ជាតិ
វគ្គ​បញ្ជ្រាប​ការប្រឆាំង​អំពើពុករលួយ ធ្វើ​ទៅដោយ​រលូន​ក្នុង​វិទ្យាល័យ ត្បែង
08, Jun 2015 , 3:48 pm        
រូបភាព
ដោយ:
កំពង់ធំ៖ នៅក្នុង​ឆ្នាំ​សិក្សា២០១៤-២០១៥នេះ ក្រសួង​អប់រំ​បាន​បញ្ចូល​កម្មវិធី​បញ្ជ្រាប​ការយល់ដឹង​ពីបញ្ហា​ពុករលួយ​តាម​វិទ្យា​នានា​ទូទាំងប្រទេស។ ដោយឡែក​វិទ្យាល័យ ហ៊ុន សែន ត្បែង បានផ្សព្វផ្សាយ​ពី​ការប្រឆាំង​អំពើពុករលួយ​ទៅ​សិស្សានុសិស្ស​ខ្លួន​ដោយ​រលូន ស្របទៅតាមគោលការណ៍​របស់​ក្រសួង​អប់រំ។

   
តាម​ការកំណត់​របស់​ក្រសួង កម្មវិធី​ថ្មី​ដែល​បញ្ចូល​មេរៀន​អំពើពុករលួយ ត្រូវ​បង្រៀន​ដោយ​អ្នក លោកគ្រូ​មាន​ឯកទេស​ក្នុង​មុខវិជ្ជា សីលធម៌-ពលរដ្ឋ។  ម្យ៉ាងទៀត ការបញ្ជ្រាប​នេះដែរ ត្រូវ​បែងចែក ជា​ពីរ​ជំពូក ដែល​ក្នុង​មួយ​ជំពូក​មាន​ពីរ​មេរៀន។ តាម​ការបែងចែក ជំពូក១ ត្រូវ​បង្រៀន ក្នុង​ឆមាស​ទី១ ហើយ​ជំពូក​ទី២ នឹងត្រូវ​បញ្ចប់​ក្នុង​ឆមាស​ទី២ដែរ។
អ្នកគ្រូ ហុង សុ​មិច មានប្រសាសន៍ថា ក្រសួង​អប់រំ​បាន​តម្រូវ​ឲ្យ​មានការ​បង្រៀន​មុខវិជ្ជា​នេះ នៅ​ថ្នាក់​ទី១០ ទី១១ និង​ទី១២ ដោយ​ក្នុង​កម្រិតនីមួយៗត្រូវមាន៤មេរៀនផ្សេងៗគ្នា។

នៅក្នុង​ការបង្រៀន​នេះដែរ អ្នកគ្រូ​សង្កេតឃើញថា សិស្ស​របស់គាត់​អាច​យល់ដឹង​ច្រើន​ពី​អត្ថន័យ ខ្លឹមសារ​មេរៀន ដែល​ធ្វើឱ្យ​ពួកគេ​ដឹង​អ្វី​ជា​អំពើ​ខុសឆ្គង នៅក្នុង​ការប្រព្រឹត្តិ​អំពើពុករលួយ។ អ្នកគ្រូ​ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​មេរៀន​ប្រឆាំងនឹង​អំពើពុករលួយ​នេះ វា​គឺ​ជំហាន​សាកល្បង​ថ្មី១ ដូច្នេះ គឺ​គ្រាន់តែ​ឱ្យ​ពួកគេ​យល់ និង​ដឹង​ពីអ្វី​ជា​អំពើពុករលួយ​តាមរយៈ​រូបភាពផ្សេងៗ ។ តាម​ការបញ្ជាក់​របស់​អ្នកគ្រូ សុ​មិច បើទោះបីជា​អ្នកគ្រូ​បាន​ប្រាប់ថា សាកល្បង​ប្រាប់​សិស្ស​របស់​អ្នកគ្រូ​អំពី​ការ​លាក់​អត្តសញ្ញាណ​នៃ​អ្នករាយការណ៍​ករណី​អំពើពុករលួយ​ក៏ដោយ​នោះ សិស្ស​របស់​អ្នកគ្រូ​បានបង្ហាញ​អំពី​ការរារែក​ក្នុងការ​រាយការណ៍​ករណី​ពុករលួយ ប្រសិនបើ​ពួកគេ​ជួបប្រទះ​ករណី​ពុករលួយ។

ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា សិស្ស​ដែល​បាន​រៀន​មេរៀន​នេះ ពិតជា​បាន​យល់​ហើយ​អំពី​ផលប៉ះពាល់​នៃ​អំពើពុករលួយ​នោះ។ យុវ​សិស្ស​ឈ្មោះ ជាង អ៊ុំ សិស្ស​ថ្នាក់​ទី១១នៃ​វិទ្យាល័យ​ត្បែង​បាន​ប្រាប់​សារព័ត៌មានថ្មីៗ យ៉ាង​ដូច្នេះ​ថា៖«ក្រោយពី​ខ្ញុំ​បាន​រៀន​ចប់ ខ្ញុំ​បាន​យល់ដឹង​ច្បាស់​ពី​អំពើពុករលួយ។ មាន​អំពើពុករលួយ វា​នឹងមាន​អំពើ​អយុត្តិធម៌»។ ប្អូនប្រុស ជាង អ៊ុំ បន្តថា គេ​ត្រូវ​នាំគ្នា​បំបាត់​នូវ​ភាពអយុត្តិធម៌ ដែល​មនុស្សម្នាក់ៗមិន​ចង់បាន។ នៅពេលដែល​អ្នកសារព័ត៌មាន​សួរ​ប្អូនប្រុស ជាង អ៊ុំ ថា​តើ​អំពើពុករលួយ​អាច​កើតឡើង​នៅទីណា​ខ្លះ​នោះ យុវ​សិស្ស​រូបនេះ​ឆ្លើយថា ករណី​ពុករលួយ​អាច​កើត​នៅ​គ្រប់​ទីកន្លែង​ដូចជា​ក្នុង​សាលារៀន ដែល​សិស្ស​សូកប៉ាន់​គ្រូ ដើម្បី​ទទួលបាន​ពិន្ទុ​ច្រើន នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ប៉ូលីស​ផ្តល់​ហេតុផល​ឲ្យ​តែ​អ្នក​ដែល​ផ្តល់​លុយ​សំណូក​ឲ្យ​ខ្លួន​ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com