ជាតិ
បទវិភាគ
លោក ជា ស៊ីម, ជា​អ្នក​រំដោះជាតិ, ជា​អ្នករក្សា​សន្តិភាព និង​ជា​អ្នក​អភិវឌ្ឍន៍​ប្រទេសជាតិ
08, Jun 2015 , 8:00 pm        
រូបភាព
ភ្នំពេញ៖ ក្រោយ​ការដួលរលំ​នៃ​របប​ប៉ុលពត​ឆ្នាំ១៩៧៩ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន៣រូប គឺ​លោក ជា ស៊ីម លោក ហ៊ុន សែន និង​លោក ហេង សំរិន ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅក្នុង​ចំណោម​មហាជន និង​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រជាប្រិយភាព​នៃ​បុគ្គល​ទាំងបី​នេះ បានធ្វើអោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ជ័យ​ជ​ន្នះ​នៅ​រាល់​ការបោះឆ្នោត លើកលែងតែ​ការបោះឆ្នោត​ឆ្នាំ១៩៩៣មួយ​ចេញ។ នៅពេលនេះ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា​បាន​លាចាក​លោក​ហើយ តើ​ការបាត់បង់​លោក ជា ស៊ីម អាច​ប៉ះពាល់​ប្រជាប្រិយភាព​បក្ស​ប្រជាជន​កម្ពុជា​ឬទេ​នាពេល​អនាគត?


ការបាត់បង់​លោក ជា ស៊ីម គឺជា​ការបាត់បង់​អ្នក​តស៊ូ​រំដោះជាតិ​មាតុ​កម្ពុជា​ដ៏​អង់អាច​ក្លាហាន​ម្នាក់។ នៅក្នុង​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ លោក ជា ស៊ីម គឺជា​អ្នក​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ​អោយចេញ​ពីរ​បប​អាវខ្មៅ​ប៉ុលពត​ខ្មែរក្រហម។

គ្មាន​វត្តមាន​លោក ជា ស៊ីម ក្នុងការ​រំដោះជាតិ​នៅ​ឆ្នាំ១៩៧៩ទេ ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ថែមទៀត អាច​ត្រូវបាន​ខ្មែរក្រហម​សម្លាប់ចោល​បន្ថែមទៀត។ និយាយ​អោយ​សាមញ្ញ មានន័យថា លោក ជា ស៊ីម គឺជា​អ្នក​រំដោះជាតិ​អោយចេញ​ពីរ​បប​ប្រល័យពូជសាសន៍​ប៉ុលពត ជា​អ្នករក្សា​សន្តិភាព និង​ជា​អ្នក​អភិវឌ្ឍន៍​ប្រទេសជាតិ​ក្នុង​រយៈពេល៣៥ឆ្នាំ​ចុង​ក្រោយនេះ។ លោក ជា ស៊ីម ក្នុងនាម​ជា​ប្រធាន​គណបក្ស និង​ក្នុងនាម​ជា​ប្រធានព្រឹទ្ធសភា​មិនសូវ​ចេញមុខ​ជា​សាធារណៈ​ដូច​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​លោក ហេង សំរិន មែន។ ប៉ុន្តែ ប្រជាប្រិយភាព​របស់លោក​បាន​ដក់​ជាប់​នៅក្នុង​ក្រអៅបេះដូង​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន។

តើ​ការបាត់បង់​រូបលោក ជា ស៊ីម នៅពេលនេះ​អាច​ប៉ះពាល់​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​កម្ពុជា​ឬទេ? អ្នកវិភាគ​មួយចំនួន​បាន​អត្ថាធិប្បាយ​ថា គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ធនធានមនុស្ស​ច្រើន​ដើម្បី​ដឹកនាំ​គណបក្ស​បន្ត មាន​ទាំង​ធនធានមនុស្ស​វ័យ​ចំណាស់ និង​ធនធានមនុស្ស​វ័យក្មេង។ ដូច្នេះ ការបាត់បង់​រូបលោក ជា ស៊ីម មិនមាន​អ្វី​ប៉ះពាល់​ប្រជាប្រិយភាព​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​អ្នកវិភាគ​មួយចំនួន​ផ្សេងទៀត អត្ថាធិប្បាយ​ថា ការបាត់បង់​ឥស្សរជន​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ ក៏​ជា​ក្តីបារម្ភ​មួយ​ដែរ​សម្រាប់​ប្រជាប្រិយភាព​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នាពេល​អនាគត៕







© រក្សាសិទ្ធិដោយ thmeythmey.com