតិ គួបផ្សំ​នឹង​ក​តា្ត​មនុស្ស ប្រាសាទ​មួយ​នេះ​បាន​រង​ការខូចខាត​ជាច្រើន ដោយ​ក្នុងនោះ​ដូច​ជាការ​ពុកផុយ​នៃ​ថ្ម​ប្រាសាទ​ជាដើម៕

សម្រាប់​ព័ត៌មាន​បន្ថែម​ចំពោះ​ការផ្តល់​ចំណាត់ថ្នាក់​នេះ សូម​ចូលទៅ​កាត់​វេ​ប​សាយ http://www.tripadvisor.com/TravelersChoice-Landmarks


© រក្សាសិទ្ធិដោយ thmeythmey.com