កីឡាជាតិ
ជាតិ
ប៉េតង់៖ ថោង ឈឿន និង អ៊ុន ស្រីយ៉ា បាន​មេដាយ​ប្រាក់ម្នាក់​មួយ
08, Jun 2015 , 9:58 am        
រូបភាព
កីឡាករ ថោង ឈឿន និងកីឡាការិនី អ៊ុន ស្រីយ៉ា
កីឡាករ ថោង ឈឿន និងកីឡាការិនី អ៊ុន ស្រីយ៉ា
ដោយ: រួបរួម
កីឡាការិនី អ៊ុន ស្រី​យ៉ា បាន​ប្រកួតចាញ់​កីឡាការិនី​ថៃ FUEANGSANIT Nantawan ក្នុងលទ្ធផល ៨ ទល់​នឹង​១៣ ស្របពេល​ដែល​កីឡាករ​ប៉េតង់ ថោង ឈឿន បាន​មេដាយ​ប្រាក់ផង​ដែរ ក្រោយ​ចាញ់កីឡាករ​ម៉ាឡេស៊ី MAT DAUD Muhd Hafizuddin ៦ទល់នឹង​១៣ នាជំនួប​​វគ្គ​ផ្តាច់ព្រ័ត្រ​វិញ្ញាសា​ឯកត្តជន នៅ​ទីលាន Padang នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី៨ ខែមិថុនា នេះ។


នា​វគ្គ​ជម្រុះ អ៊ុន ស្រី​យ៉ា ជាប់​ចំណាត់ថ្នាក់​លេខ២ដោយ​ឈ្នះ​ឡាវ ១០-៧ ឈ្នះ​មី​យ៉ាន់​ម៉ារ ១៣-៩ ឈ្នះ​វៀតណាម ១៣-៤ ឈ្នះ​សឹង្ហ​បុរី ១៣-១០ ឈ្នះ​ម៉ាឡេស៊ី ១៣-៣ ឈ្នះ​ឥណ្ឌូនេស៊ី ១៣-៥ តែ​ចាញ់​ថៃ ១៣-៤ ចាញ់​ហ្វីលីពីន ១៣-៩ ។ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ អ៊ុន ស្រី​យ៉ា បាន​យកឈ្នះ​កីឡាការិនី​ឡាវ Thepphankan Bolivak ១៣-៥ ។

មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​ឯកត្តជន​ផ្នែក​នារី បាន​ទៅលើ​កីឡាការិនី​ឡាវ Thepphankan Bolivak និង​កីឡាការិនី​មី​យ៉ាន់​ម៉ារ Thet Khin Cherry។

សម្រាប់​វិញ្ញាសា​ឯកត្តជន​ផ្នែក​បុរស នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល ថោង ឈឿន ស្ថិតនៅ ចំណាត់ថ្នាក់​លេខ៤ ដោយ​លេង​ឈ្នះ​ហ្វីលីពីន ១៣-៦ ឈ្នះ​វៀតណាម ១៣-១០ ឈ្នះ​ថៃ ១៣-១១ ឈ្នះ​សឹង្ហ​បុរី ១៣-១២  ឈ្នះ​មី​យ៉ាន់​ម៉ារ ១៣-១០ ឈ្នះ​ប្រ៊ុយណេ ១៣-៧ តែ​ចាញ់​ឥណ្ឌូនេស៊ី ១៣-១២ ចាញ់ ឡាវ ១៣-៩  និង​ចាញ់​ម៉ាឡេស៊ី ១៣-១២ ។ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ថោង ឈឿន បាន​យកឈ្នះ​កីឡាករ​វៀតណាម Ngo Ron ១៣-៦ ។

មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​ឯកត្តជន​ផ្នែក​បុរស បាន​ទៅលើ​កីឡាករ​ឡាវ Keokannika Phoudthala និង​កីឡាករ​វៀតណាម Ngo Ron៕





© រក្សាសិទ្ធិដោយ thmeythmey.com