ជាតិ
សង្គមជាតិ
កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ឧត្ដមមន្ត្រី​អប់រំ​តំបន់​អាស៊ីអាគ្នេយ៍​លើក​ទី៥
08, Jun 2015 , 9:49 am        
រូបភាព

ចាប់ពី​ថ្ងៃទី១១ដល់​ថ្ងៃទី១២ខែមិថុនា​ខាងមុខ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ឧត្ដមមន្ត្រី​អប់រំ ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍​លើក​ទី៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្តសៀមរាប។ «ក្របខ័ណ្ឌ​ធានា​គុណភាព​សម្រាប់​ការអប់រំ​ជា​មូលដ្ឋាន» គឺជា​ប្រធានបទ នៃ​កិច្ចប្រជុំ​ឧត្ដមមន្ត្រី​អប់រំ​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍​លើក​ទី៥នេះ។


លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នឹង​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​កិច្ចប្រជុំ ឧត្ដមមន្ត្រី​អប់រំ​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍​លើក​ទី៥ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១១ដល់​ថ្ងៃទី១២ ខែមិថុនា នៅ​សណ្ឋាគារ Angkor Paradise ខេត្តសៀមរាប។ «ក្របខ័ណ្ឌ​ធានា​គុណភាព​សម្រាប់​ការអប់រំ​ជា​មូលដ្ឋាន» គឺជា​ប្រធានបទ នៃ​កិច្ចប្រជុំ​រយៈពេល២ថ្ងៃនេះ។

យោងតាម​សេចក្តី ជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កិច្ចប្រជុំ​នេះ នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រធាន​លេខាធិការ​ដ្ខា​ន Southeast Asia Minters of Education Organization (SEAMEO) និង​គណៈប្រតិភូ​ឧត្ដមមន្ត្រី​អប់រំ​មកពី​បណ្ដា​ប្រទេស​ជា​សមាជិក SEAMEO ដែលមាន​ដូចជា ប្រទេស​ព្រុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ ទី​ម័​រ​ខាងកើត វៀតណាម និង​ប្រទេស​ដៃគូ​សមាជិក​SEAMEO។

កិច្ចប្រជុំ​នេះ មាន​គោលបំណង​ពិនិត្យ​ទៅលើ​បញ្ហា​អប់រំ​ក្នុង​តំបន់ ដូចជា​ការធានា​គុណភាព​អប់រំ​របស់​សិស្ស ប្រកបដោយ​សមត្ថភាព​ពេញលេញ និង​ជំនាញ​វិជ្ជាជីវៈ ការកំណត់​កម្មវិធីសិក្សា​ពី​ថ្នាក់មូលដ្ឋាន​ដល់​ឧត្ដមសិក្សា​ប្រកបដោយ​គុណភាព​ស្របតាម​ស្តង់ដារ​អាស៊ាន ការទទួលបាន​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​របស់​កុមារគ្រប់ៗរូប និង​ការពង្រឹង​គុណភាព សមត្ថភាព​គ្រូបង្រៀន ដែល​ត្រូវបាន​ចាត់ទុកជា​បញ្ហា​ចម្បង​ក្នុងការ​ពង្រឹងគុណភាព​ក្នុង​វិស័យ​អប់រំ។

កិច្ចប្រជុំ​ក៏​នឹង​ពិភាក្សា​លើ​ការលើក​ទិសដៅ និង​ផែនការ​សកម្មភាព​មួយចំនួន ដើម្បី​ធានា​ឱ្យបាន​នូវ​គុណភាព​នៃ​ការសិក្សា​របស់​សិស្ស និង​គុណភាព​នៃ​ការបង្រៀន​របស់​គ្រូ​តាមរយៈ​ការអនុវត្ត​កម្ម វិធី​សិក្សា ការគ្រប់គ្រង​ការអប់រំ​ច្បាប់​នៃ​ការអប់រំ និង​ការពិនិត្យ​តាមដាន​គុណភាព​អប់រំ​សំដៅ​ឆ្ពោះទៅរក​ការសម្រេច​គោលដៅ​អភិវឌ្ឍ សហស្សវត្ស ការអប់រំ​សម្រាប់​ទាំងអស់គ្នា និង​ផែនការ​សកម្មភាព​អប់រំ​ក្រោយ​ឆ្នាំ២០១៥ ៕


© រក្សាសិទ្ធិដោយ thmeythmey.com