ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ថ្ងៃទី១៩ ខែមិថុនា ជា​ថ្ងៃ​កាន់ទុក្ខ​ លោក ជា ស៊ីម ជាផ្លូវការ
08, Jun 2015 , 10:19 pm        
រូបភាព
ដោយ: រួបរួម
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​សារាចរ​ណែនាំ​មួយ​នៅ​ថ្ងៃទី៨ ខែមិថុនា នេះ បានប្រកាស​យក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខ ជា​ថ្ងៃ​កាន់ទុក្ខ​ផ្លូវការ សម្រាប់​លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។


ការសម្រេច​កំណត់​ថ្ងៃ​កាន់ទុក្ខ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​លើកឡើងថា លោក ជា ស៊ីម ដែល​បានទទួល​មរណភាព​ក្នុង​អាយុ៨៣ឆ្នាំ កាលពី​រសៀល​ថ្ងៃទី៨ ខែមិថុនា បាន​លះបង់​កម្លាំងកាយ និង​កម្លាំងចិត្ត​ក្នុងការ​តស៊ូរ​រំដោះជាតិ មាតុភូមិ ពិសេស​ការតស៊ូ​រំដោះប្រទេស​ជាតិ​ឲ្យ​ចាក​ផុតពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម។

នៅ​ថ្ងៃ​កាន់ទុក្ខ​នោះ​ផងដែរ រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ រដ្ឋ និង​ឯកជន និង​ពលរដ្ឋ​ទាំងអស់ ត្រូវ​បង្ហូតទង់ជាតិ​ត្រឹម​មួយ​ភាគបី​នៃ​ដងទង់​ចាប់​ពីលើ ហើយ​ការសម្តែង និង​ការចាក់ផ្សាយ​ទស្សនីយភាព​សប្បាយ​ក៏ត្រូវ​ហាមឃាត់​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com