ជាតិ
កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីស្តីពីឧក្រិដ្ឋកម្មឆ្លងដែនចាប់ផ្តើមនៅថ្ងៃនេះ 08, Jun 2015 , 8:35 am
× ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែមិថុនានេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន និងអង្គប្រជុំពាក់ព័ន្ធមួយចំនួន។ ប្រតិភូបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូសន្ទនាចំនួន១០ ព្រមទាំងអង្គការអន្តរជាតិពាក់ព័ន្ធមួយចំនួន ក៏នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំរយៈពេល៤ថ្ងៃនេះផងដែរ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងធ្វើអធិបតីភាព នៅក្នុងការបើកកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន និងអង្គប្រជុំពាក់ព័ន្ធមួយចំនួន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៥នេះ នៅក្នុងខេត្តសៀមរាប។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ឧត្តម មន្ត្រីអាស៊ានលើកទី១៥ និងកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីពាក់ព័ន្ធមួយចំនួន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន គណៈប្រតិភូ មកពីបណ្តាប្រទេសអាស៊ានទាំង១០ ក៏នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំរយៈពេល៤ថ្ងៃនេះដែរ ហើយនៅមានប្រទេសដៃគូសន្ទនាចំនួន១០ទៀត រួមមាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី កាណាដា សហភាពអឺរុប ឥណ្ឌា នូវែលហ្សឺឡង់ រុស្សី និងសហរដ្ឋអាមេរិក។ ក្រៅពីប្រតិភូបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូសន្ទនាទាំង២០ អង្គការអន្តរជាតិ ដូចជាUNODC INTERPOL AAPTIP ACWC ក៏នឹងជួបប្រជុំ និងសន្ទនាប្រចាំឆ្នាំផងដែរ។
កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន និងអង្គប្រជុំពាក់ព័ន្ធនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលសន្តិសុខពិភពលោក ដើម្បីចង្អុលបញ្ជាក់ការប្រឈម និងគ្រោះថ្នាក់នៃឧក្រិដ្ឋកម្មឆ្លងដែន ដូចជាអំពើភេរវកម្ម ការជួញដូរមនុស្ស ការលាងលុយកខ្វក់ ការរត់ពន្ធគ្រឿងញៀន រត់ពន្ធអាវុធ ឧក្រិដ្ឋកម្មសេដ្ឋកិច្ច ការប្លន់តាមលំហសមុទ្រ និងឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាជាដើម។ អង្គប្រជុំ ក៏នឹងអនុម័តលើយន្តការនានា និងផែនការការងារមួយចំនួន ដើម្បីដាក់ទោសទណ្ឌក្នុងកំរិតតំបន់ និងកំរិតពិភពលោក ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន៕
© រក្សាសិទ្ធិដោយ thmeythmey.com