ជាតិ
សង្គមជាតិ
រដ្ឋាភិបាល និង​វិស័យ​ឯកជន​ទាមទារ​ឲ្យ​ឥណ្ឌា​បញ្ឈប់​ការសង់​ប្រាសាទ​ចម្លង​ពី​អង្គរវត្ត
07, Jun 2015 , 10:32 am        
រូបភាព
ប្លង់ប្រាសាទអង្គរវត្ត ដែលឥណ្ឌាចង់សាងសង់
ប្លង់ប្រាសាទអង្គរវត្ត ដែលឥណ្ឌាចង់សាងសង់
នៅ​ថ្ងៃទី៦ មិថុនា​ម្សិលមិញ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ផ្ញើ​កំណត់​ទូត​មួយ​ទៅកាន់​ក្រសួងការបរទេស​ឥណ្ឌា ដោយ​ស្នើ​ឲ្យ​ស្ថាប័ន​នេះ ចាត់ការ​ទៅ​ក្រុមហ៊ុន​មួយ​របស់​ឥណ្ឌា ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ប្រាសាទអង្គរវត្ត ដែល​ចម្លង​រចនាបថ​ទាំងស្រុង​ពី​ប្រាសាទអង្គរវត្ត​កម្ពុជា។ ក្រៅពី​រដ្ឋាភិបាល វិស័យ​ឯក ដូចជា​ទីភ្នាក់ងារ​ទេសចរណ៍ និង​មគ្គុទ្ទេសក៍​ជាដើម បាន​យល់ស្រប​ចំពោះ​ចំណាត់ការ​នេះ និង​ថា​រដ្ឋាភិបាល​គួរ​មាន​វិធានការ​ឲ្យ​លឿន​ជាង​នេះ​បន្តិច។




ខ្លឹមសារ​ក្នុង​កំណត់​ទូត​ដដែល​បានសរសេរថា ការសង់​ប្រាសាទ​ដោយ​ចម្លង​តាម​ប្រាសាទអង្គរវត្ត​នោះ គឺ​ក្នុង​បំណង​ផលប្រយោជន៍​ពាណិជ្ជកម្ម និង​បង្ហាញ​ពី​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ ដល់​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក។ ក្រសួងការបរទេស​ក​ម្ពុ​ជា ទាមទារ​ឲ្យ​ក្រសួងការបរទេស​ឥណ្ឌា អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន MAHAVIR MANDIR TRUST បញ្ឈប់​ការសាងសង់​ប្រាសាទ អ្វី​ដែលជា​របស់​ខ្មែរ ជាក់ស្តែង​ប្រាសាទអង្គរវត្ត គឺជា​និមិត្តរូប​ដ៏​សំខាន់​ក្នុង​ទង់ជាតិ​កម្ពុជា​ជាច្រើន​សតវត្ស​មកហើយ​នោះ។

ប្រធាន​សមាគមទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក៏បាន​អបអរសាទរ​ចំពោះ​ចំណាត់ការ​រដ្ឋាភិបាល​នេះដែរ។ យ៉ាងណា​លោក អាង គឹម​អៀង យល់ថា ចំណាត់ការ​នេះ​មាន​ភាពយឺតយ៉ាវ​បន្តិច គួរណា​ជំទាស់​តាំង​ពីមុន​ចាប់ផ្តើម​សាងសង់​មក​ម្លេះ។ លោក គឹម​អៀង បន្ថែមថា៖« ក្នុងនាម​ខ្ញុំ​ជា​ម្ចាស់​អង្គរ​មួយរូប ខ្ញុំ​មិន​គាំទ្រ​ឲ្យ​មានការ​សង់​ប្រាសាទ​ចម្លង​ពី​អង្គរវត្ត​ទេ។ ប្រសិន​ការចម្លង​មាន​ទ្រង់ទ្រាយតូចៗ ខ្ញុំ​មិន​យល់​ទាស់​ទេ តែ​នេះ​ធំ​ស្កឹមស្កៃ​ពេក»។

ប្រធានសមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​អង្គការ​យូ​ណេ​ស្គូ ជួយ​ទប់ស្កាត់​ការលួចចម្លង​នេះ​ឲ្យ​បាន​ឆាប់រហ័ស បើ​មិន​ដូច្នោះ​ទេ សេដ្ឋកិច្ច និង​វប្បធម៌​កម្ពុជា នឹងរង​ការប៉ះពាល់។ ប្រសិនបើ​ឥណ្ឌា​ពិតជា​កសាង​ប្រាសាទអង្គរវត្ត​បាន​ពិតប្រាកដ​មែន នោះ​ទេសចរ​នឹង​បែង​ចែកជា​ពីរ ទីមួយ​គឺ​អ្នក​ដែល​ចង់ទៅ​ឃើញ​របស់​ពិត និង​ទី​ពីរ គឺ​ចង់ឃើញ​របស់​ថ្មី។ របស់​ថ្មី​ដែល​អាចមាន​ការសាងសង់​ទំនើប​ជាង។ «ធម្មតា​របស់​ចាស់ វា​មានតម្លៃ​ជាង​របស់​ថ្មី តែ​អ្វីដែល​ថ្មី វា​ក៏មាន​អាយុ​វែង​ជា​របស់​ចាស់​ដែរ»។ នេះ​បើតាម​ការយល់ឃើញ​រប​ស់លោក អាង គឹម​អៀង។

ដោយឡែក​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ លោក ប៉ឹ​ក ថុល ក៏​យល់ថា ការចម្លង​ស្នាដៃ​អង្គរវត្ត​ពី​សំណាក់​ឥណ្ឌា ជា​រឿង​មួយ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​ដែរ។ ក្រៅពី​ទាញ​ទម្លាក់​ចំនួន​ភ្ញៀវទេសចរ​ហើយ​នោះ ប្រទេស​ឥណ្ឌា​ក៏​អាច​លួច​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​យ៉ាង​ងាយស្រួល​ដែរ ដើម្បី​បំភ្លៃ​ប្រាប់​ភ្ញៀវទេសចរ​របស់ខ្លួន។ លោក ថុល បាន​ទ​ទួ​ច​យ៉ាង​មុតមាំ​ទៅ​រដ្ឋាភិបាល ធ្វើយ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​ចំពោះ​បំណង​របស់​ឥណ្ឌា ដែល​ចង់​សង់​ប្រាសាទ​ចម្លង​តាម​អង្គរវត្ត ដែលជា​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ពី​ដើម​នោះ។

គួររម្លឹកថា ព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា ឥណ្ឌា​កំពុង​ដំណើរ​សាងសង់​ប្រាសាទអង្គរវត្ត ដោយ​យក​គំរូ​តាម​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ។ ការសាងសង់ គឺ​នៅលើ​ផ្ទៃដី​ប្រមាណ ២០០ហិកតា ដោយ​គ្រោង​ចំណាយ​ថវិកា​ចំនួន ៧៨លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ឥណ្ឌា​គឺជា​ប្រទេសមួយ ដែល​វិនិយោគ​លើ​ការជួយ​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្នុងនោះ​មាន​ប្រាសាទអង្គរវត្ត ហើយ​បច្ចុប្បន្ន ប្រទេស​នេះ​កំពុងដំណើរការ​ជួសជុល​នៅ​បរិវេណ​ប្រាសាទតាព្រហ្ម។ តើ​អាចនិយាយបាន​ទេ​ថា ឥណ្ឌា​មានគំនិត​ចម្លង​ស្នាដៃ​អង្គរវត្ត មុននឹង​ខ្លួន​ចូលខ្លួន​វិនិយោគ​ជួយ​ជួសជុល​ប្រាសាទ​របស់​ខ្មែរ?








© រក្សាសិទ្ធិដោយ thmeythmey.com