ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជា ប៉ូច ថា​លិខិត​សុំ​ដក​លោក​ចេញពី​ប្រធាន​ក្រុមការងារ​CNRP ជាលិខិតអនាមិក
08, Jun 2015 , 10:40 am        
រូបភាព
លោក ជា ប៉ូច នៅខាងឆ្វេងដៃ
លោក ជា ប៉ូច នៅខាងឆ្វេងដៃ
ភ្នំពេញ: លោក ជា ប៉ូច ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្តកំពត បដិសេធ​ចំពោះ​លិខិត​ដែល​ស្នើសុំ​ដក​រូបលោក​ចេញពី​ប្រធាន​ក្រុម​ខេត្តកំពត​នេះ​ថា ជា​លិខិត​អនាមិក​ដែល​មិនអាច​ចាត់ទុកជា​ផ្លូវការ​នោះទេ។


ប្រធាន​ក្រុមការងារ​បក្ស​សង្គ្រោះ​ជាតិ​ខេត្តកំពត ដែលមាន​សកម្មជន​ប​ក្ស​ដាក់​លិខិតស្នើ​ទៅកាន់​ថ្នាក់ដឹកនាំ​គណបក្ស​សុំ​ដក​រូបលោក​ចេញ​នោះ បាន​បញ្ជាក់ថា លិខិត​នោះ​គឺ​មិនមាន​ការសម្រេច​ណាមួយ​ពី​ថ្នាក់ដឹកនាំ​ឡើយ ដោយសារតែ​លិខិត​មិនមាន​អ្នក​ហ៊ាន​ចេញមុខ​អះអាង និង​បញ្ជាក់​ពី​អត្តសញ្ញាណ​ខ្លួន។ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ថ្ងៃ​ចន្ទ​នេះ លោក ជា ប៉ូច បានបញ្ជាក់​យ៉ាងខ្លី​ដូច្នេះ​ថា៖«ខ្ញុំ​សូម​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ចំពោះ​លិខិត​នោះ ព្រោះ​វា​ជា​លិខិត​អនាមិក អត់​បានការ​ទេ ដែលមាន​ជន​មិន​ស្គាល់មុខ​ដាក់​មក​គណបក្ស ហើយ​មិនមាន​ការសម្រេច​ឡើយ»។

នៅក្នុង​លិខិត​ដែល​លោក ជា ប៉ូច ចាត់ទុកជា​អត់​បានការ​នោះ បានដាក់​ទៅ​លោក សម រង្ស៊ី និង​លោក កឹម​សុខា ដោយ​បញ្ជាក់ថា ការដឹកនាំ​របស់លោក ជា ប៉ូច មាន​ភាព​ផ្តាច់ការ អសីលធម៌ បក្ខពួកនិយម ចរិត​កោងកាច ជេរប្រមាថ​សកម្មជន​ថ្នាក់មូលដ្ឋាន មិន​ថា​ចាស់​មិន​ថា​ក្មេង ដែល​ទង្វើ​ទាំងអស់នេះ ប្រាស់ចាក​នូវ​ក្រមសីលធម៌​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំងស្រុង។ ហើយ​កត្តា​ទាំងអស់នេះ អាច​ជំរុញ​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​បក្ស​ជាក់​ជាមិនខាន ប្រសិនបើ​លោក​ប្រធាន និង​លោក​អនុប្រធាន​ទុក្ខ​ឲ្យ​លោក ជា ប៉ូច បន្ត​ដឹកនាំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តកំពត​បន្តទៀត  ពីព្រោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​នៅលើ​ទឹកដី​ខេត្តកំពត មិនអាច​ទទួលយក​អ្នកដឹកនាំ ដែល​តាំងខ្លួន​ជា​អធិរាជ​ផ្តាច់ការឡើយ។

នៅក្នុង​លិខិត​ដដែល​ក៏​ស្នើ​ចំនួន ២ចំណុច​ដល់​លោក​សម រង្ស៊ី និង​លោក​កឹម​សុខា គឺ ទី១ ស្នើ​ដក​លោក ជា ប៉ូច ជាបន្ទាន់ និងទី២ ស្នើសុំ​ឲ្យ​សើរើ​សមាសភាព​ថ្នាក់ដឹកនាំ​ខេត្ត និង​ស្រុក​ឡើងវិញ ចៀសវាង​មាន​ហានិភ័យ​ដល់​គណបក្ស៕

 


© រក្សាសិទ្ធិដោយ thmeythmey.com